pay1

សិល្បៈ​ចាយ​លុយ​ ៤​ របៀប ចំណាយ​​លុយ​កាន់តែ​ច្រើន ​​​កាន់តែ​មាន​ចំណូល​

Picture_-_Commission_payment_3

មនុស្ស​ភាគច្រើន​តែង​ត្អូញត្អែរ​ថា មួយខែៗ​រក​លុយ​មិន​សល់ ចំណាយ​ច្រើន​ឥតប្រយោជន៍ ប៉ុន្តែ​​ទង្វើ​នេះ​​នៅ​តែ​បន្ត​កើត​មាន​ជា​រឿយៗ។ ករណី​នេះ​​នៅ​តែ​ជា​បញ្ហា​ប្រសិន​បើ​​​ការ​ចំណាយ​យ៉ាង​ខ្ជះខ្ជាយ​លើ​សម្ភារៈ​ឬ ​វត្ថុ​ផ្សេងៗ​​ដែល​ឥតប្រយោជន៍​នៅ​តែ​​ជា​ត្រីមុខ​សម្រាប់​ពួកគេ​​​​។ បើ​ដូច្នេះ​មែន តើ​អ្វី​ទៅ​ជា​ដំណោះស្រាយ?

សម្រាប់​ប្រិយមិត្ត​ ជា​ពិសេស​លោកអ្នក​ដែល​ចង់​បើក​អាជីវកម្ម​​ ចង់​ចាកចេញ​ពី​​បញ្ហា​ខាងលើ​នេះ អាច​សាកល្បង​អនុវត្ត​វិធីសាស្ត្រ​ចំណាយ​​លុយ ​ខាងក្រោម​នេះ​នឹង​ធានា​ថា អនុវត្ត​បាន​កាន់តែ​​​ច្រើន កាន់តែ​​សន្សំ​លុយ​បាន​ច្រើន​ជា​មិនខាន។

១) ចំណាយ​ឲ្យ​​មាន​​ប្រសិទ្ធភាព
និយមន័យ​នៃ​ការ​ចំណាយ​ឲ្យ​មាន​​ប្រសិទ្ធភាព គឺ​​នៅ​ពេល​​​​​វប្បធម៌​ខ្ជះខ្ជាយចំណាយ​ច្រើន​ជាង​ចំណូល​​របស់​លោកអ្នក​​ទៅ​លើ​សម្ភារៈ​​ ឬ ចំណាយ​ផ្សេងៗ​ដែល​គ្មាន​ប្រយោជន៍​ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ។ នេះ​មិនមែន​មាន​ន័យ​ថា លោក​អ្នក​គិតតែ​ពី​ចំណូល មិន​គិត​​ពី​ចំណាយ​នោះ​ឡើយ តែ​ការ​ចំណាយ​នោះ​ ​ត្រូវ​តែ​មាន​គុណភាព ផ្តល់​អត្ថប្រយោជន៍​មក​វិញ​នៅ​​ក្នុង​ពេល​អនាគត​វែងឆ្ងាយ។

ឧទាហរណ៍​ថា អ្នក​ត្រូវ​ការ​ទិញ​គ្រែ​មួយ​ មក​ដាក់​បន្ទប់គេង​របស់​អ្នក​។ ​មាន​គ្រែ​ពីរ​ជា​ជម្រើស​របស់​អ្នក​ ដែល​គ្រែ​ទី​១​មាន​​​តម្លៃ ​​២០០​ដុល្លារ ខណៈ​ដែល​គ្រែ​ទី​ ២ ​វិញ​មាន​តម្លៃ ៧០០​ដុល្លារ។ គ្រែ​ទី​១ អាច​ប្រើ​បាន​ប្រហែល​ជា ​២​ឆ្នាំ ផ្ទុយ​ពី​គ្រែ​ទី​២​អាច​ប្រើ​បាន​រហូត​ដល់​ទៅ​២០​ឆ្នាំ។ លោក​អ្នក​នឹង​សួរ​ខ្លួនឯង​ថា តើ​​អ្នក​​គួរ​ជ្រើសរើស​គ្រែ​មួយ​ណា? ជម្រើស​ដ៏​ល្អ គឺ​គ្រែ​ទី​២ ទោះបី​ជា​វា​ថ្លៃ​ពិតមែន តែ​អ្នក​អាច​ប្រើ​វា​បាន​ច្រើន​ឆ្នាំ​ ជាង​គ្រែ​ទី១​ឆ្ងាយណាស់។ នេះ​ជា​របៀប​ចាយ​លុយ​​​ទៅ​លើ​អ្វី​ដែល​មាន​ប្រសិទ្ធភាព​។

២) វិនិយោគ
ការ​វិនិយោគ​បាន​ក្លាយ​ជា​ទម្លាប់​ចំណាយ​លុយ​ដ៏​មាន​ប្រជាប្រិយភាព​របស់​​ក្រុម​​មហាសេដ្ឋី​​ជា​ពិសេស​​ក្រុម​អ្នក​មាន​តែម្តង ព្រោះ​ថា​ពួកគេ​ដឹង​ថា នៅ​អនាគត​ខាងមុខ​ លុយ​ដែល​​ពួកគេ​បាន​ចំណាយ​នៅ​ថ្ងៃ​នេះ នឹង​ហុច​ផ្លែផ្កា​មក​វិញ​ជាក់ជា​មិន​​ខាន។ ចុះ​​លោក​អ្នក​វិញ​យល់​​ស្រប​ដែរ​ឬ​ទេ?

