lead5

មេរៀន​​​​​​​​​​​ល្អៗ​​ពី​វីរបុរស​អាមេរិក ​៥រួប ដែល​សហគ្រិន​គួរ​​ស្វែងយល់​​សម្រាប់​ដឹកនាំ​អាជីវកម្ម​​​​

u77

នៅ​ពេល​បច្ចុប្បន្ន​នេះ​ មាន​ទ្រឹស្ដី​​​​​ច្រើនណាស់​​​ដែល​​បាន​លើក​​បង្ហាញ​ពី​យុទ្ធសាស្ត្រ​​​​​ធ្វើ​ឲ្យ​អាជីវកម្ម​​ទទួល​បាន​ជោគជ័យ​ដើម្បី​ឲ្យ​សហគ្រិន​រៀនសូត្រ​តាម។ ទោះ​ជា​យ៉ាងណាក្ដី មិនមែន​សហគ្រិន​ទាំងអស់​សុទ្ធតែ​ជោគជ័យ​នោះ​​ឡើយ ព្រោះ​ថា​ទ្រឹស្ដី​គ្រាន់តែ​ជា​ក្រដាស​បើ​ការ​អនុវត្ត​ជាក់ស្តែង​គ្មាន​ប្រសិទ្ធភាព។

ឥឡូវ​នេះ ​លោក​អ្នក​មាន​​មេរៀន​ថ្មី​មួយ​ទៀត​​​ពី​​វីរបុរស​ ​៥ រូប​​របស់​អាមេរិក​ដែល​​​​ទាំង​ទ្រឹស្ដី និង ការ​អនុវត្ត​​របស់​បុគ្គល​ឆ្នើមៗ​ទាំង​នេះ​បាន​បង្ហាញ​​ពិភពលោក​បាន​ដឹង​រួច​ទៅ​ហើយ​​។ វា​ជា​​ទ្រឹស្ដី​ប្រវត្តិសាស្ត្រ ​មិនមែន​ជា​ទ្រឹស្ដី​បច្ចុប្បន្ន​​​នោះ​ឡើយ តែ​នៅ​តែ​មាន​តម្លៃ​​ក្នុង​វិស័យ​អាជីវកម្ម​នៅ​យុគសម័យ​ទំនើប​នេះ។ ចង់​ដឹង​ថា អត្ថន័យ​ទាំង​នោះ​មាន​ខ្លឹមសារ​បែប​ណា​ សូម​ប្រិយមិត្ត​ស្វែង​យល់​ទាំងអស់​គ្នា​​ដូច​ខាងក្រោម​នេះ៖​​

១) លោក George Washington ប្រធានាធិបតី​ទី១​របស់​អាមេរិក (១៧៣២-១៧៩៩)
មេរៀន​សម្រាប់​សហគ្រិន: ផ្តល់​ទំនុកចិត្ត​ដល់​​​បុគ្គលិក​ស្នូល​នៅ​ក្នុង​ក្រុមហ៊ុន

ជា​​មេបញ្ជាការ​កងទ័ព​លើ​ទឹកដី​ដ៏​ធំ​ល្វឹងល្វើយ​នៅ​អាមេរិក​ខាងជើង​នា​សតវត្ស​ទី​១៨ កងទ័ព​របស់​មហាអំណាច​មួយ​នេះ​​មាន​ចំនួន​មិន​ដល់​ ៣៥​ ០០០​ នាក់​នោះ​ឡើយ ហើយ​លោក Washington ក៏​មិនដែល​គ្រប់គ្រង​បាន​រហូត​ដល់ ​​១ភាគ៣​នៃ​កងទ័ព​ទាំង​នេះ​ដែរ។ ប៉ុន្តែ ​​ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្លាតវៃ​របស់​លោក កងទ័ព​ទាំង​នេះ​អាច​វាយ​បំបាក់​​​​កងទ័ព​​​ជំនាញៗ​របស់​​ពួក​អាណានិគម​អង់គ្លេស​បាន​​ដោយ​ជោគជ័យ​​គ្រប់​សមរភូមិ​។

