ceo2


បទពិសោធន៍​ពិត​ពី​CEO ​វ័យ​២៥​ឆ្នាំ​ កញ្ញា​ត្រូវ​បាន​ដំឡើង​តួនាទី​៧​ថ្នាក់​​ក្នុង​រយៈ​ពេល​២​ឆ្នាំ​

003

ស្ទើរ​មិន​គួរ​ឲ្យ​ជឿ នៅ​ពេល​ដែល​នារី​វ័យ​ក្មេង​ម្នាក់ ទើប​មាន​អាយុ​២៥​ឆ្នាំ​សោះ​ បាន​គ្រប់គ្រង​តំណែង​នាយក​ប្រតិបត្តិ​ ឬ ហៅ​កាត់​ថា CEO ដែល​មាន​ក្រុមហ៊ុន​៣​ចំណុះ​ ខណៈ​ពេល​ដែល​​កម្រិត​សិក្សា​របស់​កញ្ញា​ បាន​ត្រឹម​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ក្នុង​ស្រុក​មួយ​ប៉ុណ្ណោះ​ ។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​សរសើរ​នោះ​គឺ​ចូល​បម្រើ​ការងារ​ដំបូង​ជា​បុគ្គលិក​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​​ ស្រាប់​តែ​ត្រូវ​បាន​ដំឡើង​តំណែង​ជា​បន្តបន្ទាប់​៧​ថ្នាក់​ ត្រឹម​រយៈ​ពេល​២​ឆ្នាំ​ប៉ុណ្ណោះ។

តើ​កញ្ញា​បាន​ប្រឹងប្រែង​យ៉ាងណា​ខ្លះ​ទើប​អាច​ទទួល​បាន​ជោគជ័យ​ដូច​ថ្ងៃ​នេះ?

មុន​ឈាន​ចូល​ដល់​ជីវិត​ពិត​របស់​ CEO វ័យ​ក្មេង​រូប​នេះ គេហទំព័រ ​kqube សូម​បង្ហាញ​ពី​អាជីវកម្ម​របស់​ក្រុមហ៊ុន​ BI Group បន្តិច​សិន។ BI Group ​ជា​ក្រុមហ៊ុន​មួយ​​បាន​ផ្ដោត​ទៅ​លើ​ការងារ​សំណង់​ដែល​មាន​សេវា​កម្ម​ដូចជា​ ​ទទួល​ការ​ម៉ៅការ​ សង់​អាគារ ឬ​សង់​ Apartment ជា​ដើម​ ព្រម​ជាមួយ​គ្នា​ក៏​មាន​សេវាកម្ម​​ដេគ័រ​ តែង​លំអ​គេហដ្ឋាន​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ការ​ផ្ដោត​សេវា​លើ​ក្រុម​ហ៊ុន​អចលនទ្រព្យ​ និង​មួយ​​ផ្នែក​បើក​ជា​​ហាង​លក់​ទំនិញ​ជា​ច្រើន​កន្លែង​ផង​ដែរ​ (Mart) លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​សេវាកម្ម​សំអាត​តាម​គេហដ្ឋាន​ផង​ដែរ។

001

វ័យ​កុមារ​ភាព​

កញ្ញា យឿង​ សីម៉ា​គុណា កើត​ក្នុង​ឆ្នាំ​ ១៩៨៩ ជា​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ ហើយ​មាន​លោក​ឪពុក​មន្ត្រី​រាជការ​ និង​អ្នក​ម្ដាយ​ជា​អ្នក​មន្ត្រី​នៅ​រដ្ឋបាល​ជលផល ជា​បង​ស្រី​ក្នុង​ចំណោម​បងប្អូន​២​នាក់។

ស្ថិត​ក្នុង​វង្ស​ត្រកូល​​មិន​មាន​ជាប់​ឈាម​ជ័រ​ជា​អ្នក​រក​ស៊ី​ ព្រោះ​​​ឪពុក​ម្ដាយ​បងប្អូន​ភាគ​ច្រើន​ជា​មន្ត្រី​រាជការ និង​មាន​អាជីព​ផ្ទាល់​ខ្លួន ​មាន​តែ​រូប​កញ្ញា​ម្នាក់​តែប៉ុណ្ណោះ ​ដែល​ជា​មនុស្ស​​ដំបូង​គេ​បង្អស់​ក្នុង​គ្រួសារ ដែល​មាន​និស្ស័យ​​ក្លាយ​ខ្លួន​អ្នក​ធ្វើការ​ក្នុង​​វិស័យ​ឯកជន​នៅ​ពេល​សព្វ​ថ្ងៃ​។

