CD Copy

ចូលចិត្តទិញCDចំលងឬoriginal?

ស្ទើរ​​ទៅ​ជា​ទម្លាប់​ទៅហើយ​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ​​និយម​ចូល​ចិត្ត​ទិញ CD និង VCD Copy ក្លែងក្លាយ​យក​ទៅ​ប្រើប្រាស់ ប្រជាជន​ខ្លះ​​​មិន​ធ្លាប់​​ទាំង​ទិញ​ CD Original ផង តែ​ពូកែ​ណាស់​ខាង​រិះគន់​ផលិតកម្ម​លួច​ចម្លង​ស្នាដៃ​ពី​បរទេស។

ក្រៅ​ពី​ការ​រិះគន់​​​ខ្លាំងៗ​ទៅ​លើ​ផលិតកម្ម តារា​ចម្រៀង​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ក្លាយ​ទៅ​​ផ្ទាំង​ស៊ីប​សម្រាប់​មហាជន​ទូទៅ​ដែរ​ជុំ​វិញ​​ការ​តុបតែង​ខ្លួន​ប្រាណ និង​ស្ទិល​ច្រៀង​ជា​ដើម។ ការរិះគន់​របស់​មហាជន​នេះ​ ក៏ស្រប​ពេល​ដែល​ ថ្មីៗនេះ​មាន ប្រទេស​កូរ៉េ ​វៀតណាម​ និង​​ថៃ​ជា​ដើម​នោះ បាន​ប្រតិកម្ម​​ចំពោះ​ប្រទេស​កម្ពុជា ​ដែល​បាន​លួច​ទាំង​ស្ទិល​រាំ និង​ទំនុក​ភ្លេង​​ច្រៀង​របស់​គេ​ ដោយ​មិន​មាន​ការ​អនុញ្ញាត។ ប្រការ​នេះ​ពួកគេ​ចាត់​ទុក​ថា​ ជា​ទង្វើ​រំលោភ​កម្មសិទ្ធិបញ្ញា។

បើ​ទោះ​ជា​​រង​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​មហាជន​ទូទៅ​ជុំ​វិញ​ការ​លួច​ចម្លង​ស្នាដៃ​ពី​បរទេស ហើយ​ពេល​ខ្លះ​ស្ទើរ​តែ​ដួល​រលំ​ដោយសារ​តែ​ប្រជាជន​ចូលចិត្ត​ទិញ​ CD Copy ចម្លង​ក្ដី ក៏​ផលិតកម្ម​ក្នុង​ស្រុក​ខ្លះ​នៅ​តែ​បន្ត​ផលិត​បទ​ចម្រៀង​​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​ទូទាំង​ប្រទេស។

តើ​ប៉ុន្មាន​ឆ្នាំ​ទៀត​​កម្ពុជា​ អាច​​ធ្វើ​ឲ្យ​ការ​គោរព​កម្មសិទ្ធិ​បញ្ញា​នេះ​មាន​ប្រសិទ្ធ​ភាព​ឡើង​ ហើយ​ថា​ តើ​មាន​មូលហេតុ​អ្វី​នាំ​ឱ្យ​ប្រជាជន​ខ្មែរ​​នៅ​តែ​ចូល​ចិត្ត​ទិញ CD ក្លែងក្លាយ​បែប​នេះ?

00022222
CD ចម្លង​ដែល​គេ​ដាក់​លក់​លើ​ទីផ្សារ

ជា​អ្នក​រត់​​រថយន្ត​ឈ្នួល​ពី​ភ្នំពេញ​ទៅ​ខេត្ត​ តាកែវ លោក ហំ ហាន ប្រាប់​ថា ​លោក​មិន​ធ្លាប់​ទិញ CD Original ​យក​ទៅ​ប្រើប្រាស់​ទេ គឺ​លោក​ទិញ​តែ​ CD Copy ក្លែងក្លាយ​តែ​ប៉ុណ្ណោះ។ “CDក្លែងក្លាយ​ហ្នឹង​វា​ថោក ហើយ​​យើង​ចាក់​​វា​តែ​ ៤​ទៅ​៥​ដង​បោះ​ចោល​ក៏​បាន​ដែរ​អត់​ស្ដាយ​អី​ទេ តែ​បើ CD Original ជួន​កាល​ទិញ​ហើយ​ស្ដាប់​អត់​កើត​ស្ដាយ​លុយ​​ទៀត”។

