3grow

៣ ​គន្លឹះ​ធ្វើ​ឲ្យ​​ពន្លក​​​​អាជីវកម្ម​​ដុះ​លូតលាស់​​​​ល្អ​​

1978672_611073942308107_836830575_n

« សហគ្រិន​ជោគជ័យ មិន​អនុញ្ញាត​ឲ្យ​គ្រាប់​ពូជ​សហគ្រិន​របស់​ខ្លួន​​ងើប​មិន​រួច​ពី​វាលខ្សាច់​​អាជីវកម្ម​ដ៏​ក្តៅ​ហួតហែង​បាន​ឡើយ។ ផ្ទុយ​ទៅវិញ​​ពួកគេ​​​សម្លឹង​កាន់តែ​ខ្ពស់​មើល​កាន់តែ​ឆ្ងាយ​នៅ​ពេល​ខាងមុខ និង រៀបចំ​គម្រោង​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ។ លើស​ពី​នេះ​ទៅ​ទៀត សហគ្រិន​ដែល​ជោគជ័យ​ក៏​ជា​មនុស្ស​​ដែល​ចូលចិត្ត​ឆ្លៀត​ឱកាស​ចាប់​យក​ឱកាស​នានា​​ និង ប្រឈមមុខ​ឧបសគ្គ​​ចំពោះ​មុខ​ដោយ​មិន​ងាករេ»។ ​​​​នេះ​ជា​ប្រសាសន៍​របស់​លោក Pete Gilfillan អ្នក​ជំនាញ​ប្រឹក្សា​របស់​ក្រុមហ៊ុន Linkedin។

ភាព​ជា​សហគ្រិន​​​ជោគជ័យ គឺ​ជា​បុគ្គល​ដែល​មាន​ទស្សនវិស័យ ក្តី​ស្រមើស្រមៃ ជា​មួយ​នឹង​មហិច្ឆតា​ខ្ពស់​ក្នុង​ការ រៀបចំ និង ដឹកនាំ​ក្រុមហ៊ុន​មួយ​ពី​បាត​ដៃ​ទទេ​​​ទៅ​កាន់​គោលដៅ​មួយ​ដែល​ខ្លួន​ចង់​បាន​។ នេះ​ហើយ​ជា​អ្វី​ដែល​សហគ្រិន​​ទូទៅ​មិន​ត្រូវ​មើល​រំលង​ចំណុច​៣ ខាងក្រោម​នេះ​ដើម្បី​​ធ្វើ​ឲ្យ​ពន្លក​​គ្រាប់​ពូជ​អាជីវកម្ម​របស់​ខ្លួន​ដុះ​​លាត់​លាស់​​កាន់តែ​ធំ​ធាត់​ឡើង​៖ ​​​

១) សហគ្រិន​ត្រូវ​វិនិយោគ​លើ​មនុស្ស​ឲ្យ​បាន​ច្រើន​
«អ្នក​ដឹកនាំ​ក្រុមហ៊ុន​ដ៏​ល្អ​បាន​​អភិវឌ្ឍ​ខ្លួន​ពី​ចំណុច​ល្អ​មួយ​ទៅ​ចំណុច​ល្អ​ប្រសើរ​បំផុត​មួយ​មិនមែន​ចាប់​ផ្តើម​ពី “ទីន្លែង​ណា” នោះ​ទេ តែ​​វា​ជា​ការ​​ចាប់ផ្តើម​ជា​មួយ “​អ្នកណា​ម្នាក់” ទើប​ជា​​រឿង​ត្រឹមត្រូវ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Jim Collins អ្នក​ជំនួញ និង ជា​អ្នកនិពន្ធ​អាមេរិក​។ លោក​បាន​បន្ត​ទៀត​ថា៖« អ្នក​ដឹកនាំ​ក្រុមហ៊ុន​ត្រូវ​ទាញ​មនុស្ស​ខុស​ចេញ​ពី​ឡាន​ក្រុង ហើយ​ត្រូវ​យក​មនុស្ស​ត្រូវ​ទៅ​​ជិះ​លើ​ឡាន​ក្រុង និង ​ចំ​កៅអី​ល្អ​ទៀត​ផង»។