លក្ខណៈ​ពិសេស​នៃ​ការ​គ្រប់គ្រង​កងទ័ព​របស់​លោក បាន​ធ្វើ​ឲ្យ​គេ​ទាញ​យក​មក​អនុវត្ត​សម្រាប់​សហគ្រិន​នៅ​ពេល​បច្ចុប្បន្ន​ដោយ​លើកឡើង​ថា ដំណាក់​កាល​ដំបូង​សម្រាប់​​អាជីវកម្ម​​ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ជំហាន​ដ៏​តូច​មួយ។ ប៉ុន្តែ ​ភាព​ជឿជាក់​ទៅ​លើ​មនុស្ស​ស្នូល​​នៅ​ក្នុង​អាជីវកម្ម និង​ការ​បណ្តុះបណ្តាល​ឲ្យ​បាន​ត្រឹមត្រូវ នឹង​អាច​ប្រជែង​ឈ្នះ​នៅ​ក្នុង​សមរភូមិ​អាជីវកម្ម​បាន។

ប្រធានាធិបតី​រួប​នេះ​ បាន​លើក​ឡើង​ដូច្នេះ​ថា៖« ត្រូវ​​​​រាប់អាន​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​​ត្រូវ​ស្និទ្ធស្នាល​​​ជា​មួយ​​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​​បុគ្គល​នោះ​​​មាន​ការ​​ព្យាយាម​ជាមុន​សិន​ មុន​នឹង​ផ្តល់​ទំនុកចិត្ត​​ទៅកាន់​ពួកគេ»។

២) លោក Robert E. Lee មេបញ្ជាការ​កងទ័ព​អាមេរិក​ (១៨០៧-១៨៧០)
មេរៀន​សម្រាប់​សហគ្រិន: ឲ្យ​តម្លៃ​ដល់​សមាជិក​ក្រុម​ការងារ

លោក Lee ត្រូវ​បាន​​គេ​ស្រលាញ់ និង​ គោរព​កោតសរសើរ​ជាទីបំផុត​​ពី​​កង​ទ័ព​របស់​លោក​។ ក្នុង​សមរភូមិ​សង្គ្រាម គេ​បាន​ទទួល​ស្គាល់​ថា លោក​ជា​​មេទ័ព​ម្នាក់​ដែល​មាន​​បេះដូង​ដែក ចរិត​មោះមុត​​ក្លាហាន​​ណាស់ និង ​គោរព​តួនាទី​របស់​​លោក​​បាន​យ៉ាង​​ខ្ជាប់ខ្ជួន​។ អ្វី​ដែល​ពិសេស​នោះ​គឺ​លោក ជា​មនុស្ស​ដែល​មាន​សន្ដានចិត្ត​ល្អ​យកចិត្ត​ទុកដាក់​​ចំពោះ​កូនចៅ និង ​ស្អប់​ភាព​អាត្មានិយម​​​ផង​ដែរ។ គេ​បាន​ដាក់​រហស្សនាម​លោក​​ថា ជា​​​មេទ័ព​ដ៏​អស្ចារ្យ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​របស់​អាមេរិក។​​​

លក្ខណៈ​ពិសេស​របស់​លោក​​​នៅ​ពេល​នោះ​ ត្រូវ​បាន​គេ​យក​សិក្សា​នៅ​​ក្នុង​វិស័យ​អាជីវកម្ម​ និង ជំនួញ​នៅ​ពេល​បច្ចុប្បន្ន​ថា នៅ​ពេល​ដែល​​ក្រុមហ៊ុន​​មួយ​គោរព​ និង ឲ្យ​តម្លៃ​បុគ្គលិក​របស់​​ខ្លួន​ នោះ​បុគ្គលិក​របស់​​ខ្លួន​​នឹង​ ឲ្យ​តម្លៃ​ដល់​ក្រុមហ៊ុន​នោះ​វិញ។ នេះ​បាន​បណ្ដុះ​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​​នៅ​ក្នុង​ក្រុម​ការងារ ហើយ​ក្រុម​ការងារ​ដែល​រីករាយ​ ជា​ក្រុម​ការងារ​ដែល​បង្កើត​សមិទ្ធផល​បាន​​កាន់តែ​ច្រើន​ឡើង។ បន្ថែម​លើ​នេះ កាលណា​បុគ្គលិក​ជឿជាក់​លើ​អ្នក​​គ្រប់គ្រង ពួកគេ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​​អ្នក​គ្រប់គ្រង​នោះ។ ​​

