staffs

របស់​៩យ៉ាង​ដែល​បុគ្គលិក​ត្រូវការ​​​​ពី​ក្រុមហ៊ុន​ក្រៅពី​ប្រាក់ខែ

1378100_3639987616221_198222817_n

ការ​ផ្ដល់​​​ប្រាក់ខែ​ខ្ពស់​​​ពេល​ខ្លះ​​មិន​ប្រាកដ​ថា ​អាច​ធ្វើ​ឲ្យ​​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​​​មាន​ទឹកចិត្ត​កាន់តែ​ខ្ពស់​ចង់​ធ្វើ​ការ​ឲ្យ​​ខ្លួន​​ជា​រៀង​រហូត​​នោះ​ឡើយ។ ការ​​ប្ដេជ្ញា​ចិត្ត គុណ​តម្លៃ​ក្នុង​ការងារ ការ​លើក​ទឹកចិត្ត គឺ​ជា​មូលដ្ឋាន​គ្រឹះ​​យ៉ាង​សំខាន់​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​នោះ​​ត្រូវ​ផ្តល់​ឲ្យ​​បុគ្គលិក​របស់​ខ្លួន។

សម្រាប់​អាជីវកម្ម ឬ មុខ​ជំនួញ ការ​ស្វែង​យល់​ពី​គុណ​​តម្លៃ​សំខាន់ៗ​ខាងក្រោម​នេះ ​បាន​រួមចំណែក​យ៉ាង​​​មហាសាល​ជួយ​ឲ្យ​ការងារ​នោះ​ទទួល​បាន​ជោគជ័យ។

១) សេរីភាព​
បុគ្គលិក​ដែល​​អនុវត្ត​​ការងារ​បាន​ល្អ​ប្រសើរ គឺ​ជា​​គុណ​សម្បត្តិ​ដ៏​សំខាន់​ធ្វើឲ្យ​ក្រុមហ៊ុន​​​នោះ​ទទួល​បាន​ជោគជ័យ។ ប៉ុន្តែ កិច្ចការ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​​អាច​​​ទទួល​បាន​លទ្ធផល​ល្អ​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​រាំង​មាំ​ដូច​ទ្រុង​ដែក​​នោះ​ឡើយ។ ស្វ័យភាព និង​សេរីភាព​ការងារ ​​គឺ​ជា​ថ្នាល​​ពង្រីក​ការ​ទំនាក់ទំនង និង ការ​ពេញចិត្ត​ពេញ​ថ្លើម​​​ក្នុង​បរិស្ថាន​ការងារ​ ដែល​នេះ​​ជា​គ្រឹះ​នៃ​ការ​បង្កើត​ថ្មី​ និង​ការ​ច្នៃប្រឌិត។ ដូច្នេះ សូម​ផ្តល់​សេរីភាព​ដល់​បុគ្គលិក​ជីកកកាយ​​នូវ​អ្វី​ដែល​គេ​យល់​ថា​ ពិត​ជា​ត្រឹមត្រូវ​ និង​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។​​​​​

២) គោលដៅ​​
ការ​បំពេញ​​​ការងារ​របស់​​បុគ្គលិក​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ធ្វើ​ឡើង​ដើម្បី​សម្រេច​​ឲ្យ​​បាន​គោលដៅ​មួយ​របស់​ក្រុមហ៊ុន​នា​ពេល​ខាងមុខ។ គោលដៅ​ដ៏​ច្បាស់លាស់​ អាច​​ជួយ​បង្កើត​​មហិច្ឆតា និង ការ​ឲ្យ​តម្លៃ​​​របស់​បុគ្គលិក​​ខិតខំ​បំពេញ​ការងារ​នោះ​ជា​បន្តបន្ទាប់។

ការងារ​ដែល​គ្មាន​គោលដៅ​ច្បាស់លាស់​ប្រៀប​ដូច​ជា​​មនុស្ស​​ពិការ​ភ្នែក ដូច្នេះ​​ម្ចាស់​ក្រុមហ៊ុន​ ឬ​ថ្នាក់​ដឹក​នាំ​ត្រូវ​ពន្យល់​ពី​គោលដៅ​របស់​ក្រុមហ៊ុន​ឱ្យ​បាន​ច្បាស់​ដល់​បុគ្គលិក ​កុំ​ឱ្យ​បុគ្គលិក​បំពេញ​ការងារ​ទាំង​តែលតោល​​ដូច​ទូក​នៅ​កណ្ដាល​​​​សមុទ្រ​មិន​​ដឹង​ទិស​ដៅ។