​​ក្នុង​ន័យ​នេះ អ្នកនិពន្ធ​ខាងលើ​បាន​ពន្យល់​បន្ថែម​ថា ក្នុង​នាម​ជា​សហគ្រិន​ត្រូវ​ផ្តល់​ទំនុកចិត្ត​មួយ​​ដល់​​អ្នក​ដែល​​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ការងារ​​ប្រចាំ​ថ្ងៃ​របស់​ក្រុមហ៊ុន​បាន​យ៉ាង​ល្អ។ យ៉ាងណាមិញ អាជីវកម្ម​​នឹង​បាត់បង់​ឱកាស​លូតលាស់​ទៅ​មុខ​ជា​មិន​ខាន ប្រសិន​បើ​សហគ្រិន​ណា​ម្នាក់​បាន​​មើល​រំលង​ចំណុច​នេះ។

លើស​ពី​នេះ​ទៅ​ទៀត សហគ្រិន​​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​កាន់តែ​ល្អ​ឡើងៗ នៅ​ពេល​ដែល​ខ្លួន​បាន​ជួល​មនុស្ស​​ត្រូវ​ជំនាញ និង ពូកែ​ជាង​ខ្លួន​បាន​កាន់តែ​ច្រើន។ ក្នុង​ន័យ​នេះ​លោក Jim Collins បាន​បញ្ជាក់​ដូច្នេះ​ថា៖ « សូម​ជួល​មនុស្ស​ដែល​ពូកែ​ជាង​អ្នក​មក​ធ្វើ​ការ។ បុគ្គល​នោះ​គឺ​ជា​មនុស្ស​ដែល​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ដើម្បី​ភាព​រីកចម្រើន​​ ជាជាង​អ្នក​ដែល​ចូលចិត្ត​ធ្វើការ​តាម​​ទម្លាប់»។ ​​​​​​

២) គិត​​ពី​ស្ថានភាព​ប្រកួតប្រជែង​ឲ្យ​​បាន​ខ្ពស់​
សម្រាប់​ការ​ប្រកួតប្រជែង​វិញ អ្នកនិពន្ធ និង អ្នក​ជំនួញ​វ័យ៥៦ ឆ្នាំ​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​ថា ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​មិន​ចេះ​រីងស្ងួត​ស្ទើរ​តែ​និយាយ​ថា ដើរ​ក៏​គិត ដេក​ក៏​គិត។ នៅ​ទី​នេះ​អ្វី​ដែល​ជា​ចំណុច​​គួរឲ្យ​យក​ចិត្ត​ទុកដាក់​របស់​សហគ្រិន​គឺ​ថា កម្មវត្ថុ​ចម្បង​របស់​សហគ្រិន​ត្រូវតែ​ធានា​ថា យុទ្ធសាស្ត្រ​របស់​​ក្រុមហ៊ុន​ឲ្យ​មាន​ភាព​ស៊ីចង្វាក់​គ្នា (Relevant)។ វិធីសាស្ត្រ​ដ៏​ល្អ​ដើម្បី​សាកល្បង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គឺ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​យុទ្ធសាស្ត្រ​របស់​ដៃគូ​តែម្តង។
​​​​​
សហគ្រិន​អាច​សម្រេច​បាន​មហិច្ឆតា​នេះ​​ដោយ​​ត្រូវ​ឈរ​ឲ្យ​ជិត​កៀកកើយ​ដៃគូ​ប្រកួត​ដើម្បី​ពិនិត្យ​ទៅ​លើ​ផលិតផល សេវាកម្ម មធ្យោបាយ​ផ្សេងៗ​​ជុំវិញ​​ការ​ធ្វើ​អាជីវកម្ម​នេះ និង ត្រូវ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ល្អិតល្អន់​ជា​ប្រព័ន្ធ​កុំ​ឲ្យ​ដាច់​ឲ្យ​សោះ។ ការ​ផ្លាស់ប្ដូរ​បរិស្ថាន​ការងារ គួរតែ​ជា​ការ​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​ឲ្យ​បាន​សមស្រប​​របស់​សហគ្រិន​នូវ​អ្វី​ដែល​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​កាន់តែ​ល្អ​​ឡើង​ជាជាង​ការ​ដាក់​កំហុស​។
​​​​
៣) ផ្ដោត​​​​លើ​ការងារ​អាទិភាព និង សូចនាករ​លទ្ធផល​ការងារ​​
« ចំណុច​អាទិភាព (អ្វី​ដែល​ត្រូវ​ធ្វើ​ជា​ចាំបាច់) ​ទំនង​ជា​កិច្ចការ​មួយ​ដែល​សហគ្រិន​មួយ​ចំនួន​ធ្វើ​មិន​បាន​គ្រប់​ជ្រុងជ្រោយ»។​ ពួកគេ​ជានិច្ចកាល​បាន​ផ្តោត​ទៅ​លើ​អ្វី​ដែល​​ពួកគេ​ចូលចិត្ត​ធ្វើ ឬ ក៏​អ្វី​ដែល​ងាយ​ស្រួល​​​ធ្វើ​​​នូវ​អ្វី​ដែល​សហគ្រិន​​មួយ​ចំនួន​យល់​ថា​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​បោះជំហាន​ទៅ​មុខ»។ នេះ​ជា​ប្រសាសន៍​របស់​លោក Alan Gleeson អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Palo Alto Software Ltd។

