EinsteinEn

មេរៀន​ជីវិត​​​ល្អៗ​ទាំង​៧ដែល​លោក​​អ្នក​គួរ​រៀន​សូត្រ​​ពី​​កំពូល​ទស្សនវិទូ​ និង​រូបវិទូ​អាល្លឺម៉ង់​លោក​ ​ Albert EinsteinEn

m1548

នៅ​ពេល​កន្លង​មក ប្រិយមិត្ត​គ្រប់រូប​ប្រហែល​ជា​ធ្លាប់​ស្គាល់​ឈ្មោះ​លោក Albert Einstein ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​​ទស្សនវិទូ​ និង រូប​វិទូ​ដ៏​ល្បីល្បាញ​របស់​អាល្លឺម៉ង់​នា​ចុង​សតវត្ស​ទី ១៩ និង ដើម​សតវត្ស​ទី​២០។ ​បាន​​កើត​នៅ​ក្នុង​ឆ្នាំ ១៨៧៩ បាន​​ស្លាប់​ក្នុង​អាយុ ៧៩ ឆ្នាំ។ យ៉ាងណាមិញ ទ្រឹស្ដី​សំខាន់ៗ​របស់​លោក​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ៧ ចំណុច​​ក្នុង​ចំណោម​ទ្រឹស្ដី​សំខាន់​ៗពី​តម្លៃ​ជីវិត​​របស់​លោក ត្រូវ​បាន​ TheBNEWS បង្ហាញ​ជូន​ប្រិយមិត្ត​ស្វែង​យល់​ដូច​ខាងក្រោម​នេះ៖ ​​​​​​

១) មាន​មហិច្ឆតា​ចង់​ចេះ​ចង់​ដឹង
« ខ្ញុំ​​គ្មាន​វេទមន្ត​វ័យ​ឆ្លាត​​ដ៏​ពិសេស​ណា​មួយ​នោះ​ឡើយ តែ​ខ្ញុំ​គឺ​ជា​មនុស្ស​ដែល​ចង់​ចេះ​ចង់​ដឹង​​បំផុត»។ នេះ​សម្ដី​របស់​ Albert Einstein។

នៅ​ពេល​ដែល​អ្នកប្រាជ្ញ​រូប​នេះ​បាន​លើកឡើង​ដូច្នេះ​​ចែក​រំលែក​ដល់​សាធារណជន​ទូទៅ គេ​អាច​យល់​បាន​ថា ​ការ​ចង់​ចេះ​ចង់​ដឹង​ គឺ​ជា​មហិច្ឆតា​​​ពិត​​​ពេញ​មួយ​ឆាក​ជីវិត​របស់​លោក​តែម្តង។ តាម​​ការ​ពន្យល់​របស់​លោក នៅ​ពេល​ដែល​យើង​ចេះ​តែ​ចង់​ដឹង​ដោយ​ឥត​ព្រំដែន យើង​នឹង​កាន់តែ​ទទួល​បាន​ចំណេះដឹង​ និង យល់​បញ្ហា​ថ្មីៗ​កាន់តែ​ជ្រៅ​ឡើងៗ។ នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​លោក Einstein ​ខុស​ពី​មនុស្ស​សាមញ្ញ។ ការ​ចង់ចេះ​ចង់​ដឹង​គឺ​ជា​ការ​ជីក​កកាយ​រក​អ្វី​មួយ​ដែល​គ្មាន​អ្នកណា​ទៅ​ដល់ ឬ រក​ឃើញ​ឡើយ ហើយ​នៅ​ពេល​ដែល​អ្នក​មាន​ទស្សន​វិស័យ​កាន់តែ​វែង​ឆ្ងាយ និង អាច​​បក​ស្រាយ​រល់​​ចម្ងល់​ទាំង​អស់​បាន ​​​ ជីវិត​របស់​អ្នក​នឹង​​ផ្ទុយ​ពី​មនុស្ស​សាមញ្ញ ដែល​នោះ​គឺ​ជា​អ្នក​ប្រាជ្ញ​​នូវ​អ្វី​ដែល​លោក Einstein ធ្លាប់​ឆ្លងកាត់​នេះ​ឯង។

