study1

អតីត​និស្សិត​ពូកែ​​​ភាសា​អង់គ្លេស​ពិន្ទុ IELTS​ ៨.០​ បង្ហើប​គន្លឹះ ៥យ៉ាងនាំ​​​ភាព​ជោគជ័យ​ក្នុង​ជីវិត​សិក្សា

ly_vina_big

លោក​ ទេព​ លី​វី​ណា​ គឺ​ជា​អតីត​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​ភាសា​បរទេស (​IFL) ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ ​ផ្នែក​ភាសា​អង់គ្លេស​ ហើយ​បច្ចុប្បន្ន​នេះ​ លោក​​គឺ​ជា​ស្ថាបនិក​​វ័យ​ក្មេង​មួយ​​រូប​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្តាល​​​ភាសា​អង់គ្លេស​មួយ​​ឈ្មោះ​ថា​ EDNICHE​ Center​ ។

តាម​បទ​ពិសោធន៍​ដែល​ធ្លាប់​ឆ្លង​កាត់​កន្លង​មក​ លោក​បាន​បង្ហាញ​ពី​​គន្លឹះ ៥​យ៉ាង​ដែល​ជា​កត្តា​នាំ​មក​នូវ​ភាព​ជោគជ័យ​ក្នុង​ជីវិត​សិក្សា​របស់​លោក។ ​​​

​​​​​​​​​​​លោក ទេព​ លីវីណា បាន​ប្រាប់ TheBNEWS ថា « ការ​​ពិត​ មុន​ពេល​ដែល​ខ្ញុំ​ចូល​ IFL ខ្ញុំ​មិន​មែន​ជា​បុគ្គល​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ក្នុង ​ការ​សិក្សា​អី​ខ្លាំងក្លា​នោះ​​ទេ​ ប៉ុន្តែ​​ពេល​នៅ​ក្នុង​ថ្នាក់​ ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ចង់​ចេះ​ចង់​ដឹង​​ ដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ខំ​រៀន » ។

កត្តា​នាំ​មក​នូវ​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​របស់​លោក​ដំបូង​បង្អស់​នោះ​គឺ៖

​ទី១. មជ្ឈដ្ឋាន​សិក្សា៖ ​ចំណុច​នេះ​លោក​គិត​ថា​ វា​បាន​​​ជំរុញ​ឲ្យ​លោក​​ខិត​ខំ​ប្រឹងប្រែង​រៀន​សូត្រ​កាន់​តែ​ខ្លាំង​ឡើង​។
លោក​បញ្ជាក់​ថា ​«​ នៅ​ពេល​ដែល​ខ្ញុំ​ទៅ ​IFL មជ្ឈដ្ឋាន​នៅ​ទី​នោះ​​ជំរុញ​ និង​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ខំ​រៀន មជ្ឈ​ដ្ឋាន​​ដែល​ខ្ញុំ​និយាយ​នៅ​ពេល​នេះ ​​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​កម្ម​វិធី​សិក្សា​ ​ គ្រូបង្រៀន សិស្ស​នៅ​ក្នុង​ថ្នាក់​ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​ចង់​ចេះ​ចង់​ដឹង​ដូចគ្នា​​ »។

ទី២. កត្តា​ផ្ទាល់​ខ្លួន​៖ លោក​ថ្លែង​ថា « ពេល​នោះ​​ខ្ញុំ​គិត​ថា​ ជា​វ័យ​មួយ​ចាំបាច់​ត្រូវ​មាន​ជំនាញ​​ច្បាស់​លាស់​នៅ​ក្នុង​ខ្លួន​ អីចឹង​​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​​ចិត្ត​ចាប់​យក​ជំនាញ​មួយ​​ឲ្យ​ច្បាស់​​ បើ​ជ្រុល​ជា​រៀន​ត្រូវ​តែ​រៀន​ឲ្យ​ពូកែ​ »។