៣) បេសកកម្ម​
ពាក្យ​ថា​​ “ធំ​ជាងគេ​បំផុង លឿន​ជាងគេ​បំផុត មាន​គុណភាព​ជាងគេ​បំផុត” នេះ​គឺ​ជា​ក្តី​ប្រាថ្នា​ធំ​​មួយ​ទៀត​របស់​បុគ្គលិក​​ដែល​ចង់​​ឮ​ចេញ​ពី​​មាត់​របស់​អតិថិជន និង​ សាធារណជន​មក​លើ​ក្រុមហ៊ុន ឬ ស្ថាប័ន​របស់​ខ្លួន។ ត្រង់​ចំណុច​នេះ ក្រុមហ៊ុន​ត្រូវ​​​បង្ហាញ​​បុគ្គលិក​នីមួយៗ​​ពី​​បេសកកម្ម​របស់​ខ្លួន​ ឲ្យ​បាន​ច្បាស់លាស់​ថា ​តើ​ខ្លួន​ចង់​សម្រេច​គោលដៅ​អ្វី? ទន្ទឹម​នឹង​​បង្ហាញ​​​ការងារ​ជាក់ស្តែង និង​​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​លាស់?

៤) ការ​លើកទឹកចិត្ត
ការ​លើកទឹកចិត្ត​គឺ​ជា​គុណ​តម្លៃ​យ៉ាង​ពិសេស​មួយ​ទៀត​ដែល​​បុគ្គលិក​គ្រប់រូប​ត្រូវ​ការ​ជា​ទីបំផុត​​​​ក្នុង​បរិស្ថាន​ការងារ។ ភាព​ថ្លោះធ្លោយ​របស់​បុគ្គលិក គឺ​ជា​កំហុស​មួយ​ តែ​ការ​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិត​ជា​ដំណោះស្រាយ​ល្អ​ប្រសើរ។

ដូច្នេះ ​ចូរ​បើក​ឱកាស​ឲ្យ​បុគ្គលិក​​​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ឡើង​វិញ ទន្ទឹម​នឹង​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​រិះគន់​​ក្នុង​ន័យ​ស្ថាបនា​ បន្សល់​ទុក​នូវ​ការ​ប្ដេជ្ញា​ចិត្ត​​មួយ​​ដល់​បុគ្គលិក​​លើ​ការងារ​របស់​ខ្លួន។​​​​ ​

​​ការ​លើក​ទឹក​ចិត្ត​ មិន​​ត្រឹម​តែ​​ពាក្យ​សម្ដី​ដែល​ពោលសរសើរ​ស្នាដៃ​របស់​បុគ្គលិក​នោះ​ទេ​ ​ក្រុមហ៊ុន​អាច​​ចេញ​ជា​លិខិត​សរសើរ​ ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ ដំឡើង​ប្រាក់​បៀរវត្សរ៍​ ​ផ្ដល់​ឱកាស​ឱ្យ​បុគ្គលិក​ឈប់​សម្រាក​លំហែ​កាយ​ និង​​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ទៀត។ កុំ​ភ្លេច​ណា​ សូម្បី​តែ​ស្នាម​ញញឹម​​របស់​មេដឹក​នាំ​​​​​​ដាក់​បុគ្គលិក​ ក៏​ជា​​ផ្នែក​តូច​មួយ​នៃ​​ការ​លើក​ទឹក​ចិត្ត​បុគ្គលិក ដោយ​ប្រយោល​ដែរ។ ​

៥) ការ​រួមចំណែក
ក្រុមហ៊ុន​ទាំងឡាយ​ត្រូវ​យល់​ថា បុគ្គលិក​គ្រប់រូប​ចង់​រួម​ចំណែក​ផ្តល់​មតិ និង គំនិត​ខ្លះៗ​​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ពួកគេ។ ការ​បដិសេធន៍ ឬ រាំង​ខ្ទប់​​ឱកាស​ឲ្យ​បុគ្គលិក​បង្ហាញ​សមត្ថភាព​​របស់​ខ្លួន ប្រៀប​ដូច​ជា​ការ​បិត​ឆ្នាំង​បាយ​​របស់​ក្រុមហ៊ុន​ដូច្នេះ​ដែរ។ ទោះបី​ជា​គំនិត​ទាំងអស់​នោះ​មិន​អាច​យក​មក​អនុវត្ត​ទាំង​ស្រុង​ ការដែល​ធ្វើ​​ឲ្យ​បុគ្គលិក​​មាន​អារម្មណ៍​ថា​គំនិត​របស់​គេ​ពិតជា​មាន​តម្លៃ​ នោះ​គឺ​ជា​ការ​គ្រប់គ្រាន់​។

​៦) ទំនាក់ទំនង
​ប្រធាន​ក្រុមហ៊ុន​ទូទៅ​​​តែង​ចាត់ទុក​ថា កិច្ចប្រជុំ​ផ្លូវ​ការ​​មួយ​​​​រវាង​ខ្លួន និង​បុគ្គលិក​ស្ដីពី​បញ្ហា​ការងារ​​មាន​សារសំខាន់​​​ជាង​សកម្មភាព​ផ្សេងៗ​ទៀត​​ជួយ​ជំរុញ​ឲ្យ​ការងារ​នោះ​ទទួល​បាន​ជោគជ័យ។