មេបញ្ជាការ​​​​ខាងលើ​បាន​​មាន​ទស្សនៈ​ដូចនេះ​ថា៖« ភាព​អត់ធន់​​នៃ​ការ​ប្រើប្រាស់​អំណាច​​​របស់​​អ្នក​ដឹកនាំ​ទៅ​លើ​មនុស្ស​ក្រោម​បង្គាប់​ មិន​ត្រឹមតែ​ផ្តល់​នូវ​ស្នាម​ញញឹម​ដល់​មនុស្ស​គ្រប់គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ​​​​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​​បាន​ទៀត​ផង»។

៣) លោក Ulysses S. Grant ជា​ប្រធានាធិបតី​ទី១៨​ របស់​អាមេរិក (១៨២២-១៨៨៥)
មេរៀន​សម្រាប់​សហគ្រិន: កុំ​បោះបង់

ថ្វីត្បិត​តែ​ជា​ប្រធានាធិបតី​មួយ​រូប​ មុន​នឹង​កាន់​តំណែង​នេះ លោក Grant ធ្លាប់​បរាជ័យ និង​មាន​កំហុស​​ច្រើន​រាប់​មិន​អស់។ ប៉ុន្តែ អ្វី​ដែល​​សំខាន់​នោះ​គឺ​ថា លោក​នៅ​តែ​ព្យាយាម​ក្រោកឈរ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​មិន​បោះបង់​ជាដាច់ខាត និង រៀនសូត្រ​ពី​​វា​ជានិច្ច។ គោលការណ៍​គ្រឹះ​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង​ ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​បាន​ធ្វើ​​ឲ្យ​លោក​​អាច​ឈោង​ចាប់​តំណែង​ខ្ពស់ៗ​ជា​បន្តបន្ទាប់។ លោក ប្រធានាធិបតី Abraham Lincoln ​​ដែល​ជា​ប្រធានាធិបតី​ទី​១៦​របស់​អាមេរិក​នៅ​ពេល​នោះ​បាន​តែងតាំង​លោក ជា​ឧត្តមសេនីយ៍ឯក ហើយ​បន្ទាប់​មក​បាន​ក្លាយ​ជា​អគ្គមេបញ្ជាការ​កងទ័ព​​តែម្តង។ ​

​​មិន​ខុស​អ្វី​ពី​លោក Grant សហគ្រិន​ទូទៅ​ក៏​មិនអាច​ជៀស​ផុត​ពី​កំហុស​នានា និង ​ការ​បរាជ័យ​មួយចំនួន​​នោះ​ឡើយ។ ប៉ុន្តែ អ្វី​ដែល​​​​សហគ្រិន​ត្រូវ​ដឹង​ នោះ​​គឺ​​ការ​រៀនសូត្រ​ពី​បញ្ហា​ទាំងនេះ​ដើម្បី​កំណត់​ភាព​ជោគជ័យ​របស់​​ខ្លួន​បាន។

លោក Ulysses S. Grant ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖« មួយ​ក្នុង​ចំណោម​ភាព​អស្ចារ្យ​​ជា​ច្រើន​ទៀត​របស់​ខ្ញុំ​នោះ​គឺ​ថា នៅ​ពេល​ដែល​ខ្ញុំ​ទៅ​កន្លែងណា​មួយ​ ឬ ធ្វើ​អ្វី​មួយ ​ខ្ញុំ​មិន​​បោះបង់​​ជាដាច់ខាត​ ​ ដរាបណា​ខ្ញុំ​មិន​បាន​ជោគជ័យ»។

៤) លោក George S. Patton មេបញ្ជាការ​កងទ័ព​អាមេរិក ​(១៨៨៥-១៩៤៥)
មេរៀន​​សម្រាប់​សហគ្រិន: ជួយ​សមាជិក​ក្រុម​​ការងារ​ឲ្យ​បង្កើត​សមិទ្ធផល​កាន់តែ​ប្រសើរ​ឡើង

លោក Patton មាន​​កេរ្តិ៍ឈ្មោះ​ល្បី​​​ខាង​​ចិត្តសាស្ត្រ​យោធា ការ​លើក​ទឹកចិត្ត និង ការ​បញ្ចុះបញ្ចូល​ដ៏​ប៉ិនប្រសព្វ។ ក្នុង​​សមរភូមិ​ Bulge នា​​សង្គ្រាម​លោក​លើក​ទី២ នៅ​អំឡុង​ពេល​ដែល​កងទ័ព​អាល្លឺម៉ង់​​ហ៊ុមព័ទ្ធ​​ចង់​វាយកម្ទេច​​កងទ័ព​អាមេរិក​នៅ​តំបន់ Bastogne មេបញ្ជាការ​រួប​នេះ​​បាន​បញ្ចៀស​​​​ស្ថានការណ៍​​ប្រើ​យុទ្ធសាស្ត្រ​​រំដោះ​កងទ័ព​​របស់​លោក​ឲ្យ​រួចផុត​ពី​​​ក្រញាំ​កងទ័ព​​អាល្លឺម៉ង់ ទោះបី​ជា​ត្រូវ​ឆ្លងកាត់​ព្រិល​ និង ព្យុះ​ទឹកកក​យ៉ាងណា​ក៏ដោយ។ ​​​​​​​​​​​​​

