Neay Kroch

ជីវិត​តស៊ូរបស់នាយក្រូច

neay kroch

នាយ​ក្រូច​ជា​តារា​កំប្លែង​មុខស្ងួត​ពូកែសម្តី​មាន​ទេពកោសល្យ​ខ្ពស់ ដោយសារ​ការ​តស៊ូ​ព្យាយាម​អត់ធ្មត់​ជំនះ​រាល់​គ្រប់​ឧបសគ្គ​ នាយ​ក្រូច​ក៏​ក្លាយជា​តារា​កំប្លែង​មួយ​រូប​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន។ លោក សេន សុ​ប៊ុន រហ័ស​នាម នាយ​ក្រូច ក្នុង​វិស័យ​សិល្បៈ កើត​ក្នុង​ឆ្នាំ ​១៩៧៩ ខេត្តកំពង់ស្ពឺ។ នាយ​ជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​៣​នាក់ ដែល​មាន​ឪពុក ​ជា​គ្រូខ្មែរ​ព្យាបាល​ជំងឺ និង ម្តាយ​ជា​ស្ត្រី​មេផ្ទះ។

កាលពី​កុមារភាព នាយ​ក្រូច ជា​ក្មេង​រៀន​ពូកែ។ នាយ​ក្រូច​បាន​បន្ត​ថា ប្រសិនបើ​គាត់​រៀន​ចាញ់​គេ​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេ៣​គាត់​នឹង​យំ និង​ខំរៀន​ទាល់តែ​បាន​លេខ​១​អន់​ក៏​លេខ​២​ដែរ​។ ជា​អកុសល នាយ​ក្រូច​ត្រូវ​បង្ខំចិត្ត​ឈប់​សិក្សា​ត្រឹម​ថា្នក់​ទី​៨ ដោយសារ​ឪពុក​ម្តាយ​ក្រីក្រ​គ្មាន​លទ្ធភាព​ទិញ​កង់​ឲ្យ​ជិះ​ទៅ​រៀន សាលា​ឆ្ងាយ។ នាយ​ក្រូច​និយាយ​ទាំង​កំសត់​ខ្លួន​ថា ​«​គ្រួសារ​ខ្ញុំ​ ក្រ​ណាស់ រស់​នៅក្នុង​ផ្ទះ​ខ្ទម​តូច​ចង្អៀត​ដែល​មាន​ដំបូល​ធ្លុះធ្លាយ​ពេល​ភ្លៀង​ម្តងៗ ត្រូវរ​ត់​រក​កន្លែង​ជ្រក​ទាំង​កណ្តាលយប់។ ជីវភាព​ខ្វះខាត​គ្រប់បែបយ៉ាង​ហើយ​នៅពេល​ខ្ញុំ​ចូលរៀន​នៅ​អនុវិទ្យាល័យ​ខ្ញុំ​ត្រូវ​វេចបាយ​កញ្ចប់​ទៅ​សាលា​រាល់​ថៃ្ង ត្បិត​អី​ខ្ញុំ​អត់​មាន​កង់​ជិះ និង​គេ​ត្រូវ​ដើរទៅ​រៀន​ដែល​មាន​ចម្ងាយ​ជាង​៥​គីឡូម៉ែត្រ​ពី​ផ្ទះ។ ដោយសារ​លំបាក​ពេក​ខ្ញុំ​ក៏​ឈប់​សិក្សា ហើយ​ចូល​បួស​ជា​ព្រះសង្ឃ​នៅ​វត្តភ្នំ​ឧត្តម​គិរី​នៅ​ខេត្តកំពង់ស្ពឺ អស់​រយៈពេល​១​ឆ្នាំ»។