២) ការ​តស៊ូ​​ព្យាយាម​ គឺ​ជា​គុណ​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន
«ខ្ញុំ​មិនមែន​ជា​មនុស្ស​ឆ្លាត​នោះ​ទេ។ អ្វី​គឺ​គ្រាន់​តែ​ថា ខ្ញុំ​រស់​នៅ​ជា​មួយ​បញ្ហា​រហូត​»។ នេះ​ជា​ប្រសាសន៍​របស់​​លោក Einstein។

ដូច​អ្វី​ដែល​​គេ​បាន​​មើល​ឃើញ​ដូច្នេះ​ដែរ​នោះ​គឺ​ថា ​ការ​តស៊ូ​ព្យាយាម​​គឺ​ជា​គុណសម្បត្តិ​ដ៏​ពិសេស​ដែល​មាន​នៅ​ក្នុង​ខ្លួន​បុគ្គល​ជោគជ័យ​ទាំងអស់ ហើយ​នោះ​ជា​កូនសោ​សម្រាប់​​ចាក់​យក​​ចំណេះដឹង និង ទ្រព្យធន​របស់​ខ្លួន។ បើ​អ្នក​គិត​តាម​ទស្សន​របស់​របស់​​ទស្សនវិទូ​​ដ៏​កំពូល​រូប​នេះ រាល់​បញ្ហា​ទាំងអស់​សុទ្ធតែ​មាន​ដំណោះស្រាយ​របស់​វា ហើយ​ប្រសិន​បើ​​អ្នក​ព្យាយាម​​នៅ​កៀកកើយ​បញ្ហា​ទាំង​នោះ​ស្វែង​រក​​គន្លឹះ​​គ្រប់​ច្រកល្ហក ​អ្នក​នឹង​រក​ឃើញ​ដំណោះស្រាយ​មួយ​ជា​មិន​ខាន។ ដរាបណា​អ្នក​មិន​បោះបង់ ដរាប​នោះ​អ្នក​ក្លាយ​ជា​អ្នក​ជ័យជំនះ​រាល់​អ្វីៗ​ទាំងអស់។ ​​​

៣) បង្កើត​កំហុស
ក្នុង​ចំណុច​នេះ​លោក Einstein ​បាន​​និយាយ​ដូច្នេះ​ថា៖ « អ្នក​ដែល​មិន​មាន​កំហុស គឺ​ជា​អ្នក​ដែល​​មិន​បាន​ព្យាយាម​ធ្វើ​អ្វី​សោះ»។

ក្នុង​ចំណុច​នេះ អ្នក​ត្រូវ​ស្វែង​យល់​បន្តិច​ថា ​មិន​មែន​បង្កើត​កំហុស ហើយ​ដើរ​តាម​ផ្លូវ​របស់​របស់​លោក Einstein​ នោះ​​ទេ។ ការ​ពិត​វា​មានន័យ​ដូច​នេះ​ទេ នោះ​គឺ​ថា អ្នក​​គួរ​តែ​ហ៊ាន​ប្រឈមមុខ​​វាយ​បំបាក់​​រាល់​​ឧបសគ្គ​នានា​ និង ​ធ្វើ​អ្វី​ៗ​ដែល​យើង​មិន​ធ្លាប់​ស្គាល់ ឬ ធ្លាប់​ដឹង​​នៅ​ក្នុង​ជីវិត​របស់​យើង។ ជា​ឧទាហរណ៍​អ្នក​អាច​ចង់​រស់​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​អ្នក​មិន​ដែល​ធ្លាប់​ដឹង​ថា តើ​ការ​រស់​នៅ​សហរដ្ឋ​អាមេរិក​មាន​ស្ថានភាព​បែប​ណា​នោះ​ទេ ខណៈ​ដែល​អ្នក​កំពុង​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មិន​ធ្លាប់​ទៅ​ប្រទេស​​នេះ​។ ហេតុដូច្នេះ អ្នក​ត្រូវ​តែ​ក្លាហាន និង ស្វែង​រក​អ្វីៗ​ដែល​ថ្មី​ទោះបី​ជា​អ្នក​បរាជ័យ ឬ មាន​កំហុស​យ៉ាងណា​ក៏ដោយ។

៤) បង្កើត​តម្លៃ​ដល់​ខ្លួន​​ឯង
«កុំ​ព្យាយាម​ធ្វើ​មនុស្ស​ដែល​ជោគជ័យ តែ​ត្រូវ​​ព្យាយាម​ធ្វើ​មនុស្ស​ដែល​មាន​តម្លៃ»។ នេះ​ជា​ទស្សន​របស់​លោក Einstein។