​គ្រួសារ​តឹងរ៉ឹង​ ​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​មាន​វិន័យ

ចាប់​តាំង​ពី​អាយុ​៥​ឆ្នាំ រហូត​ដល់​១៧​ឆ្នាំ កញ្ញា​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សន្ធរម៉ុក ​ហើយ​បន្ទាប់​ពី​បាន​ប្រឡង​ជាប់​ថ្នាក់​បាក់​ឌុប​រួច នៅ​ឆ្នាំ​២០០៦​ កញ្ញា​ក៏​បាន​បន្ត​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ ធនធាន​មនុស្ស ជំនាញ​គណនេយ្យ​ក្នុង​ឆ្នាំ​ ២០០៧ ដល់ ២០១១។

​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ចាប់តាំង​ពី​តូច​មក​កញ្ញា​ ត្រូវ​បាន​អ្នក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​ គឺ​គ្រប់​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា គឺ​ត្រូវ​បាន​អ្នក​ម្ដាយ​ ជូន​ទៅ​ជូន​មក​ ដូច្នេះ​កញ្ញា​អាច​មាន​អារម្មណ៍​គ្រប់គ្រាន់​​សម្រាប់​ ​ផ្ដោត​លើ​ការ​សិក្សា មាន​វិន័យ​ចំពោះ​ខ្លួន​ឯង ប៉ុន្តែ​កញ្ញា​មិន​សូវ​បាន​ដើរ​ជា​ក្រុម​ជាមួយ​មិត្តភ័ក្ដិ​នោះ​ទេ។

ជា​ប្រធាន​ថ្នាក់​ដែល​រួសរាយនិង​ពូកែ

ទន្ទឹម​នឹង​នេះ កញ្ញា​ក៏​ត្រូវ​មិត្ត​រួម​ថ្នាក់​ជ្រើសរើស​ជា​ប្រធាន​ថ្នាក់​ទៀត​ផង មិន​មែន​ត្រឹម​តែ​ជា​ប្រធាន​ថ្នាក់​ដែល​រៀន​ពូកែ​នោះ​ទេ គឺ​កញ្ញា​ជា​មនុស្ស​វ័យ​ឆ្លាត គឺ​ មិន​ថា​ និស្សិត ឬ​បុគ្គលិក​សិក្សា នៅ​សាកលវិទ្យាល័យ គឺ​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កញ្ញា ព្រោះ​កញ្ញា​ជាមួយ​មនុស្ស​រួសរាយ​និង​ប្រាកដប្រជា​ចំពោះ​កិច្ចការ​សាលា​បាន​ដាក់​អោយ​ និង​ជា​ប្រធាន​ថ្នាក់​ដ៏​គួរ​ឲ្យ​រាប់អាន​ផង​ដែរ។

រៀន​បណ្ដើរ​ធ្វើការ​បណ្ដើរ​មិន​ខ្លាច​នឿយហត់

នៅ​ក្នុង​​អំឡុង​ពេល​សិក្សា​នៅ​មហាវិទ្យាល័យ​ រូបគេ​មិន​បាន​រក​ការងារ​ធ្វើ​ទេ​គឺ​មាន​តែ​ខិត​ខំ​រៀន​សូត្រ​តែ​ប៉ុណ្ណោះ លុះ​ដល់​ឆ្នាំ​ទី​៤ ឆមាស​ទី​២ ទើប​បាន​ដាក់​ពាក្យ​សុំ​ធ្វើការ​នៅ​ក្រុម​ហ៊ុន​មួយ ហើយ​ហេតុ​ដែល​សម្រេច​ចិត្ត​ដាក់​ពាក្យ​ធ្វើ​ការ​នេះ ព្រោះ​ដោយ​បាន​ឃើញ​មិត្ត​រួម​ថ្នាក់​គេ​មាន​ការងារ​គ្រប់​ៗ​គ្នា និង​​ណា​មួយ​ខ្លួន​ឯង​ជិត​ចប់​ឆ្នាំ​សិក្សា​ទៀត។