លោក ហំ ហាន បាន​បន្ត​ថា ​​​រឿង​ទិញ CD Copy ក្លែងក្លាយ​នោះ​លោក​មិន​ចង់​​​ទេ ប៉ុន្តែ​ដោយ​សារ​តែ​កត្តា​ជីវភាព​ខ្វះខាត​តម្រូវ​ឱ្យ​លោក​ធ្វើ​បែប​នេះ។ លោក​បញ្ជាក់​ថា​ ទិញ​ CD Copy ក្លែងក្លាយ​សន្សំសំចៃ​ថវិកា​បាន​ច្រើន​ ព្រោះ​​ថា​ទិញ CD Original មួយ​បន្ទះ​អាច​ទិញ​ CD ក្លែងក្លាយ​រហូត​ដល់​ជិត​១០​ឯណោះ។

ហាក់​មិន​សូវ​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​អ្នក​រត់​រថយន្ត​ឈ្នួល​ខាង​លើ​ លោក ប៊ន សុភ័ក្កិ ជា​ជំនួយ​ការ​មេធាវី​បម្រើ​ការងារ​នៅ​ភ្នំពេញ​លើក​ឡើង​ថា ​ការ​និយម​ចូល​ចិត្ត​ទិញ​ CD ក្លែងក្លាយ​ពី​សំណាក់​ប្រជាជន​ខ្មែរ​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​កម្មសិទ្ធិបញ្ញា ធ្វើ​ឱ្យ​វប្បធម៌​របស់​ខ្មែរ​ធ្លាក់​ចុះ។ ម្យ៉ាង​ទៀត​ធ្វើ​ឱ្យ​ម្ចាស់​ផលិតកម្ម​នានា​គ្មាន​កម្លាំង​ចិត្ត​នឹង​ផលិត​បន្ត​ទៀត ព្រោះ​តែ​ប្រជាជន​មិន​គាំទ្រ​ផលិតផល Original ។

មន្ត្រី​ផ្នែក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា៖ “ប្រសិន​ណា​បើ​ប្រជាជន​យើង​គាត់​នៅ​តែ​បន្ត​ទិញ​ CD ក្លែងក្លាយ​តទៅ​ទៀត​វា​នឹង​អាច​ធ្វើ​ឱ្យ​វប្បធម៌​របស់​ខ្មែរ​កាន់​តែ​ធ្លាក់​ចុះ ហើយ​ផលិតករ​គាត់​អាច​នឹង​​លែង​មាន​កម្លាំង​ចិត្ត​ផលិត​បន្ត​ទៀត”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​បាន​ទទួល​ស្គាល់​ថា​ បរិបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ពិបាក​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ទិញ CD Original យក​ទៅ​ប្រើប្រាស់​។ លោក​ថា​កត្តា​ជីវភាព​គឺ​ជា​បញ្ហា​ចម្បង​របស់​ប្រជាជន​ខ្មែរ ព្រោះ​ប្រជាជន​ភាគ​ច្រើន​នៅ​កម្ពុជា​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​សន្សំសំចៃ​ថវិកា​ដោយ​ទិញ​តែ​របស់​ណា​ថោកៗ យក​ទៅ​​ប្រើប្រាស់​តែ​ប៉ុណ្ណោះ។​​

លោក ប៊ន សុភ័ក្កិ បាន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​នានា ត្រូវ​ពង្រឹង​ច្បាប់​កម្មសិទ្ធិបញ្ញា ដោយ​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ច្បាប់​នេះ​ឱ្យ​បាន​ទូលំទូលាយ​​ទៅ​ដល់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ ដើម្បី​​ឱ្យ​ពួកគេ​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ផល​ប៉ះពាល់ ហើយ​ងាក​មក​គាំទ្រ​ការ​បង្កើត​ស្នាដៃ​ថ្មី​វិញ។

ទាក់ទង​ទៅ​នឹង​មហាជន​មួយ​ចំនួន​ពូកែ​ខាង​រិះគន់ ហើយ​មាន​អ្នក​ខ្លះ​មិន​ធ្លាប់​នឹង​ទិញ​ CD Original យក​ទៅ​ប្រើប្រាស់​ផង អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​សាន់ដេ​ លោក ឡាយ សុក​ចំរើន ទទួល​ស្គាល់​ថា ​ផលិតកម្ម​របស់​លោក​​បាន​​ចម្លង​ស្នាដៃ​ពី​បរទេស​​ខ្លះៗ​ដែរ។ ក៏​ប៉ុន្តែ​លោក​លើក​ឡើង​ថា​ ការ​ចម្លង​ពី​បរទេស​មាន​តែ​ពាក់​កណ្ដាល​តែ​ប៉ុណ្ណោះ ដោយ​ពាក់​កណ្ដាល​ទៀត​ផលិតកម្ម​​បង្កើត​ថ្មី​ដោយ​ខ្លួន​ឯង។

“យើង​ចម្លង​គេ​មួយ​ចំនួន ហើយ​មួយ​ចំនួន​ទៀត​ក៏​យើង​បង្កើត​ថ្មី​ដែរ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ប្រជាជន​យើង​មិន​សូវ​គាំទ្រ​របស់​ហ្ស៊ីន​ទេ ច្រើន​តែ​ទិញ​របស់​ក្លែងក្លាយ”។