តាម​ពិត​ទៅ មនុស្ស​គ្រប់រូប​នៅ​លើ​ភពផែន​ដី​នេះ ព្យាយាម​រក​ពាក្យ​មួយ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​នោះ​គឺ ភាព​ជោគជ័យ​ ឬ ភាព​មាន​បាន​​នេះ​ឯង។ យ៉ាងណា​មិញ​សម្រាប់​លោក Einstein យល់​ខុស​ស្រឡះ​ពី​មនុស្ស​ទូទៅ។ លោក​ថា ទ្រព្យសម្បត្តិ ឬ ក៏​ជា​ការ​មាន​ក្រុមហ៊ុន​ធំ​សម្បើម​នៅ​ក្នុង​ដៃ​​មិនមែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​តម្លៃ​នោះ​​ឡើយ ព្រោះ​ថា​នៅ​ថ្ងៃណាមួយ​យើង​នឹង​បាត់បង់​វា​ជា​មិន​ខាន​ដូច​ជា​ពេល​ដែល​យើង​ស្លាប់​ជា​ដើម។

​ទស្សនវិទូ​រូប​នេះ​បាន​ពន្យល់​បន្ថែម​ទៀត​ថា ជោគជ័យ​គឺ​នៅ​ពេល​ដែល​យើង​​ផ្តោត​លើ​អ្វីៗ​ជា​មុន​ឲ្យ​បាន​ដិតដល់​ ធ្វើ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន នេះ​ហើយ​ជា​អ្វី​ដែល​យើង​​នឹង​ត្រូវ​ទទួល​បាន​ការ​ឲ្យ​​តម្លៃ​​ពី​អ្នក​ដទៃ​នៅ​ពេល​ដែល​យើង​អាច​បង្កើត​វា​បាន និង ស្ថិតស្ថេរ​ជា​អមត។ វា​ជា​អ្វី​ដែល​យើង​លើក​ទឹកចិត្ត​ឲ្យ​អ្នកដទៃ​​រស់​នៅ​ក្នុង​ផ្លូវ​​ដ៏​ត្រឹម​ត្រូវ​មួយ និង ធ្វើ​អ្វី​ដែល​ដែល​ត្រឹមត្រូវ​ក្នុង​ជីវិត​របស់​ខ្លួន ​ប្រកប​ដោយ​ក្រមសីលធម៌ សេចក្ដី​ថ្លៃថ្នូរ​ ។ល។​​

៥) ធ្វើ​ឲ្យ​បទពិសោធន៍​ក្លាយ​ជា​ចំណេះដឹង
​ជុំវិញ​ចំណេះដឹង​វិញ​ លោក Einstein « ព័ត៌មាន​គឺ​ជា​ចំណេះដឹង។ ប្រភព​តែ​មួយ​គត់​ដើម្បី​ទទួល​បាន​ចំណេះដឹង​ គឺ​បទពិសោធន៍​នេះ​ឯង»។

និយមន័យ​បទពិសោធន៍​តាម​​ប្រសាសន៍​របស់​អ្នកប្រាជ្ញ​រូប​នេះ គឺ​ថា បទពិសោធន៍​កើត​​មាន​​នៅ​ពេល​ដែល​បុគ្គល​ម្នាក់​បាន​​ចូល​ប្រឡូក​ ឬ ឆ្លងកាត់​ស្ថានភាព​​អ្វី​មួយ​។ ចំណេះ​ដឹង​មិនមែន​ជា​អ្វី​ដែល​បុគ្គល​នោះ​អាន​ច្រើន ឬ មាន​បណ្ណាល័យ​ដ៏​ធំ​មួយ​នៅ​ផ្ទះ​នោះ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​ស្ថានភាព​មួយ​ប្រហាក់ប្រហែល​គ្នា​​ដែល​បុគ្គល​នោះ​ធ្លាប់​ឆ្លងកាត់ និង ​មាន​ចំណេះដឹង​​យ៉ាង​ច្បាស់​ពី​បទពិសោធន៍​របស់​ខ្លួន។ មក​ដល់​ចំណុច​​នេះ តាម​ទ្រឹស្ដី​របស់​លោក Einstein ការ​ដែល​មនុស្ស​មាន​កំហុស និង មាន​បទពិសោធន៍​កាន់តែ​ច្រើន​ឡើង​ ចំណេះដឹង​របស់​បុគ្គល​នោះ​ក៏​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ ​

