boss1

លក្ខណៈសម្បត្តិ​​ទាំង ៣ បង្ហាញថា អ្នក​ជា​ចៅហ្វាយ​​ដ៏​អស្ចារ្យ!

GM Announces End To Talks With Renault-Nissan
ក្លាយ​ទៅ​ជា​ចៅហ្វាយ​នាយ​របស់​គេ គឺ​ជា​ក្តី​ប្រាថ្នា​ដែល​មនុស្ស​​​មួយ​ចំនួន​ធំ​​​ចង់​បាន ព្រោះ​វា​ជា​តួនាទី​ដ៏​ធំ និង អស្ចារ្យ។ នៅពេល​អ្នក​ក្លាយ​ជា​ចៅហ្វាយនាយ​ហើយ​ មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវធ្វើ ហើយ​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​អ្នក​ត្រូវ​តែ​មាន​ទំនួលខុសត្រូវ​ខ្ពស់​ជាង​មនុស្ស​ដទៃ​ទៀត ជា​ពិសេស​​គឺ​​មុខងារ​​សម្រេច​ចិត្។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិនមែន​ជា​ចៅហ្វាយ​ដ៏​ឆ្លាត​វៃ ​ឬ អស្ចារ្យ​នោះ​ទេ ​បញ្ហា​ជា​ច្រើន​នឹង​កើត​មាន ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ខាតបង់​ធ្ងន់ធ្ងរ។

រឿង​សំខាន់​មួយ​ក្នុង​ចំណោម​រឿង​សំខាន់​ជា​ច្រើន ដែល​ចៅហ្វាយនាយ​ត្រូវ​តែ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ គឺ ធ្វើ​យ៉ាងណា​ឲ្យ​បុគ្គលិក​ក្រោម​ការគ្រប់គ្រង​​របស់​ខ្លួន ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង អស់​ពី​កម្លាំង​កាយ​ចិត្ត។
ដូច្នេះ ដើម្បី​ក្លាយ​ទៅ​ជា​ចៅហ្វាយ​ដ៏​អស្ចារ្យ​ម្នាក់ អ្នក​ត្រូវ​មាន​ចំណុច​ជា​មូលដ្ឋាន​អ្វីខ្លះ?

១) គោរព និង ឲ្យ​តម្លៃ​លើ​បុគ្គលិក​របស់​ខ្លួន
មិនថា ជា​ការងារ​ប្រភេទ​អ្វី​នោះ​ទេ បើ​ទោះ​បី​ជា​អ្នក​ជា​ចៅហ្វាយ​ដែល​មាន​សមត្ថភាព​ខ្ពស់​ប៉ុណ្ណា​ក៏ដោយ អ្នក​ពិត​ជា​មិន​អាច​ធ្វើ​ការងារ​ដោយ​ម្នាក់ឯង​ជោគជ័យ​នោះ​ទេ ព្រោះ​ទាល់​តែ​មាន​ការ​ចូលរួម​​​ការ​ខិតខំ​ប្រឹងប្រែង​​របស់​បុគ្គលិក​ទើប​សម្រេច​បាន។ ដូច្នេះ មិនថា​បុគ្គលិក​របស់​អ្នក​មាន​តំណែង ឬ តួនាទី​ជា​អ្វី​នោះ​ទេ តែ​ត្រូវ​គោរព និង ផ្តល់​តម្លៃ​លើ​ការងារ​របស់​ពួកគេ ព្រោះ​តម្លៃ​របស់​មនុស្ស​មិន​ស្ថិត​លើ​តំណែង​ទេ តែ​គឺ​ជា​លទ្ធផល​នៃ​ការងារ​ទៅវិញ។​ នៅ​ពេល​អ្នក​គោរព ឬ ផ្តល់​តម្លៃ​ដល់​បុគ្គលិក នោះ​អ្នក​ក៏​ទទួល​បាន​ការគោរព​ពី​បុគ្គលិក​​ដូច​គ្នា​ផង​ដែរ។ ក្នុង​ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​បុគ្គលិក​ទាំងអស់​ក្នុង​ក្រុមហ៊ុន ផ្តល់​តម្លៃ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​វា​បង្ហាញ​ថា អ្នក​គឺ​ជា​ចៅហ្វាយនាយ​ដ៏​ឆ្លាតវៃ​ម្នាក់ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ខិតខំ​ធ្វើ​ការងារ និង សហការ​គ្នា​យ៉ាង​ល្អ។

២) ផ្តល់​ការ​ជឿជាក់
ការ​ជឿជាក់​ពិត​ជា​មាន​សារៈសំខាន់ ព្រោះ​មនុស្ស​ពិត​ជា​មិន​អាច​ធ្វើការ​ជា​មួយ​គ្នា​ឡើយ ប្រសិន​បើ​ខ្វះ​ការ​ជឿជាក់។ ក្នុង​នាម​ជា​ចៅហ្វាយ​របស់​គេ អ្នក​មិន​គួរ​បង្ហាញ​ថា អ្នក​មិន​ជឿជាក់​លើ​សមត្ថភាព​របស់​បុគ្គលិក​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ពួកគេ​បាក់​ទឹក​ចិត្ត និង​ មិន​អាច​បញ្ចេញ​សកម្មភាព​ល្អ​ឡើយ។ បុគ្គលិក​នឹង​មាន​អារម្ភ​ថា ខ្លួន​មិន​មាន​តម្លៃ​ទេ ព្រោះ​ខ្វះ​ការ​ជឿជាក់​ពី​ចៅហ្វាយ​នាយ​របស់​ខ្លួន។

ដូច្នេះ អ្នក​ត្រូវ​ទម្លាប់​ផ្តល់​ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​អាច​លើក​ទឹកចិត្ត​ឲ្យ​បុគ្គលិក​គ្រប់​រូប​អាច​លះបង់​គ្រប់​យ៉ាង​ដើម្បី​ការងារ។

៣) ផ្តល់​ការ​គាំទ្រ​ និង ចេះ​អនុគ្រោះ
ជា​រឿង​ធម្មតា​នោះ​ទេ នៅ​ពេល​ធ្វើការងារ​បុគ្គលិក​តែងតែ​ជួប​បញ្ហា​ផ្សេងៗ ដូច្នេះ​ក្នុង​នាម​អ្នក​ជា​ចៅហ្វាយ ត្រូវ​ធ្វើ​ជា​ជំហរ​ផ្តល់​ជា​ដំណោះស្រាយ និង ការណែនាំ​ផ្សេងៗ​ដល់​ពួក​គេ។ ប្រសិន​បើ​ចៅហ្វាយ យក​ចិត្ត​​ទុកដាក់​លើ​បញ្ហា​ទាំងនេះ អ្វីៗ​ក៏​មាន​លក្ខណៈ​ប្រសើរ​ផង​ដែរ។ ក្នុង​នោះ អ្នក​អាច​ជួយ​លើក​ទឹក​ចិត្ដ ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​ផ្តល់​អ្វីៗ​ចាំបាច់​សម្រាប់​បុគ្គលិក​ ដូចជា​ការប្រាក់​រង្វាន់ ឬ​ដំឡើង​ប្រាក់​ខែ​ជាដើម។ លើស​នេះ​ទៅ​ទៀត ការ​អនុគ្រោះ​ដល់​បុគ្គលិក​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ព្រោះ​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ដូច្នេះ​គួរ​ផ្តល់​ឱកាស​ដើម្បី​កែខ្លួន៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.