ទី៣. ទាក់ទង​ការ​ស្រលាញ់​ចំពោះ​ការ​សិក្សា​ ៖ លោក​មាន​ប្រសាសន៍​ថា​ « នៅ​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ IFL ខ្ញុំ​​រៀន​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ ​ស្រលាញ់​ ហើយ​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​​ចេះ​ទៀត​ ។ ជំនាញ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ​ជា​ក្តី​ស្រលាញ់​របស់​ខ្ញុំ​ ដោយ​សារ​តែ​ខ្ញុំ​ជា​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ ចូល​ចិត្ត​ធ្វើ​ ការ​ពន្យល់​អ្នក​ដទៃ​​ ។ ក្តី​ស្រលាញ់​គឺ​ជំរុញ​ឲ្យ​ខ្ញុំ​មាន​ការ​តស៊ូ ព្យាយាម​ រៀន​សូត្រ​ »។

ទី៤. នោះ​គឺ​ការ​រៀន​ក្នុង​ក្លឹប ៖ លោក លីវីណា បាន​ចំណាយ​ពេល​ចូល​ទៅ​ក្នុង​សង្គម​អ្នក​រៀន​នា​ពេល​នោះ​ មិន​ត្រឹម​​ត្រូវ​តែ​រៀន​នៅក្នុង​ថ្នាក់​ប៉ុណ្ណោះ​​ទេ លោក​បាន​ចំណាយ​ពេល​ចុង​សបា្តហ៍​របស់​ខ្លួន​ចូល​ទៅ​រៀន​នៅ​ក្នុង​ក្លឹប​បន្ថែម​ទៀត​។ លោក​និយាយ​ថា « ​ខ្ញុំ​បាន​ចំណាយ​ពេល​ចុង​សបា្តហ៍​របស់​ខ្ញុំ​ចូលរៀន​នៅក្នុង​ក្លឹប​ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​។ អ្នក​ដែល​ចូលរួម​ក្លឹប​ភាព​ច្រើន​ជា​​អ្នក​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា »។

កត្តា​ទី​ ៥​​ គឺ​ការ​មាន​ការ​ងារ​ក្រៅ​ម៉ោង​ធ្វើ​​​៖ កត្តា​នេះ​បាន​ជំរុញ​ឲ្យ​លោក​រៀន​ពូកែ។ លោក​បញ្ជាក់​ថា​​ « អ្នក​ខ្លះ​យល់​ច្រលំ​ថា​ មាន​ការ​ងារ​ ត្រូវ​ផ្អាក​ការ​សិក្សា​ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​កម្រិត​មួយ​ដែល​គ្រាន់​តែ​ជា​ការងារ​ក្រៅ​​ម៉ោង​ខ្ញុំ​ជឿ​ថា​ ការងារ​ហ្នឹង​រឹត​តែ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ខិតខំ​ប្រឹង​ប្រែង​រៀន​បន្ថែម​ទៀត​ ពីព្រោះ​ថា​ យើង​រឹត​តែ​បាន​យល់​ពី​តម្លៃ​នៃ​ចំណេះ​របស់​ខ្លួន​យើង»។​

លោក ទេព លីវីណា ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អ៊ែតនិច ( EDNICHE ) ​បង្រៀន​សិស្ស​និស្សិត​ បុគ្គលិក​អង្គការ​ និង​មន្ត្រី​រដ្ឋាភិបាល​​ទៅ​លើ​វិញ្ញាសា​ត្រៀម​ធ្វើ​តេស្ដ IELTS ហើយ​កន្លង​មក​លោក​ធ្លាប់​ទទួល​បាន​ពិន្ទុ IELTS ចំនួន ៨.០ កាលពី​ខែ​មីនា ឆ្នាំ​២០១៣ និង​ធ្លាប់​ជា​សិស្ស​ពូកែ ៤​ឆ្នាំ​ជាប់​ៗ​គ្នា​នៅ​វិទ្យាស្ថាន​ភាសា​បរទេស IFL ព្រម​ទាំង​ជា​ប្រធាន​ក្លិប​តស៊ូ​មតិ​របស់ IFL រយៈពេល ២​ឆ្នាំ​ផង​ដែរ​៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.