មាន​ឆន្ទៈ​ពិត​​មិន​បារម្ភ​រឿង​ដំណែង​

នៅ​អំឡុង​ខែ​១០ ឆ្នាំ​២០១១ កញ្ញា​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ថា BI ហើយ​កញ្ញា​ក៏​ប្រឡង​ជាប់​​ក្លាយ​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​នោះ ដោយ​មាន​មុខ​ងារ​ជា​ជំនួយការ​ Supervisor ប៉ុន្តែ​ដំណែង​នេះ មិន​មែន​ធ្វើ​ការងារ​ផ្នែក​ទីផ្សារ​មួយ​មុខ​ទេ គឺ​ទទួល​បន្ទុក​ផ្នែក​​គិត​លុយ​ ​ទទួល​បញ្ជី ឬ​គណនា​គ្រឹះ​អាគារ​ជា​ដើម​។

រយៈ​ជា​​បុគ្គលិក​សាកល្បង​ក្នុង​រយៈ​ពេល​៣​ខែ ប៉ុន្តែ​ដោយ​មាន​ការ​ឆ្លាតវៃ និង​ខិតខំ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​ អ្នក​គ្រប់គ្រង​ក៏​បាន​​ឲ្យ​រូប​គេ​ជាប់​ជា​បុគ្គលិក​ពេញ​សិទ្ធ​តែ​ម្ដង ដោយ​ធ្វើការ​ជា​បុគ្គលិក​សាកល្បង​ត្រឹម​តែ​ជាង​២​ខែ​តែ​ប៉ុណ្ណោះ ដោយ​យោង​តាម​ភាព​វ័យ​ឆ្លាត​ និង​ប៉ិនប្រសព្វ​របស់​កញ្ញា​ អ្នក​គ្រប់គ្រង​ក៏​​បាន​​​ឲ្យ​កញ្ញា​ក្លាយ​ជា​អ្នក​ទី​ផ្សារ​វិញ​ម្ដង​។

បន្ទាប់​ពី​ធ្វើការ​ជា​អ្នក​ទីផ្សារ​បាន​ប្រហែល​៣​ខែ កញ្ញា​ក៏​បាន​ឈាន​ឡើង​ទៅ​កាន់​ដំណែង​មួយ​ទៀត​ជា​អ្នក​ប្រធាន​ក្រុម​ទីផ្សារ​( Marketing Supervisor) ​បន្ទាប់​មក​ទៀត​ ក៏​ក្លាយ​​អ្នក​គ្រប់គ្រង​ទី​ផ្សារ​ទូទៅ ​(Marketing Manager) ដែល​គ្រប់គ្រង​លើ​ ( Marketing Supervisor) និង​រៀប​យុទ្ធសាស្ត្រ​ទីផ្សារ​ និង​រៀបចំ​ឯកសារ​ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​មាន​ដំណើរ​ការ​ល្អ។

តំណែង​កាន់​តែ​ខ្ពស់ ការ​ទទួល​ខុសត្រូវ​កាន់​តែ​ធំ

ដំណាក់​កាល​នោះ​មុខ​ដំណែង​កាន់​តែ​ខ្ពស់ ហើយ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​និង​ការ​ប្រើ​គំនិត​កាន់​ច្រើន​ ដោយ​កាន់​កាប់​ជា​អ្នក​គ្រប់​ទីផ្សារ​ទូ​ទៅ​បាន​រយៈពេល​ជាង​២​ខែ រូប​គេ​ក៏​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ទូទៅ(General Manager)​ដែល​ឡើង​មួយ​កម្រិត​ទៀត ក្នុង​ការ​​​មើល​ការ​ខុស​ត្រូវ​លើ(Marketing Manager) និង( Marketing Supervisor) ​​ ទាំង​អស់​នៅ​ក្នុង​ក្រុម​ហ៊ុន។