លោក​បាន​ស្នើ​ដល់​ប្រជាជន​ទូទៅ​ជួយ​បន្ត​គាំទ្រ​ស្នាដៃ​ក្នុង​ស្រុក​តទៅ​ទៀត​ដើម្បី​ឱ្យ​ផលិតករ​នានា​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ស្វែង​រក​​អ្វី​ដែល​ថ្មី និង​ជា​របស់​ខ្មែរ​ពិតៗ ដើម្បី​ឈាន​ទៅ​បញ្ឈប់​ទាំង​ស្រុង​វប្បធម៌​ចម្លង​ពី​បរទេស។

ដោយ​ឡែក​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​អះអាង​ថា​ ការ​លួច​ចម្លង​​ស្នាដៃ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​បញ្ហា​ចោទ​ជា​ចម្បង​ពិត​ប្រាកដ​មែន។ ក៏​ប៉ុន្តែ​លោក​លើក​លើក​ឡើង​ថា​ ក្រោម​ការ​​ដឹង​នាំ​របស់​រដ្ឋាភិបាល​ថ្មី ក៏​ដូច​ជា​រដ្ឋមន្ត្រី​ថ្មី​ប្រចាំ​ក្រសួង​នេះ ​កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​លើ​បញ្ហា​អស់​ទាំង​នេះ។

ប្រធាន​នាយកដ្ឋាន​រូប​នេះ​បញ្ជាក់​ថា៖ “ខ្ញុំ​បាន​ធ្វើ​ការ​រយៈ​ពេល​ពីរ​ខែ​ជា​មួយ​រដ្ឋមន្ត្រី​ថ្មី ខ្ញុំ​សង្កេត​ឃើញ​ថា ​គាត់​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​លើ​បញ្ហា​លួច​ចម្លង​ស្នាដៃ។ ខ្ញុំ​គិត​ថា​ការ​លួច​ចម្លង​ស្នាដៃ​អាច​ថយ​ចុះ​ជា​បន្តបន្ទាប់​ទៅ​ថ្ងៃ​ខាង​មុខ”។

នៅ​ពេល​ចោទ​សួរ​ថា​ តើ​រដ្ឋាភិបាល​​ប្រើ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ទើប​​អាច​​ឈប់​លួច​ចម្លង​ស្នាដៃ​ពី​បរទេស លោក ស៊ិន ចន្ទសាយ៉ា មិន​ហ៊ាន​បញ្ជាក់​ទេ។ ក៏ប៉ុន្តែ​លោក​លើក​ឡើង​ថា​ មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​កំពុងតែ​ដុតដៃដុតជើង​ធ្វើ​ការ​លើ​បញ្ហា​ទាំង​នេះ​ ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថ្មី។

បញ្ហា​លួច​ចម្លង​ស្នាដៃ​កំពុង​ក្លាយ​ទៅ​ជា​រឿង​ក្ដៅ​គគុក​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​វិស័យ​ចម្រៀង​​ដោយ​បណ្ដា​ប្រទេស​មួយ​ចំនួន ​ដូច​ជា កូរ៉េ វៀតណាម ថៃ​ ជា​ដើម​បាន​រិះគន់​ជា​ខ្លាំង​ចំពោះ​ការ​លួច​ចម្លង​ស្នាដៃ​នេះ។ បញ្ហា​ទាំង​នេះ​ធ្វើ​ឱ្យ​ប្រជាជន​នាំ​គ្នា​រិះគន់​ថា ​វប្បធម៌​របស់​ខ្មែរ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ព្រោះ​តែ​មិន​ចេះ​បង្កើត​ស្នាដៃ​ថ្មី។

ទោះយ៉ាងណាក្ដី គេនៅចាំបាន​ថា ផលិតកម្ម​ Rock ដែល​បង្កើត​ស្នាដៃ​ថ្មី​ទាំង​ស្រុង​បាន​ដួល​រំលំ ដោយសារ​តែ​បញ្ហាការ​លួចចម្លង​ស្នាដៃ រួមទាំង​ប្រជាជន​មិន​ព្រម​ជួយជ្រោមជ្រែង​ទិញ ​CD Original ខណៈ CD Copy កំពុង​គ្របដណ្ដប់​ពេញ​ផ្ទៃ​ប្រទេស​​ និង​គ្រប់​ទីកន្លែង​ទៅ​ហើយ​ ដោយ​​​គ្មាន​ក្រសួង​ពាក់ព័ន្ធ​ណា​អាច​ទប់​ស្កាត់​បាន​ឡើយ៕

អត្ថបទ៖ អ៊ីង សុឡា(sabay)

Facebookgoogle_pluslinkedinmailby feather

Comments are closed.