Cambodia

Angkor-Wat-I

នៅចន្លោះសតវត្សរ៍ទី៩ ដល់ពាក់កណ្តាលសតវត្សរ៍ទី១៥គ.ស អាណាចក្រខ្មែរ គឺជាមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយកាន់កាប់ទឹកដីយ៉ាងធំ គ្របដណ្តប់លើទឹកដីនៃប្រទេសកម្ពុជា ថៃ ឡាវ និងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន។

ចម្ប៉ា

នៅខាងកើតអាណាចក្រខ្មែរ គេឃើញមានពួកចាម នៅនគរចម្ប៉ា។ ពួកចាមមានដើមកំណើតមកពីម៉ាឡេស៊ី (មកពីកោះស៊ូម៉ាត្រា ឬជ្វា) ហើយបានមកតាំងទីលំនៅ នៅតាមបណ្តោយឆ្នេរប៉ែកខាងកើតឥណ្ឌូចិន និងបានបង្កើតទៅជារដ្ឋមួយឡើង នៅចន្លោះសតវត្សរ៍ទី២ ទៅសតវត្សរ៍ទី១ មុនគ.ស។ នគរចម្ប៉ាបានចាប់កំណើតមុននគរភ្នំ ឬហ៊្វូណនទៅទៀត ក៏ប៉ុន្តែ គិតចាប់ពីសតវត្សរ៍ទី៣មក នគរចម្ប៉ាមានការរីកចម្រើនខ្សោយជាងនគរហ៊្វូណន ជាពិសេស ខាងបច្ចេកទេសក្នុងការធ្វើសឹកសង្រ្គាម។ នគរចម្ប៉ា និងនគរខ្មែរ គឺជាគូប្រជែងនឹងគ្នា ហើយតែងតែធ្វើសង្រ្គាមនឹងគ្នាជារឿយៗ។ ក៏ប៉ុន្តែ សង្រ្គាមធំជាងគេ ដែលកំណត់ជោគវាសនា និងកែប្រែប្រវត្តិសាស្រ្តរបស់ពួកចាម គឺសង្រ្គាមទល់នឹង នគរអាណ្ណាម ឬដាយវៀត។

អាណ្ណាម

នគរអាណ្ណាមស្ថិតនៅខាងជើងនគរចម្ប៉ា ក៏ប៉ុន្តែ ចាប់ពីសតវត្សរ៍ទី១មុនគ.ស រហូតទៅដល់ សតវត្សរ៍ទី១០គ.ស (ក្នុងរយៈពេលប្រមាណជា១ពាន់ឆ្នាំ) អាណ្ណាមស្ថិតនៅក្រោមការកាន់កាប់របស់ចិន ពោលគឺ គឺគ្រាន់តែជាអាណាខេត្តមួយប៉ុណ្ណោះរបស់ចិន។ ពេលខ្លះ ចិនបានហៅអាណ្ណាមនេះថា “ណាមវៀត”។

រហូតដល់ឆ្នាំ៩៣៩ ពួកអាណ្ណាមបានទាមទារឯករាជ្យ ទៅបង្កើតជានគរដាច់ពីចិន ក៏ប៉ុន្តែ មិនយូរប៉ុន្មាន នគរថ្មីនេះនៅតែត្រូវធ្លាក់ទៅជានគរចំណុះរបស់ចិនវិញដដែល។ ចិន ដែលចាប់ពីឆ្នាំ៩៦០ ដល់ឆ្នាំ១២៧៩ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជវង្សសុង។

ក្នុងការព្យាយាមរើបម្រះពីនឹមអាណានិគមរបស់ចិន ពួកអាណ្ណាមតែងតែបានងើបឡើងបះបោរ ធ្វើសង្រ្គាមទល់នឹងកងទ័ពចិនជារឿយៗ។ ទៅទិសខាងត្បូងឯណោះវិញ ពួកអាណ្ណាម និងពួកចាមក៏តែងតែធ្វើសង្រ្គាមឈ្លានពានគ្នាទៅវិញទៅមកឥតឈប់ដែរ ក៏ប៉ុន្តែ នៅទីចុងបំផុត គឺនគរចម្ប៉ា ដែលត្រូវបរាជ័យ ដោយត្រូវនគរអាណ្ណាមឈ្លានពានចូលកាន់កាប់ទាំងស្រុង នៅឆ្នាំ១៤៧១។ នគរចម្ប៉ាត្រូវរលំ ហើយពួកចាម ក៏បាននាំគ្នារត់ខ្ចាត់ខ្ចាយចេញពីនគរ ដោយភាគច្រើនរត់ភៀសខ្លួនទៅជ្រកកោន នៅក្នុងអាណាចក្រខ្មែរ ហើយខ្លះទៀតរត់ទៅម៉ាឡាកា នៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន។