៦) ដឹង​ពី​ច្បាប់​របស់​​ជីវិត​
«នៅ​ពេល​ដែល​យើង​ដឹង​ពី​​របៀប​លេង​​ល្បែង​មួយ​បាន​ច្បាស់​​ យើង​នឹង​អាច​លេង​​ល្បែង​នោះ​​​បាន​កាន់តែ​ល្អ​ជាង​អ្នក​ដទៃ»។ លោក Einstein បាន​​មាន​ប្រសាសន៍​ដូច្នេះ។
ល្បែង​​របស់​លោក​នៅ​​ទី​នេះ​គឺ​ថា ជា​ល្បែង​ជីវិត​​មួយ​​ដែល​អ្នក​ត្រូវ​តែ​លេង និង ដឹង​ពី​របៀប​លេង​វា​ឲ្យ​កាន់តែ​ច្បាស់។ លោក Einstein ​បាន​ឧទាហរណ៍​ថា ដើម្បី​ក្លាយ​ជា​អ្នក​ជោគជ័យ អ្នក​ត្រូវ​មាន​ច្បាប់​សម្រាប់​ខ្លួន​ឯង​នោះ​គឺ ការ​តស៊ូ​មិន​បោះបង់​ និង បង្កើត​បទពិសោធន៍​ថ្មីៗ​នៅ​ក្នុង​ជីវិត​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​ជាង​អ្នកដទៃ​​គ្រប់​ពេល​វេលា​ឲ្យ​អស់​​ពី​លទ្ធភាព។ នៅ​ពេល​ដែល​អ្នក​មាន​ចំណុច​ពិសេស​ទាំង​នេះ អ្នក​នឹង​អាច​ឈាន​មុខ​លើ​អ្នកដទៃ​ជា​មិន​ខាន ហើយ​អ្នក​ក៏​មិន​ចាំបាច់​ជោគជ័យ​ឲ្យ​ដូច​អ្នកដទៃ​នោះ​ឡើយ តែ​អ្នក​ត្រូវ​ដើរ​លើ​ផ្លូវ និង ច្បាប់​មួយ​ដោយ​ខ្លួន​ឯង​ទើប​ជា​ការ​ប្រសើរ​បំផុត។

៧) ការ​ច្នៃប្រឌិត ជា​ថាមពល​ដ៏​មាន​សក្ដានុពល​បំផុត
​ប្រសាសន៍​របស់​លោក Einstein បាន​​អត្ថន័យ​ដូច្នេះ​ថា៖ « មនុស្ស​ដែល​មាន​ភាព​ច្នៃ​​ប្រឌិត​ខ្ពស់ ជា​មនុស្ស​ដែល​​មាន​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់។ ការ​ច្នៃប្រឌិត​មាន​សារសំខាន់​ជាង​ចំណេះដឹង​ទៅ​ទៀត»។

នៅ​ពេល​ដែល​យើង​មាន​​ចំណេះដឹង​ច្បាស់លាស់​ និង បទពិសោធន៍ ការ​ច្នៃប្រឌិត​មាន​រូបរាង​ប្រហាក់ប្រហែល​ទៅ​នឹង​ពិភពលោក 3D មួយ​នៅ​ក្នុង​ខួរក្បាល​របស់​យើង។ ភាព​ច្នៃប្រឌិត​មិនមែន​ជា​របស់​ធ្លាក់​មក​ពី​លើ​មេឃ​នោះ​ឡើយ តែ​​ជា​អ្វី​ដែល​​កើត​ឡើង​ពី​ចំណេះដឹង និង បទពិសោធន៍ ជា​ពិសេស​ការ​អាន​​នេះ​ឯង។ អំណាច​​នៃ​ភាព​ច្នៃប្រឌិត គឺ​ជា​អំណាច​ដែល​អ្នក​​អាច​បង្កើត​​​ឲ្យ​មាន​រូបភាព​ពិត​​ប្រាកដ​មួយ​នៃ​​អនាគត​របស់​អ្នក​។ វា​​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ឈាន​ជើង​​ដល់​ចំណុច​ប្រសើរ​មួយ​ដែល​គ្មាន​អ្នកណា​​ទៅ​ដល់៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.