​ក្នុងរយៈពេល​ ៥​ខែ​ជាមួយ​​មុខ​ដំណែង​នេះ​ដែរ​កញ្ញា​បាន​ធ្វើការ​​ទូទៅ​ជា​អ្នក​គ្រប់គ្រង​ និង​ចុះ​ជួប​ជា​មួយ​​អតិថិជន​ដែល​មាន​មុខ​ដំណែង​ធំ​ៗ ​នេះ​ហើយ​ដែល​បាន​​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​មាន​បទពិសោធន៍​និង​ចេះ​ជំនួស​មើល​ការ​ខុសត្រូវ​កាន់​ខ្ពស់​និង​​មាន​សមត្ថភាព​គ្រប់គ្រាន់ ក៏​ក្លាយ​ជា​នាយក​គ្រប់គ្រង (Director) តែម្ដង ជា​ពិសេស​នៅ​ខណៈ​ពេល​នោះ​ដែរ ក្រុម​ហ៊ុន​ដែល​ស្ថិត​នៅ​ក្រោយ​ការ​គ្រប់​គ្រង​របស់​រូប​គេ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ហើយ​ឈាន​បើក​ក្រុម​ហ៊ុន​មួយ​ទៀត​គឺ​ BI Group នេះ​បន្ថែម។

មាន​សមត្ថភាព​មិន​ខ្លាច​សាកល្បង​ជាមួយ​ឱកាស​ថ្មី

នៅ​ពេល​ដែល​ចាប់​ដើម​បើក​ក្រុម​ហ៊ុន BI Group​នេះ​ដំបូង​ ហើយ​​ក៏​ជា​មោទនភាព​​សម្រាប់​កញ្ញា​ជា​នារី​និង​មាន​វ័យ​ក្មេង​ផង ​នាយក​ក្រុម​ហ៊ុន ក៏​បាន​ចាត់ចែង​ផ្ដល់​មុខ​ដំណែង​ឲ្យ​រូប​គេ​ក្លាយ​ជា​នាយក​គ្រប់គ្រង (Director) ​ដែល​កាន់កាប់​ក្រុមហ៊ុន BI Group នេះ​តែ​ម្ដង។

ការ​ចាប់​ដើម​ក្នុង​មុខ​ដំណែង​ជា​អ្នក​​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ដោយ​ខ្លួន​ឯង ដែល​សាង​ឡើង​ពី​ចំណុច​០​ទទេ ​បាន​រយៈពេល​​ជាង​៤​ខែ ​ក្រុមហ៊ុន​មាន​សន្ទុះ​យ៉ាង​ខ្លាំង​ដោយ​ក្នុង​១​ខែ​ៗ​ រូប​គេ​ទទួល​បាន​ ៣ ទៅ​៤​គម្រោង ដែល​ធ្វើ​រូប​គេ​កាន់​មាន​កម្លាំង​ចិត្ត​​ នឹង​មាន​ជំនឿ​ចិត្ត​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ។

​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​កញ្ញា​ ក៏​​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​ម្ចាស់​ក្រុម​ហ៊ុន​ផ្ទាល់​ ​ក៏​បាន​​ផ្ដល់​ឱកាស​ឲ្យ​កញ្ញា​​ក្លាយ​ជា ​(General Director) គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៣ ។

២​ឆ្នាំ​ឡើង​តំណែង​៧​ដង

វ័យ​ក៏​ក្មេង សមត្ថភាព​ក៏​មាន និង​បទពិសោធន៍​ក៏​ក្រាស ដោយ​រូប​គេ​បាន​ក្លាយ​ជា​អ្នក​​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​ BI នេះ​ទាំង​មូល​តែ​ម្ដង​ រហូត​៦​ខែ​ក្រោយ​មក ការ​ដឹក​នាំ​របស់​រូប​គេ​នៅ​តែ​រឹង​មាំ រីក​ចំរើន​ និង​ឆ្លៀត​វ៉ៃ ក៏​ក្លាយ​ជា​ CEO Group ដោយ​គ្រប់គ្រង​លើ​ក្រុម​ហ៊ុន VNV Asia international ដែល​កញ្ញា​​ផ្ទាល់​នេះ ក្រុមហ៊ុន B.I.CAM Engineering and Innovationនិង​ ក្រុមហ៊ុន CCCS Property Development ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា។ ដែល​សរុប​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ​កញ្ញា បាន​ឡើង​កាន់​តំណែង​៧​ថ្នាក់​រហូត​ដល់​ឋានៈ​ខ្ពស់​បំផុត ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