ទោះ​ជា​ចម្លើយ​យ៉ាងណា​ក៏ដោយ ការ​​ចំណាយ​លុយ​ពី​ការ​សន្សំ​​សម្រាប់​ការ​វិនិយោគ​នេះ​ គឺ​ជា​ការ​​ត្រឹមត្រូវ​បំផុត​ក្នុង​​​ទ្រឹស្ដី​ទាញ​យក​​ប្រាក់​ចំណូល។ ការ​បង្កើត​មុខរបរ ​បើក​អាជីវកម្ម​ជា​​​លក្ខណៈ​គ្រួសារ មិត្តភក្ដិ ជា​មួយ​ដៃគូ​វិនិយោគ គឺ​​សុទ្ធ​តែ​ជម្រើស​​ដ៏​ល្អ​នៅ​សម្រាប់​លោក​អ្នក។​ ជា​ដំបូន្មាន​ដ៏​ល្អ​សម្រាប់​​លោក​អ្នក​​ដែល​ចង់​វិនិយោគ គួរតែ​​ជ្រើសរើស​​​​ដៃគូ​វិនិយោគ​​ណា​មួយ​ដែល​មាន​ជំនាញ​​ច្បាស់លាស់​ក្នុង​អាជីវកម្ម​ទើប​ជា​ការ​ប្រសើរ។

៣) សន្សំ​ប្រាក់​​​ក្នុង​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់
ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​លោក​អ្នក វិធី​សន្សំ​ប្រាក់​​មួយ​ទៀត​ដែល​អាច​​​បង្កើត​ប្រាក់​ចំណូល​​មកវិញ​ទាំង​មិន​ដឹង​ខ្លួន​នោះ ​គឺ​​ជា​ការ​សន្សំ​ប្រាក់​នៅ​ក្នុង​​គ្រឹះ​ហិរញ្ញវត្ថុ​​​​ដែល​មាន​អត្រា​​ការប្រាក់​​ខ្ពស់។ ចំណុច​មួយ​ដែល​លោកអ្នក​ត្រូវ​ពិចារណា​នៅ​ពេល​នេះ​គឺ​ថា ​អត្រា​ការប្រាក់​​សន្សំ​របស់​លោក​អ្នក ពិត​ជា​ខុសគ្នា​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត។

ធនាគារ​មួយ​ចំនួន ​​បាន​​​​ផ្តល់​ជូន​គណនី​សន្សំ​ក្នុង​អត្រា​ការប្រាក់​ខ្ពស់ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​​សម្រាប់​ធ្វើ​ឲ្យ​​ប្រាក់បញ្ញើ​​​របស់​អ្នក​ដើរ​ទៅ​មុខ​រក​ចំណូល​មក​វិញ​ដោយ​ខ្លួនឯង។ សូម​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ឲ្យ​បាន​ច្រើន​កាន់តែ​ល្អ ​ហើយ​ប្តូរ​​មក​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ​វិញ។ ទោះបី​ជា​​ពេល​ខ្លះ​វា​ដើរ​យឺតៗ​ក៏​ពិត​មែន តែ​ត្រូវ​ចាំ​ថា​ ​​ចំណូល​របស់​អ្នក​កំពុង​កើនឡើង​បន្តិចម្តងៗ​ហើយ។

៤)ប្រកាន់​ខ្ជាប់​​​គោលការណ៍​ទិញ-លក់​ឲ្យ​បាន​កាន់តែ​​ធំ
មុខរបរ​ ឬ អាជីវកម្ម​​គឺ​ជៀស​មិន​ផុត​ពី​​​​គោលការណ៍​ទិញ​ចូល​​លក់​ចេញ​នោះ​ទេ ហើយ​គោល​បំណង​របស់​វា​​ជា​ទូទៅ​ គឺ​ការ​ចង់​​ទាញ​យក​ប្រាក់ចំណូល​មកវិញ​។ ដូច្នេះ ការ​ពិត​​នៅ​ពីក្រោយ​​គោលការណ៍​នេះ គឺ​ជា​ការ​បង្កើត​ប្រាក់​ចំណូល​ទេ​តើ! ចុះ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ភាគច្រើន​​មិន​​ឆាប់​អនុវត្ត​ភ្លាម​ទៅ? វា​មិន​មែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ​ជា​ពិសេស​​សម្រាប់​អ្នក​ដែល​គ្មាន​ដើមទុន​។ ដំណោះស្រាយ​អាច​មាន​ច្រើន ​ដូច​ជា​ទៅ​ខ្ចី​ធនាគារ ចូលហ៊ុន​គ្នា​ជា​មួយ​មិត្តភក្ដិ។ល។ គឺ​ជា​ជម្រើស​ល្អ​ប្រសើរ​។

ទោះបីជា​តាម​មធ្យោបាយ​ណាក៏ដោយ ​​បើ​​លោកអ្នក​ចង់​​​ចំណាយ​ប្រាក់​ឲ្យ​មាន​ប្រសិទ្ធភាព​ ​​នៅ​ក្នុង​ដំណាក់កាល​នេះ ​លោក​អ្នក​​ត្រូវ​ក្ដោបក្ដាប់​អាជីវកម្ម​លើ​ទីផ្សារ​ទិញ​លក់​ឲ្យ​បាន​​ក្នុង​ដៃ​សិន​ ទើប​​មាន​សង្ឃឹម​ខ្ពស់​​​អាច​រក​ប្រាក់​ចំណូល​បន្ថែម៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.