biz 1

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​​មាន​គន្លឹះ​សំខាន់​​​៣​ ធ្វើ​ឱ្យ​អាជីវកម្ម​ជោគជ័យ​​​​​
​លោក​ ​សោម សម្បតិ្ត ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​​​​​

campant

“គំនិត​​ច្នៃ​ប្រឌិត​ ភាព​ស្មោះត្រង់​ ការ​បត់​បែន​ និង​ផ្លាស់ប្ដូរ​ឲ្យ​ទាន់​សម័យ​កាល”​ ​គឺ​ជា​គន្លឹះ​សំខាន់​ទាំង​បី​ ដែល​លោក​ ​សោម សម្បតិ្ត ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​​​​​លើក​ឡើង​ដើម្បី​ផ្ដល់​ជូន​ជា​ទុន​គំនិត​​​ ដល់​មនុស្ស​គ្រប់រូប​ ដែល​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ប្រកប​ដោយ​ភាព​ជោគជ័យ។

ក្នុង​នាម​លោក​ជា​អ្នក​ដែល​​ប្រឡូក​​ក្នុង​មុខ​ជំនួញ​យូរ​ឆ្នាំ​ ហើយ​ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​​វិធីសាស្ត្រ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ CJCC ​លោក​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់​ៗ​ទាំង​ ៣​ ថា៖

ចំណុច​ទី​១ ​«សូម​កុំ​​យក​លុយ​ជា​ឧបសគ្គ​​! ការ​ធ្វើ​អាជីវកម្ម​សំខាន់​ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​។ មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​មាន​គំនិត​ ប៉ុន្តែ​គំនិត​នោះ​ ត្រូវ​តែ​ជា​គំនិត​ច្នៃប្រឌិត ។ គំនិត​ច្នៃប្រឌិត​គឺ​ជា​គំនិត​​ឆ្នើម ហើយ​គំនិត​ដែល​ឆ្នើម​នោះ ​គឺ​កើត​ចេញ​ពី​ការ​រើស​យក​គំនិត​ល្អ​ៗ រួម​បញ្ចូល​គ្នា​ ​បាន​ទៅ​ជា​គំនិត​ធំ​មួយ។ បន្ទាប់​មក​ ​ត្រូវ​ពុះ​​ជ្រៀក​​ ​បំបែក​គំនិត​ធំ​ទៅ​ជា​គំនិត​មួយ​ដ៏​ល្អ​ស្អាត។ ​ នេះ​ហើយ​គេ​ហៅ​ថា​ ​គំនិត​ច្នៃ​ប្រឌិត»។

ចំណុច​ទី២ ​​«​នៅ​ពេល​ណា​ដែល​មាន​គំនិត​ហើយ​ ត្រូវ​ចាប់​ផ្ដើម​គិត​ថា​ ត្រូវ​រក​ប្រភព​ទុន​មក​ពីណា?​ ប្រភព​ទុន​ដែល​សំខាន់​គឺ​បាន​មក​ពី​ភាព​ស្មោះត្រង់​របស់​មនុស្ស។ ​ភាព​ស្មោះត្រង់​នេះ​ គឺ​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​ទាក់ទង​របស់​យើង​ផ្ទាល់។ នៅ​ពេលណា​ដែល​យើង​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ហើយ​នោះ ​នោះ​យើង​អាច​ទៅ​ទាក់ទង​សុំ​ខ្ចី​លុយ​គេ​បាន​ដោយ​មិន​ចាំ​បាច់​មាន​លុយ​ខ្លួន​ឯង​នោះ​ទេ។ នេះ​គឺ​ជា​ឧទាហរណ៍​ ​​ជាក់ស្ដែង​របស់​ខ្ញុំ ​នៅ​ពេល​ដែល​ខ្ញុំ​បង្កើត​ក្រុមហ៊ុន​ Cam-Paint ​ដំបូង​ គឺ​ខ្ញុំ​មាន​តែ​គំនិត​ធ្វើ​តែ​ប៉ុណ្ណោះ។ ចំពោះ​ក្មេងៗ ​ដែល​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ទៅ​ថ្ងៃ​មុខ​ គឺ​ត្រូវ​តែ​រៀន​ប្រាស្រ័យ​ទាក់ទង​ ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ពី​ក្មេង​ទៅ​ឲ្យ​ហើយ»។