ការ​ចែក​រំលែក​បទពិសោធន៍

CEO ​វ័យ​ក្មេង​រូប​នេះ​បាន​បញ្ជាក់​ថា អ្វី​ដែល​ជា​ផ្លែផ្កា​ឈាន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​ឆ្លង​កាត់​ការ​លំបាក និង​ការ​ខិតខំ​ព្យាយាម​យ៉ាង​ខ្លាំង​ មិន​មែន​កើត​ឡើយ​ដោយ​ភាព​ចៃដន្យ ឬ​តាម​ខ្សែ​រយៈ​នោះ​ទេ ។ រាល់​​ការ​ដើរ​ក្នុង​មួយ​ដំណាក់​ៗ​បាន​បែប​នេះ គឺ​ជួប​ប្រទះ​នឹង​ការ​ប្រកួត​ប្រជែក​យ៉ាង​ខ្លាំង​ផង​ដែរ​ ហើយ​ដល់​​ដំណែង​កាន់​តែ​ខ្ពស់​គឺ​កាន់​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ថា កាល​កញ្ញា​នៅ​ជា​ជំនួយ​ការ​ផ្នែក​ទីផ្សារ​ គឺ​កញ្ញា​បាន​​ធ្វើ​អ្វី​ៗ​តាម​តែ​អ្នក​គ្រប់​គ្រង​ប្រាប់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ដល់​ពេល​កញ្ញា​ជា​អ្នក​ដឹក​នាំ​គេ​វិញ​គឺ​ត្រូវ​គិតគូរ​វែងឆ្ងាយ​ដើម្បី​ប្រាប់​ឲ្យ​គេ​ធ្វើ​វិញ​ម្ដង។

រៀន​ពី​ការ​អនុវត្ត គួប​ផ្សំ​និង​ភាព​ឈ្លាសវៃ អាច​សម្រេច​គ្រប់​ការងារ​

ទោះ​បី​ជា​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​ដោយ​គ្រប់គ្រង​លើ​ក្រុម​ហ៊ុន​ចំនួន​៣​ហើយ​ កញ្ញា​មាន​កម្រិត​វប្បធម៌​ត្រឹម​តែ​បរិញ្ញាបត្រ​ប៉ុណ្ណោះ​ ដោយ​​គ្រប់គ្រង​លើ​បុគ្គលិក​ច្រើន​និង​អ្នក​ខ្លះ​មាន​ចំណេះដឹង​ស្មើ​ឬ​ខ្ពស់​ជាង​កញ្ញា​ទៅ​ទៀត ប៉ុន្តែ​អ្នក​គ្រប់គ្រង​វ័យ​ក្មេង​រូប​នេះ នៅ​តែ​អាច​ធ្វើ​បាន​ក្នុង​ការ​​ប្រើប្រាស់​ភាព​ឈ្លាសវៃ​ រួម​​ជា​មួយ​​សមត្ថភាព និង​ការ​តស៊ូ​ខិតខំ​ប្រឹង​ប្រែង​ពី​ធម្មជាតិ​របស់​កញ្ញា ។

តាម​​ពិត​ទៅ​ការងារ​ខាង​លើ​សុទ្ធ​តែ​មិន​មែន​ជា​ជំនាញ​ដែល​រូប​កញ្ញា​ឡើយ ​បាន​សិក្សា​និង​បញ្ចប់​មក​ពី​មហា​វិទ្យាល័យ​នោះ​ទេ ទាំង​នេះ​គឺ​ជា​ការ​ចេះ​ធ្វើ​ដោយ​ចាប់​ផ្ដើម​អនុវត្តន៍​ការងារ​ផ្ទាល់​តែ​ម្ដង ព្រោះ​ជំនាញ​ដែល​​កញ្ញា បាន​រៀន​គឺ​ផ្នែក​គណនេយ្យ តែ​ការ​អនុវត្តន៍​ភាព​ជាក់ស្ដែង​ជា​មួយ​ការងារ​បែរ​ជា​ផ្នែក​ផ្សេង​ៗ​ដូច​ជា ផ្នែក​ទីផ្សារ ផ្នែក​ទំនាក់ទំនង និង​ផ្នែក​គ្រប់គ្រង​ទៅ​វិញ ហើយ​ការងារ​ទាំង​នេះ​កើត​ឡើង​បាន​ក៏ដោយ​សារ​រូប​គេ​មាន​ឌុង ភាព​ច្នៃប្រឌិត​ផង​ដែរ និង​ការ​ស្រង់​បទពិសោធន៍​ពី​ការងារ​ជាក់ស្ដែង។

