brands

ជី សិលា៖ យីហោ​ក្នុង​ស្រុក​អាច​នឹង​ស្លាប់​ថ្ងៃ​ណា​មួយ

20140711_13

លោក ជី សិលា បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​នាំ​យក​ម៉ាក​យីហោ​ហាង Tous les Jours មក កម្ពុជា ជា​លើក​ដំបូង​នៅ ឆ្នាំ​២០១១។

បន្ទាប់​ពី​ដំណើរការ​ហាង​នេះ​បាន​ជា​ច្រើន​ឆ្នាំ​រួច​មក​លោក​ក៏​ចាប់​ផ្តើម​ទិញ​សិទ្ធិ​ផ្តាច់​មុខ​នាំ​ចូល​ពាណិជ្ជ​សញ្ញា​ហាង​លំដាប់​អន្តរជាតិ​ក្នុង​ឧស្សាហកម្ម អាហារ និង​ភេសជ្ជៈ​ជាច្រើន​ទៀត​មក​កម្ពុជា។

បច្ចុប្បន្ន​លោក​ជា​ម្ចាស់​កម្មសិទ្ធិ​ម៉ាក​យីហោ​ហាង The Asian Kitchen ដែល​មាន​ប្រភព​ដើម​នៅ សិង្ហបុរី ហាង Miam Miam របស់​បារាំង និង ហាង​អាហារ​បែប​បរទេស Lotteries របស់ កូរ៉េ។ បន្ថែម​ពី​នេះ ពាណិជ្ជករ​វ័យ ៣៩ ឆ្នាំ​រូប​នេះ​ក៏​ជា​ម្ចាស់​ហាង​អាហារ និង​កាហ្វេ​ដែល​ជា​យីហោ​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​ដូច​ជា BB World ហាង Pizza World និង ហាង T&C កាហ្វេ​ផង​ដែរ។

ក្នុង​កិច្ច​សម្ភាស​នេះ លោក ហ៊ គីមសាយ អ្នក​យក​ព័ត៌មាន ភ្នំពេញ ប៉ុស្ដិ៍ បាន​ជួប​លោក ជី សិលា ដើម្បី​និយាយ​ពី​ការ​កើន​ឡើង​ចំនួន​ហាង​មាន​យីហោ​អន្តរជាតិ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា និង​ឥទ្ធិពល​របស់​វា​ទៅ​លើ​ហាង​យីហោ​ក្នុង​ស្រុក​ដែល​មាន​ស្រាប់។

ហេតុ​អ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​ធ្វើ​ការ​វិនិយោគ​ទិញ​សិទ្ធិ​នាំ​យក​ហាង​អាហារ​យី​ហោ​អន្តរជាតិ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​នា​ពេល​នេះ?

និន្នាការ​ទីផ្សារ​កំពុង​មាន​ការ​ប្រែ​ប្រួល​ហើយ​ប្រជាជន​ដែល​ចូល​ចិត្ត​ផលិតផល​ថ្មីៗ ទាន់​សម័យ និង​មាន​ម៉ាក​យីហោ​ល្បីៗ​លំដាប់​អន្តរជាតិ​កំពុង​មាន​កំណើន។ ខ្ញុំ​មាន​បទ​ពិសោធ ១០ ឆ្នាំ​នៅ​ក្នុង​ពាណិជ្ជកម្ម​បែប​អាហារ និង​ភេសជ្ជៈ ហើយ​ខ្ញុំ​ដឹង​ថា មាន​ប្រជាជន​នៅ ទីក្រុង​ភ្នំពេញ ប្រហែល​ពី ៤០ ទៅ ៥០ ភាគរយ​អាច​ទិញ​ផលិត​ផល​កម្រិត​ស្តង់ដារ​បាន។

បើ​យើង​ក្រឡេក​ទៅ​មើល​កាល​ពី ៥ ឆ្នាំ​មុន យើង​នៅ​ចាំ​ថា តម្លៃ​អាហារ​ក្នុង​ស្រុក​មាន​ដូច​ជា គុយទាវ​មួយ​ចាន មាន​តម្លៃ​ទាប​ជាង​ហាំប៊ឺហ្គើរ​មួយ​ទេ។ ប៉ុន្តែ​នៅ​ពេល​នេះ​វា​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា ដោយ​សារ​ថា តម្លៃ​អាហារ​ក្នុង​ស្រុក​បាន​កើន​ឡើង​យ៉ាង​លឿន ខណៈ​អាហារ​បែប​បរទេស​កើន​ដែរ​តែ​យឺត​ជាង។ ប្រជាជន​វ័យ​ក្មេង​តែង​តែ​ចង់​សាកល្បង​របស់​ថ្មីៗ​ជានិច្ច។ ពួក​គេ​បង្ហាញ Status ក្នុង ហ្វេសប៊ុក នៅ​តាម​ហាង​ដែល​មាន​យីហោ​អន្តរជាតិ​ព្រោះ​ពួក​គេ​ចង់​បង្ហាញ​ពី​របៀប​រស់​នៅ​ទាន់​សម័យ​របស់​ពួកគេ​ដល់​មិត្តភក្តិ។