ប៉ុន្តែ នោះ​ជា​ការ​យល់​ឃើញ​ខុស​ស្រលះ ត្បិតអី​ការ​​ប្រាស្រ័យ​​ទាក់ទង​​​​ខ្លីៗ សាមញ្ញៗ​របស់​​បុគ្គលិក​​ក្រៅ​ផ្លូវការ​មួយចំនួន​ជា​មួយ​​​បុគ្គលិក​ដទៃទៀត​ គឺ​ធាតុផ្សំ​មួយ​ដ៏​សំខាន់​ជួយ​ឲ្យ​​ក្រុមហ៊ុន​នោះ​​ទទួល​បាន​ជោគជ័យ​ អាច​ល្អ​ជាង​​​ទំនាក់ទំនង​ក្នុង​កិច្ចប្រជុំ​ផ្លូវការ​របស់​ខ្លួន​ទៀត​ផង​ក៏​មិនដឹង។

៧) សមភាព​
បុគ្គលិក​​ទូទៅ​អាច​ទ្រាំទ្រ​នឹង​ការងារ​របស់​ខ្លួន​បាន​ លុះត្រាតែ​អ្នក​គ្រប់គ្រង​​របស់​ក្រុមហ៊ុន បង្គាប់​បុគ្គលិក​ដោយ​​​ស្មើភាព​ ​មិន​កាន់​ជើង​មួយ​ទម្លាក់​ជើង​មួយ​ចោល​នោះ​ឡើយ។ បុគ្គលិក​​ម្នាក់​​មាន​របៀប​គ្រប់គ្រង​ផ្សេង​គ្នា ប៉ុន្តែ​​ភាព​ស្មើគ្នា​ត្រូវតែ​ធ្វើ​ឲ្យ​បាន​នៅ​​កន្លែង​ការងារ។ ដូច្នេះ​ ស្គាល់​បុគ្គលិក​កាន់តែ​ច្បាស់ ទទួល​បាន​​ផ្លែផ្កា​កាន់តែ​ល្អ។​​​​​

៨) ការ​ចែករំលែក​ចំណេះដឹង
​រឿង​មួយ​ទៀត​ដែល​បុគ្គលិក​ទូទៅ​ចង់​បាន​ពី​ក្រុមហ៊ុន​នោះ​គឺ​​ការ ​ទទួល​បាន​ចំណេះដឹង​មកវិញ​ពី​ក្រុមហ៊ុន​យ៉ាង​ពិត​ប្រាកដ​សម្រាប់​អាជីព​ការងារ​របស់​ខ្លួន​នៅ​ពេល​អនាគត។

ការ​ផ្តល់​ចំណេះដឹង និង​ការ​បង្ហាត់​បង្រៀន​​ឲ្យ​បុគ្គលិក​ឲ្យ​មាន​ជំនាញ​កាន់តែ​​​ខ្ពស់ បើ​ទោះបីជា​ដឹង​ថា បុគ្គលិក​នោះ​​នឹង​មិន​​​ធ្វើ​ការ​ឲ្យ​ខ្លួន​ជា​រៀង​រហូត​​យ៉ាងណា​ក៏ដោយ នេះ​​​ជា​ឥទ្ធិពល​លើក​​ទឹកចិត្ត​​​យ៉ាង​មាន​ប្រសិទ្ធភាព​មួយ​ដល់​ពួកគេ​គេ។ ត្រូវ​ចាំ​ថា បើ​ក្រុមហ៊ុន​មួយ​​យក​ចិត្ត​ទុកដាក់​ចំពោះ​បុគ្គលិក បុគ្គលិក​​ក្រុមហ៊ុន​នោះ​ក៏​​យកចិត្ត​ទុក​​​ដល់​ក្រុមហ៊ុន​នោះ​វិញ​​​ដែរ។

​៩) បិរិយាកាស​ការងារ​
គួរ​រៀប​ចំ​កន្លែង​ការងារ​ឱ្យ​បុគ្គលិក​មាន​របៀប​រៀប​រយ​ មាន​ខ្យល់​គ្រប់គ្រាន់​ ​​ប្រកប​ដោយ​​អនាម័យ​ និង​ផាសុកភាព។ ​​ក្នុង​បន្ទប់​យ៉ាង​ហើចណាស់​​អាច​​​មាន​ការ​តុបតែង​តិចតួច​ មាន​តុ​ទូ​​ដាក់​ឯកសារ​ ដែល​​មើល​ទៅ​សម​ជា​ការិយាល័យ​ការងារ​​៕​

1378002_3640070338289_622107985_n

Facebookgoogle_pluslinkedinmailby feather

Comments are closed.