នៅ​ក្នុង​វិស័យ​អាជីវកម្ម​ក្តី នយោបាយ​ក្តី អ្នក​ដឹកនាំ​ដែល​ល្អ គឺ​ជា​បុគ្គល​​​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ក្រោម​បង្គាប់​​របស់​ខ្លួន​ទទួល​បាន​សមិទ្ធផល​​ដ៏​អស្ចារ្យ​មួយ ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ដ៏​តឹងតែង​ក៏ដោយ។ ចំណុច​នេះ មាន​សារសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ពួកគេ​សម្រេច​គោលដៅ​របស់​ខ្លួន​បាន និង ​អាច​ពង្រឹង​អាជីព​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង។

«កុំ​ប្រាប់​ពួកគេ​​ពី​របៀប​ធ្វើ​អ្វី​មួយ តែ​ត្រូវ​ប្រាប់​ពួកគេ​​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ពួកគេ​នឹង​ភ្ញាក់ផ្អើល​​សមិទ្ធផល​របស់​ខ្លួន»។ នេះ​​ជា​ប្រសាសន៍​របស់​លោក George S. Patton។

៥) លោក Dwight D. Eisenhower ប្រធានាធិបតី​ទី​៣៤​របស់​អាមេរិក (១៨៩០-១៩៦៩)
មេរៀន​សហគ្រិន: បង្កើត​វប្បធម៌​សហការ​នៅ​ក្នុង​ក្រុមហ៊ុន

បើ​​យោង​តាម​ប្រភព​​ប្រវត្តិសាស្ត្រ​យោធា​អាមេរិក (U.S. Army of Military History) លោក Eisenhower គឺ​ជា​ប្រធានាធិបតី​មួយ​រួប​ដែល​មាន​ចិត្តសាស្ត្រ​រឹងមាំ និង ​បំផុស​ភាព​ជឿជាក់​ដល់​មនុស្ស​គ្រប់គ្នា។ គេ​បាន​ចាត់ទុក​​រួប​លោក​ថា ជា​​​ប្រធានាធិបតី​​ដែល​ពូកែ​ខាង​​សម្របសម្រួល​ក្នុង​ជម្លោះ​រវាង​គូបដិបក្ខ និង រៀបចំ​​​​យុទ្ធសាស្ត្រ​​ដ៏​រឹងមាំ​​​សម្រាប់​ខិតខំ​ប្រឹងប្រែង​លើ​ការ​សម្រេច​គោលដៅ​រួម។

ផ្អែក​លើ​សមត្ថភាព​​ដឹកនាំ​របស់​លោក Eisenhower គេ​អាច​យក​មក​សិក្សា​​​នៅ​ក្នុង​​វិស័យ​សហគ្រាស​​អាជីវកម្ម​​នៅ​ពេល​បច្ចុប្បន្ន​​បាន ​ដែល​នោះ​គឺ​ថា អាជីវកម្ម​មួយ​នឹង​ទទួល​បាន​សមិទ្ធផល​នៅ​ពេល​ដែល​មនុស្ស​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ពី​ទំព័រ​មួយ​ដូចគ្នា ពោល​គឺ​​ការ​សហការ​​​រួម​ដែល​គ្មាន​ទី​បញ្ចប់។ ​​​​​​​​​

លោក Eisenhower មាន​ប្រសាសន៍​ដូច្នេះ​ថា៖« ការ​ដឹកនាំ គឺ​ជា​សិល្បៈ​​​ធ្វើ​ឲ្យ​​អ្នក​ដទៃ​​​ធ្វើ​អ្វី​ដែល​​​​​​អ្នក​ដឹកនាំ​​ និង បុគ្គល​នោះ​ចង់​ធ្វើ ទើប​អាច​សម្រេច​គោលដៅ​​រួម​បាន»៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.