និន្នាការ​នេះ​មាន​ន័យ​ថា ប្រជាជន​ចង់​បង្អួត​ពី​របៀប​រស់​នៅ​ទាន់​សម័យ ឬ​បរទេស​និយម​របស់​ពួក​គេ។ ខណៈ​ប្រាក់​ចំណូល​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ខ្ញុំ​គិត​ថា នេះ​គឺជា​ឱកាស​ដែល​យើង​អាច​នាំ​ចូល​យីហោ​ល្បី​ឈ្មោះ​ទាំង​នេះ​សម្រាប់​ទីផ្សារ​នេះ។

តើ​លោក​អាច​រៀបរាប់​យ៉ាង​ដូចម្តេច​ពី​នីតិវិធី​នានា និង​តម្លៃ​ដើម្បី​អាច​ទទួល​បាន​សិទ្ធិ​នាំ​ចូល​យីហោ​ពាណិជ្ជ​សញ្ញា​ហាង​ដែល​លោក​មាន។ ជា​ទូទៅ​លោក​ត្រូវ​ចំណាយ​ដើម​ទុន​ប៉ុន្មាន​ក្នុង​ការ​បើក​ដំណើរ​ការ​ហាង​មួយៗ។

ជា​ទូទៅ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ប្រហែល​កន្លះ​ឆ្នាំ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​នាំ​ចូល​យីហោ។ ដើម្បី​អាច​ទទួល​បាន​សិទិ្ធ​ផ្តាច់​មុខ​នាំ​ចូល​ម៉ាក​យីហោ​ហាង​ទាំង​នោះ យើង​ត្រូវ​ចំណាយ​ចន្លោះ​ពី ២០ ទៅ ៣០ ម៉ឺន​ដុល្លារ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​រយៈ​ពេល​ពី ១០ ដល់ ១៥ ឆ្នាំ។ ជា​មធ្យម​យើង​ចំណាយ​ប្រហែល​ជា​កន្លះ​លាន​ដុល្លារ​ដើម្បី​បើក​ដំណើរ​ការ​ហាង​ថ្មី​មួយ​ដែល​មាន​ម៉ាក​យីហោ​អន្តរជាតិ​នេះ។ ចំនួន​នេះ​រួម​ទាំង​ការ​ចំណាយ​លើ​ការ​ទិញ​សិទ្ធិ​ការ​តុប​តែង​ហាង និង​ចំណាយ​ផ្សេងៗ​ទៀត។ ប៉ុន្តែ​ការ​ចំណាយ​នេះ​គឺ​ខ្ពស់​នៅ​ពេល​ដែល​យើង​បើក​ហាង​ដំបូង​ទេ ហើយ​វា​នឹង​មាន​តិច​ជាង​នេះ​នៅ​ពេល​យើង​បើក​សាខា​ទី​ពីរ លើក​ទី​បី និង​សាខា​បន្ត​បន្ទាប់​ទៀត។

លោក​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​នៅ​តែ​ចាំបាច់​ត្រូវ​នាំ​វា​ចូល​មក?

ហានិភ័យ​គឺ​មាន​កាន់​តែ​ទាប​ទោះ​បី​ជា​យើង​ចាំ​បាច់​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​នៅ​ក្នុង​ការ​នាំ​ចូល​យីហោ​អន្តរជាតិ​ក៏​ដោយ។ សម្រាប់​យីហោ​ដូចជា Tous Les Jours យីហោ The Asian Kitchen យីហោ Miam Miam និង​យីហោ Lotteries យីហោ​ទាំង​នេះ​ត្រូវ​បាន​គេ​ស្គាល់​រួច​ហើយ​នៅ​ក្នុង​ទីផ្សារ​នេះ។