បន្ទាប់មក នាយ​ក្រូច មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ហើយ​ការងារ​ដំបូង​សម្រាប់​ជីវិត​របស់​នាយ​គឺ​ធ្វើជា​កម្មករ​បា​លូ រែក​ដី ឆាយ​ស្មៅ។ ដោយ​គាត់​មាន​សុខភាព​មិនល្អ លោក​ក៏​ត្រឡប់​ទៅផ្ទះ​វិញ ហើយ​ឲ្យ​ម្តាយ​ចងការ​ប្រាក់​គេ​១៥០​ដុល្លារ​ដើម្បី​បង់​ឲ្យ​មេខ្យល់​នាំចូល​ធ្វើការ​រោងចក្រ​«​ជិន​ណាន់​»​ម្តុំ​ទឹកថ្លា​តែ ត្រូវ​មេខ្យល់​បោកប្រាស់​យក​ប្រាក់​អស់​គ្មាន​សល់​ ឯការងារ​ក៏​អត់​បានធ្វើ​ទៀត។ នៅពេលនោះ នាយ​ក្រូច​ពិតជា​គួរ​ឲ្យ​សង្វេគ​ខ្លួន​ណាស់ សល់​តែ​ប្រាក់​២០០០​រៀល​ក្នុង​ខ្លួន មិន​ហ៊ាន​ត្រឡប់​ទៅផ្ទះ​វិញ​ទេ ព្រោះ​ខ្មាស​គេ​រួច​ក៏​ដេក​នៅ​សាលា​ឥន្ទ្រ​ទេវី និង​ទិញ​តែ​នំបុ័ង​ហូប​ជាមួយ​ទឹក​ទុយោ ហើយ​ត្រូវ​មូស​ខាំ​ពេញ​ខ្លួន សូម្បីតែ​ទៅ​សុំ​ការងារ​សំណង់​ធ្វើ ​ក៏​គេ​មិន​ឲ្យ​ធ្វើ​ដែរ។ ក្រោយ​មក​មាន​ពូ​ចិត្តល្អ​ម្នាក់ នាំ​ឲ្យ​ចូល​ធ្វើការ​នៅ​រោងចក្រ​PPS​ម្តុំ​បឹង​ត្រ​យ៉ាប។

នាយ​ក្រូច​និយាយថា​« មេការ​ចិន​ចិត្តល្អ​ជួយ​ជ្រោមជ្រែង​ជីវិត​ខ្ញុំ​បាន​ធូរស្រាល​បន្តិច​ ហើយ​ខ្ញុំ​បាន​ខិត​ខំតស៊ូ​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​រយៈពេល​មួយឆ្នាំ​រហូត​មេការ​ចិន​ពេញចិត្ត​និង​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​រៀន​នៅ​សិង្ហ​បុរី​ផ្នែក​លាយ​ពណ៌ ប៉ុន្តែ​ត្រូវ​ខកខាន​ទៅវិញ​»។

ការ​ខកខាន​នោះ ដោយសារ​ថ្ងៃ​ដែល​ត្រូវ​ចេញ​ទៅ​ចំ​ថ្ងៃ​រៀបការ​របស់​ខ្លួន។ បន្ទាប់ពី​មាន​ប្រពន្ធ នាយ​ក្រូច​ក៏​ជួប​នូវ​ការ​លំបាក​នៅក្នុង​ជីវិត​ម្តង​ទៀត ដោយ​ឈប់​ធ្វើការ​នៅ​រោងចក្រ មក​ដើរ​លក់​ត្រី លក់​អុស និង​មក​ធ្វើជា​កម្មករ​នៅ​រោងចក្រ​ដែក ហើយ​ខិតខំ​ធ្វើការ​ផ្សេងៗ​ទៀត​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។

នាយ ក្រូច មាន​ទេពកោសល្យ​ខាង​សិល្បៈ​តាំងតែ​ពី​តូច​ចូលចិត្ត​ធ្វើ​កាយវិការ​កំប្លុកកំប្លែង​ឲ្យ​គេ​សើច និង​មាន​ទឹកដម​សំឡេង​ល្អ​ជាប់​លេខ​១​ប្រចាំ​សាលាបឋមសិក្សា។ ឆ្នាំ​២០០០ នាយ​ក្រូច​ត្រូវបាន​ម្តាយ​ជំរុញ​ឲ្យ​ចូល​ហាត់​ខាង​ភ្លេងខ្មែរ​កាន់​តាខេ និង​រៀន​កំប្លែង​កាត់សក់​ជាមួយ​ប្អូនស្រី​(​នាង​អ៊ី​ត)។ បន្ទាប់ពី​ហាត់​បាន​រយៈពេល​៣​ខែ​ក៏​អាច​ដើរលេង​តាម​ពិធីមង្គលការ​មានលទ្ធភាព​រក​ប្រាក់​ចំណូល​បាន។ ឆ្នាំ​២០០១​នាយ​ក្រូច​មានបំណង​ចូល​ហាត់​កំប្លែង​នៅ​សាលា​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​តែ​ជា​ចៃដន្យ​បែរជា​បាន​ហាត់​ផ្នែក​របាំ​ទៅវិញ។ ការចំណាយ​ពេល​ហាត់​របាំ​រយៈពេល​១​ឆ្នាំ​ទើប​ងាក​មក​ហាត់​កំប្លែង​វិញ។