លាវ

នៅខាងលិចអាណាម និងខាងជើងនគរខ្មែរ មានប្រជាជនមួយទៀត គឺលាវ។ លាវធ្លាប់ជានគរឯករាជ្យមួយ នៅខាងជើងនគរហ៊្វូណន។ ក៏ប៉ុន្តែ បន្តិចម្តងៗ ប្រទេសលាវត្រូវធ្លាក់ទៅក្រោមការត្រួតត្រារបស់ខ្មែរ ដោយដំបូងត្រឹមជានគរចំណុះ ហើយបន្ទាប់មកទៀត នៅក្នុងសម័យអង្គរ ដែនដីនៃប្រទេសលាវត្រូវបានអាណាចក្រខ្មែរវាតទីកាន់កាប់ទាំងស្រុង។ រហូតដល់ចុងសតវត្សរ៍ទី១៤ ទើបប្រទេសលាវចាប់ផ្តើមលេចរូបរាងសាជាថ្មីឡើងវិញ។ ក៏ប៉ុន្តែ លាវស្ថិតនៅជាប្រទេសទន់ខ្សោយ ទទួលរងនូវការគំរាមកំហែងជាប្រចាំពីសំណាក់ប្រទេសជិតខាង។

ពួកមន (នៅភូមា)

នៅខាងកើតអាណាចក្រខ្មែរ មានប្រទេសមួយ ដែលខ្មែរហៅថា “ស្រុកមន” ហើយដែលមានទីតាំងនៅត្រង់ប្រទេសភូមាសព្វថ្ងៃ។ កាលពីមុន ស្រុកមន និងស្រុកខ្មែរ មានព្រំប្រទល់ជាប់គ្នា នៅត្រង់ម្តុំព្រំប្រទល់ភូមា និងថៃបច្ចុប្បន្ន។ ចំណែកឯប្រទេសថៃវិញ នៅមិនទាន់មានរូបរាងនៅឡើយទេ នៅពេលនោះ។

ថៃ ឬសៀម

នៅក្នុងសិលាចារឹក គេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃ ឬសៀម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាចាប់ពីសតវត្សរ៍ទី១២មក។ ពួកថៃ ឬសៀម កាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិន ហើយបានចាប់ផ្តើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូង បន្តិចម្តងៗ ចាប់តាំងពីសតវត្សរ៍ទី៩។

ពីដំបូង គេឃើញពួកថៃ ឬសៀមបានចុះមកតាំងទីលំនៅ នៅភាគខាងជើងប្រទេសលាវសព្វថ្ងៃ និងនៅឈៀងម៉ៃ។ ចំនួនពួកថៃ ឬសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងៗ ហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួន ដូចជា សុខោទ័យ ឆៀងសែន ឈៀងម៉ែ ស្រែមួយលាន និងអយុធ្យា។ ក៏ប៉ុន្តែ ពីដំបូង នគរទាំងអស់នេះជានគរទន់ខ្សោយ ហើយស្ថិតនៅក្រោមការឥទ្ធិពលរបស់អាណាចក្រខ្មែរ។

នៅពេលដែលអាណាចក្រខ្មែរចាប់ផ្តើមធ្លាក់ចុះខ្សោយ នគររបស់ពួកថៃ ឬសៀម ក៏បានពង្រឹងប្រទេសរបស់ខ្លួនបន្តិចម្តងៗ ឲ្យទៅជានគរដែលមានអធិបតេយ្យពេញលេញ ដោយចាប់ផ្តើមពីសុខោទ័យ នៅអំឡុងសតវត្សរ៍ទី១៣។ បន្ទាប់មកទៀត នៅសតវត្សរ៍ទី១៤ ក្រោយពីស្តេចរាមកំហែងចូលទិវង្គត សុខោទ័យត្រូវធ្លាក់ដុនដាប ហើយត្រូវធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀត គឺនគរអយុធ្យា។ គឺអយុធ្យានេះហើយ ដែលបានពង្រីកអំណាចនគរសៀម ហើយជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរ នៅចុងសម័យអង្គរ។

ម៉ាឡេ

ងាកទៅប៉ែកខាងសមុទ្រវិញ នៅប៉ែកខាងត្បូងអាណាចក្រខ្មែរ គេឃើញមានអាណាចក្រដ៏ធំមួយ គឺអាណាចក្រស្រីវិជ័យ (Srivijaya) របស់ពួកម៉ាឡេ ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មានដែនដីគ្របដណ្តប់រហូតទៅដល់ កោះជ្វា (Java) កោះបរណេអូ (Borneo) និងម៉ាឡាកា នៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ ពោលគឺ ពាសពេញដែនដីនៃប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងព្រុយណេសព្វថ្ងៃ។ នៅអំឡុងសតវត្សរ៍ទី១៣ អាណាចក្រស្រីវិជ័យបានធ្លាក់ចុះទន់ខ្សោយរហូតត្រូវធ្លាក់ទៅជានគរចំណុះឲ្យអាណាចក្រខ្មែរ ហើយក្រោយមកទៀត ជានគរចំណុះរបស់នគរសុខោទ័យរបស់សៀម។ នៅដើមសតវត្សរ៍ទី១៥ អាណាចក្រស្រីវិជ័យត្រូវដួលរលំ ហើយបែកខ្ញែកទៅជានគរតូចៗផ្សេងៗពីគ្នា៕

***ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែម សូមអានសៀវភៅ “Histoire du Cambodge” របស់លោក Adhémar Leclère (ជាភាសាបារាំង) ឬសៀវភៅ “A History of Cambodia” របស់លោក David Chandler (ជាភាសាអង់គ្លេស)។

one song 5$ 001 copy

one song 5$ 002 copy

one song 5$ copy

1888725_665817233456579_1847085056_n

Facebookgoogle_pluslinkedinmailby feather

Comments are closed.