ចំណុច​ទី​៣​ «​គឺ​ការ​ចេះ​បត់បែន​ និង​ផ្លាស់ប្ដូរ​ឲ្យ​ទាន់​សម័យ​កាល។ អាជីវកម្ម​ដែល​មិន​ស្លាប់​ ​គឺ​ជា​អាជីវកម្ម​ដែល​ចេះ​ផ្លាស់ប្ដូរ​ឲ្យ​ទាន់​សម័យកាល។ ឧទាហរណ៍​ ​ការ​ស្លៀក​សំលៀក​បំពាក់។ មនុស្ស​ជា​ច្រើន​តែងតែ​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​ខ្លួន​ឯង​ជា​ញឹកញាប់ ​អ្នក​ខ្លះ​ ​១ ​ខែ​ដូរ​ម្ដង​ ​១ឆ្នាំ​ ដូរ​​​ក៏​មាន​។ ​ចុះ​ប្រសិន​បើ​អ្នក​ប្រើប្រាស់​ប្តូរ​ ប៉ុន្តែ​អ្នក​ផលិត​មិន​ប្តូរ ​តើ​វា​មាន​រឿង​អ្វី​កើត​ឡើង? ​នៅ​ពេល​ណា​ ដែល​យើង​មិន​ចេះ​ផ្លាស់ប្ដូរ​នោះ ​អាជីវកម្ម​របស់​យើង​ និង​មាន​ឱនភាព​ (ធ្លាក់​ចុះ) ​ ហើយ​នឹង​វិល​ទៅ​រក​ការ​ក្ស័យធន​។ ដូច្នេះ​អាជីវកម្ម​​ដែល​រីក​ចម្រើន​ គឺ​ត្រូវ​តែ​ផលិត​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់»។

​តើ​​​​លោក​ ​សោម សម្បតិ្ត​ ​ម្ចាស់​ក្រុមហ៊ុន​​​ថ្នាំ​ពណ៌​ជាតិ​​ Cam-Paint ​ធ្លាប់​ហែល​ឆ្លង​​​​ឧបសគ្គ​យ៉ាង​ណា​ខ្លះ​​ក្នុង​ជីវិត​ទម្រាំ​​លោក​​មាន​ថ្ងៃ​នេះ? ​​​

បច្ចុប្បន្ន​លោក​ ​សោម សម្បត្តិ​ គឺ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ដែល​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពណ៌​នៅ​ក្នុង​ស្រុក​។ ក្រុមហ៊ុន​នេះ​អាច​ដណ្ដើម​បាន​​ចំណែក​​​ទីផ្សារ​ក្នុង​ស្រុក​​ប្រមាណ​​ ១៥% ​ ​​​​​​​ធៀប​នឹង​​​​ផលិតផល​នាំ​ចូល​ និង​ផលិតផល​ថ្នាំ​ពណ៌​ផលិត​ក្នុង​ស្រុក​ដទៃ​​ទៀត។ ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ​​​ដែល​មាន​បុគ្គលិក​បម្រើ​ការងារ​​ដំបូង​តែ​ជាង ១០នាក់​ រហូត​មក​ទល់​នឹង​​ពេល​នេះ​មាន​ជាង​​ ១០០នាក់​។

លោក​ ​សោម ​សម្បត្តិ​ ​ បច្ចុប្បន្ន​ មាន​អាយុ​ ៤១​ឆ្នាំ​ ហើយ​លោក​មាន​ស្រុក​កំណើត​នៅ​ក្នុង​ ​ភូមិ​ព្រៃល្វា​ ស្រុក​ព្រៃ​ ​កប្បាស ​ខេត្ត​តាកែវ។ ​លោក​គឺ​ជា​កូន​កំព្រា​ទាំង​ម្ដាយ​ ​និង​ឪពុក។ លោក​កំព្រា​ឪពុក​នៅ​ពេល​ដែល​មាន​អាយុ ​៦​ ​ឆ្នាំ​ ហើយ​ម្ដាយ​នៅ​ពេល​ដែល​មាន​អាយុ​ជាង​ ២០ឆ្នាំ។ លោក​មិន​បាន​រៀន​ជ្រៅជ្រះ​នោះ​ទេ​ ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ។ លោក​បញ្ចប់​ការ​សិក្សា​ត្រឹម​តែ​ថ្នាក់​ទី ​៦​ ​តែ​ប៉ុណ្ណោះ។​

​​ប៉ុន្តែ​លោក​ក៏​មិន​បញ្ចប់​ការ​សិក្សា​របស់​លោក​តែ​ត្រឹម​ប៉ុណ្ណឹង​ឡើយ​​​​ នៅ​ពេល​ដែល​លោក​ទៅ​រស់​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ បន្ទាប់​ពី​នោះ​​ លោក​ក៏​បាន​ក្លាយ​ជា​​អ្នក​បក​ប្រែ​ ភាសា​ឲ្យ​អ៊ុនតាក់ ​ហើយ​ក៏​ក្លាយ​ជា​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​ផង​ដែរ។ ​
​ឆ្លង​កាត់​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​នេះ​មក ​​លោក​ក៏​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​មាន​ ព្រោះ​លោក​មិន​ចង់​ជួប​នឹង​បញ្ហា​លំបាក​ក្រីក្រ​តទៅ​ទៀត។​

​លោក​ក៏​បាន​យក​អ្វី​ដែល​លោក​បាន​រៀន​ចេះ​ជា​ពេល​កន្លង​មក ​យក​ទៅ​បើក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​នេះ​ឡើង​៕​​

Facebookgoogle_pluslinkedinmailby feather

Comments are closed.