នៅ​អំឡុង​ពេល​ហាត់​កំប្លែង​​​រយៈពេល​៥​ទៅ​៦​ឆ្នាំ​នាយក្រូច​មិនទាន់​អាច​រកប្រាក់​បាន​ពី​អាជីព​កំប្លែង​នៅឡើយ​ទេ​តែ​នាយ​បាន​តស៊ូ​អត់ធ្មត់​បំផុត។

លុះ​ឆ្នាំ​២០០៧ នាយ​ក្រូច​បានដាក់​ពាក្យ​ធ្វើ​អ្នកកំប្លែង​តាម​ស្ថានីយទូរទស្សន៍​ផ្សេងៗ តែ​គ្មាន​ដំណឹង​អ្វី​សោះ។ មួយ​រយៈ​ក្រោយមក​​​មាន​មិត្តភក្ដិ​នាំចូល​កំប្លែង​នៅ​ប៉ុស្តិ៍​លេខ​៣។ នៅ​ឆ្នាំ​២០០៩​នាយ​ក្រូច​ក៏បាន​ដាក់ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​«​មហា​កំប្លែង​»​របស់​ប៉ុស្តិ៍​ស៊ី​ធី​អិន​និង​បាន​ឆ្លងកាត់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ក៏បាន​ក្លាយជា​តារា​កំប្លែង​ប្រចាំ​ប៉ុស្តិ៍​CTN​រហូតមកទល់​បច្ចុប្បន្ន។

រយៈពេល​ដ៏​ខ្លី នាយ​ក្រូច ទទួលបាន​ការគាំទ្រ​តាមរយៈ​រឿង​កំប្លែង​របស់​ប៉ុស្តិ៍​ស៊ី​ធី​អិន។ សព្វថ្ងៃ​លោក​កំប្លែង​នៅក្នុង​កម្មវិធី​មួយចំនួន​ដូចជា​កម្មវិធី​«​រាត្រី​កម្សាន្ត​»«​តន្ត្រី​ថ្ងៃអាទិត្យ​»«​សំណើច​តាម​ភូមិ​»«​និង​កម្មវិធី​«​សុខ​គា​លក្ខិណា​ប៊ី​អាយ​ជី​» ព្រមទាំង​ចេញ​កំប្លែង​តាម​កម្មវិធី​ខន​សឺត​និង​កម្ម​ពិធី​មង្គលការ​ផ្សេងៗ។ នាយ​ក្រូច​បាន​ទទួល​ស្គាល់​ថា អាជីព​កំប្លែង​ពិតជា​ធ្វើ​ឲ្យ​ជីវភាព​របស់​នាយ​រីកចម្រើន​គេចផុត​ពី​ភាព​តោកយ៉ាក​ខ្វះខាត​ដូច​ពេលមុន។ ឥឡូវ​នាយ​ក្រូច មានលទ្ធភាព​បើក​ក្រុម​តន្ត្រី​ឈ្មោះ​«​ក្រុម​តន្ត្រី​នាយ​ក្រូច​» មាន​វង្ស​ភ្លេងសម័យ​និង​វង្ស​ភ្លេងខ្មែរ​គោលបំណង​ទៅ​ថ្ងៃ​អនាគត​នាយ​ក្រូច​ចង់​បើក​កសិដ្ឋាន​ចិញ្ចឹមសត្វ​ដែល​រំពឹង​ថា​អាច​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ហើយ​គាត់ នៅ​បន្ត​អាជីព​ជា​អ្នកកំប្លែង​រហូត​ឲ្យ​តែ​មហាជន​នៅតែ​គាំទ្រ៕

– ប្រភព:(kpt)


បទ “ជីវិត​ក្មេង​កម្សត់” របស់​ក្មេង​ប្រុស​ពិការ​ភ្នែក​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​អាច​ទប់​ទឹក​ភ្នែកបាន

​ប្រធាន​ក្រុមហ៊ុន​វ័យ​ក្មេង​​ពី​ររូប​មាន​អតីតកាល​ជា​អ្នក​លាង​ចាន

ពី​ជីវិតផ្ញើ​​លើ​គំនរ​សំរាម​ ឥឡូវ​យុវតី​ខ្មែរ លេច​មុខ​ក្នុង​ភាពយន្ត​ហូលីវូដ

ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ក្មេង​បំផុត​ក្នុង​ស្រុក​ខ្មែរ​ មាន​ចំណូល​មិន​គួរ​ឲ្យ​ជឿ

ជីវិតអ្នកលក់ម៉ាំល្ហុង

Facebookgoogle_pluslinkedinmailby feather

Comments are closed.