ជាជាង​ការ​ចំណាយ​ពេល​​ដ៏​មាន​តម្លៃ​មួយ​ចំនួន​​​របស់​ខ្លួន​​លើ​កិច្ចការ​ដែល​មិន​ចាំបាច់ សហគ្រិន​គួរតែ​​រៀបចំ​​សូចនាករ​មួយ (Indicator) ដើម្បី​​​ត្រួតពិនិត្យ​​វាស់​ស្ទង់​លើ​កិច្ចការ​ជា​អាទិភាព​សម្រាប់​ធ្វើ​ជា​មូលដ្ឋានគ្រឹះ​ការងារ​ប្រចាំ​ថ្ងៃ។ កិច្ចការ​នោះ​ គួរតែ​ផ្តល់​សហគ្រិន​នូវ​ព័ត៌មាន​គ្រប់គ្រាន់​ពី​គោលដៅ​របស់​ស្ថាប័ន​របស់​ខ្លួន​ថា ​តើ​​ខ្លួន​ពិត​ជា​អាច​សម្រេច​បាន​គោលដៅ​នោះ​ឬ យ៉ាងណា។

រង្វាស់​នេះ ឬ សូចនាករ​​​លទ្ធផល​​​ការងារ​​ (Key Performance Indicators-KPIs) ត្រូវ​មាន​បញ្ជាក់​ជូន​នូវ​ព័ត៌មាន​​គ្រប់​ចំណុច​ៗ​សម្រាប់​សហគ្រិន​​ដើម្បី​តាមដាន និង គ្រប់គ្រង​ស្ថាប័ន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។ សូចនាករ​នេះ​​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​ទៀត​ដែល​មាន​សារសំខាន់​បំផុត​ដើម្បី​រក​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ​នៃ​​ការ​វិវត្ត​ទៅ​មុខ​នៃ​ការងារ​អាជីវកម្ម។

សម្រាប់​សហគ្រិន ត្រូវតែ​រៀបចំ​​បែងចែក​តួនាទី​ជា​យុទ្ធសាស្ត្រ និង មាន​ទស្សនវិស័យ​ច្បាស់លាស់​​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន​របស់​ខ្លួន។ ហេតុដូច្នេះ​ហើយ​បាន​ជា​សហគ្រិន​ត្រូវ​តែ​វិនិយោគ​ឲ្យ​មាន​​ធនធាន​មនុស្ស​កាន់តែ​ច្រើន​នៅ​ក្នុង​​ក្រុមហ៊ុន ស្ទាបស្ទង់​លើ​គូប្រជែង និង ការ​តាមដាន​ការ​​អនុវត្ត​ការងារ​ជា​អាទិភាព​របស់​ខ្លួន​ជា​ប្រចាំ ​ដើម្បី​ធានា​ថា​ គោលដៅ​អាជីវកម្ម​របស់​ខ្លួន​ពិត​ជា​សម្រេច​​បាន​ជា​ផ្លែផ្កា​ពិត​ប្រាកដ៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.