ជោគជ័យ​ធំ​បំផុត​ជូន​ដល់​ក្រុមហ៊ុន​ក្នុង​នាម​ជា​និយោជិក

“យុទ្ធសាស្ត្រ​ច្បាស់​ទើប​អាច​ប្រយុទ្ធ​យក​ទីផ្សារ​បាន “តាម​រយៈ​ការ​ដឹកនាំ​និង​វាយ​លុក​ដណ្ដើម​យក​​ទីផ្សារ​ឲ្យ​ក្រុម​ហ៊ុន​មាន​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់ អ្នក​គ្រប់គ្រង​វ័យ​ក្មេង​រូប​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា បទពិសោធន៍​នៃ​ការ​ជួប​ភាព​លំបាក​ក្នុង​ប្រកួតប្រជែង​ទីផ្សារ​ធំ​បំផុត​របស់​រូប​គេ ​គឺ​ជា ការ​ដេញ​យក​គម្រោង​របស់​​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​ទើប​តែ​បង្កើត​ថ្មី​នោះ​គឺ​ផ្សារ​ទំនើប​ AEON MALL ប៉ុន្តែ​កញ្ញា​នៅ​​តែ​មាន​ជំនឿ​ចិត្ត​ មាន​ទំនុក​ចិត្ត​ក្នុង​ការ​រក​យុទ្ធសាស្ត្រ​ថ្មី​ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ដៃគូ​ដ៏​ទៃ​ផ្សេង​ទៀត រហូត​ទទួល​បាន​ជោគជ័យ ។

កញ្ញា សីម៉ា​គុណា​ បាន​លើក​ឡើង​ទៀត​ថា៖ “ការ​ធ្វើការ​ងារ​មួយ​ឲ្យ​បាន​ជោគជ័យ​ឬ​ដណ្ដើម​ទីផ្សារ​ពី​គេ​បាន​គឺ​មិនមែន​​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ​ដោយ​យើង​ត្រូវ​តែ​មាន​ផែន​ការណ៍​ច្បាស់លាស់​ រៀបចំ​កម្លាំង​ត្រឹម​ត្រូវ ព្រោះ​ពេល​ខ្លះ​បុគ្គលិក​របស់​យើង​ត្រូវ​ធ្វើការ​ថែម​ម៉ោង និង​រូប​ខ្ញុំ​វិញ​ត្រូវ​ការ​ត្រៀម​យុទ្ធសាស្ត្រ​ស្ទើរ​តែ​រក​ពេល​គេង​មិន​បាន “។

002

ការ​ផ្ដាំផ្ញើ​ ” ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព បង្ហាញ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ថា​ យើង​អាច​ធ្វើ​បាន ”

ជា​ចុង​ក្រោយ​ CEO វ័យ​២៥​ឆ្នាំ​ខាងលើ​បាន​ផ្ដាំផ្ញើ​ដល់​យុវវ័យ​ទាំង​អស់​ថា អ្នក​ទាំង​អស់​គ្នា​មាន​សមត្ថភាព​ដូច​គ្នា ហើយ​ព្យាយាម​យក​សមត្ថភាព​ដែល​ខ្លួន​មាន​ប្រើ​ឲ្យ​អស់​ពី​ខ្លួន និង​ព្យាយាម​បំបែក​អ្វី​ដែល​ខ្លួន​ចេះ​ ដោយ​កុំ​គិត​តែ​ពី​ផលប្រយោជន៍​តែ​មួយ ហើយ​ខិតខំ​បង្ហាញ​ពី​ភាព​ឆ្លាតវៃ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​អ្នក​ដ៏​ទៃ ដើម្បី​ឲ្យ​គេ​ដឹង​ថា​ខ្លួន​យើង​មាន​សមត្ថភាព និង​ជា​ពិសេស​ស្ត្រី​ត្រូវ​តែ​គិត​ថា ​អ្វី​ៗ​ទាំង​អស់​គឺ​ខ្លួន​អាច​ធ្វើ​បាន​ដូច​ប្រុស​ៗ​ដែរ ៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.