យីហោ​ទាំង​នេះ​ជា​យីហោ​ល្បី​ឈ្មោះ​ដូច្នេះ​នៅ​ពេល​វា​បើក​ដំណើរការ​ឡើង គ្រប់ៗ​គ្នា​ស្គាល់​និង​ទុក​ចិត្ត​លើ​គុណភាព​របស់​វា។ ប្រជាជន​វ័យ​ក្មេង​ជា​ច្រើន​និយាយ​អំពី​វា​ជាមួយ​មិត្តភក្តិ និង​សាច់​ញាតិ​របស់​ពួក​គេ។ យើង​អាច​ផលិត​ផលិតផល​ដោយ​មាន​កម្រិត​ស្ដង់ដារ​ល្អ​ដោយ​សារ​តែ​យើង​ទទួល​បាន​ការ​គាំទ្រ​ខាង​ចំណេះ​ដឹង និង​សមត្ថភាព​ពី​ក្រុម​ហ៊ុន​ផ្ដល់​យីហោ​ពាណិជ្ជ​សញ្ញា។ នោះ​គឺជា​កម្លាំង​ជំរុញ​មួយ។

លោក​បង្កើត​ហាង​មាន​យីហោ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ឧស្សាហកម្ម​ម្ហូប​អាហារ​និង​ភេសជ្ជៈ​របស់​លោក​ផង​ដែរ។ ខណៈ​អ្នក​នាំ​ចូល​យីហោ​អន្តរជាតិ​កាន់​តែ​ច្រើន​ឡើងៗ តើ​វា​មាន​ន័យ​ថា​លោក​មាន​ការ​ផ្ដោត​លើ​យីហោ​ផ្ទាល់​ខ្លួន​របស់​លោក​តិច​តួច​មែន​ទេ?

ទេ! យើង​កំពុង​ព្យាយាម​ពង្រឹង​យីហោ​ក្នុង​ស្រុក​ផ្ទាល់​របស់​យើង។ ខ្ញុំ​រំភើប​និង​ពិត​ជា​ស្រឡាញ់​យីហោ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ដូច​ជា យីហោ BB World យីហោ Pizza World និង​យីហោ T&C។ ខ្ញុំ​មាន​ការ​ឈឺចាប់​ប្រសិន​បើ​ខ្ញុំ​នឹង​បិទ​ហាង​របស់​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ​នោះ។ ដូច្នេះ​ខ្ញុំ​នឹង​ខិត​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​យីហោ​ទាំង​នេះ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង។

ប៉ុន្តែ​យើង​កំពុង​អង្កេត​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​នេះ។ ប្រសិន​បើ​ការ​ពិត​បង្ហាញ​ថា យីហោ​អន្តរជាតិ​គឺ​ចូល​ចិត្ត​ច្រើន​ជាង នៅ​ពេល​នោះ​យើង​នឹង​ត្រូវ​តែ​ផ្លាស់​ប្តូរ។

តើ​អ្វី​ដែល​លោក​ព្យាករ​ទៅ​ថ្ងៃ​អនាគត​ពី​យីហោ​ក្នុង​ស្រុក និង​យីហោ​អន្តរជាតិ​ក្នុង​ទីផ្សារ​ម្ហូប​អាហារ និង​ភេសជ្ជៈ​នៅ​ប្រទេស​កម្ពុជា?

យើង​មិន​ប្រាកដ​ពី​អ្វី​ដែល​ទីផ្សារ​នេះ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​នៅ​ក្នុង​ពេល​អនាគត​នោះ​ទេ។​ប៉ុន្តែ​យើង​ដឹង​ថា អតិថិជន​ត្រូវ​ការ​របស់​ថ្មី​ទាន់​សម័យ​ថ្នាក់​ខ្ពស់ និង​បរទេស​និយម។ យើង​គឺជា​អ្នក​ផ្គត់​ផ្គង់ ដូច្នេះ​យើង​ធ្វើ​តាម​អតិថិជន​របស់​យើង។

ការ​សម្លឹង​មើល​ទៅ​បទ​ពិសោធ​ពិភពលោក និង​ក្នុង​តំបន់​នៅ​ពេល​លក្ខខណ្ឌ​រស់​នៅ​របស់​ប្រជាជន​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ហាង​យីហោ​អន្តរជាតិ​តែង​តែ​គ្រប​ដណ្ដប់​លើ​ទីផ្សារ​នេះ។ ថ្ងៃ​ណា​មួយ យីហោ​អន្តរជាតិ​អាច​សម្លាប់​យីហោ​ក្នុង​ស្រុក​បាន៕
-ប្រភព(Phnom Penh Post)

Facebookgoogle_pluslinkedinmailby feather

Comments are closed.