Sophanith

ភោ សុផានិត បើកវគ្គខ្លី​បណ្តុះបណ្តាលជំនាញ ពិធីករ-ពិធីការិនី

PISETH-0377

ភ្នំពេញៈ ដោយសារតែសង្កេតឃើញថា បច្ចុប្បន្នទីផ្សារផ្នែកពិធីករ-ពិធីការិនី នៅក្នុងស្រុកខ្មែរ កំពុងតែមានតម្រូវការ កាន់តែច្រើនឡើងៗ គ្រប់បណ្តាស្ថានីយទូរទស្សន៍ ជារៀងរាល់ថ្ងៃនោះ ពិធីករឆ្នើមសម្បូរវោហារស័ព្ទ លោក ភោ សុផានិត ថ្មីៗនេះ បានសម្រេច បើកវគ្គបណ្តុះបណ្តាលជំនាញ ពិធីករ-ពិធីការិនី ទាំងវិទ្យុ និងទូរទស្សន៍វគ្គខ្លី ក្នុងគោលបំណងបង្ហាត់បង្រៀន យុវវ័យជំនាន់ក្រោយ ដែលមានចិត្តស្រឡាញ់វិស័យសិល្បៈផ្នែកនេះ ដើម្បីឲ្យមានគ្រឹះ ក្នុងការនិយាយ និងវិវត្តន៍ខ្លួន ឲ្យក្លាយជាពិធីករ ឬពិធីការិនីឆ្នើម និងទេពកោសល្យច្បាស់លាស់ ។

ថ្លែងប្រាប់ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះ ពិធីករឈរជើង ក្នុងវិស័យសិល្បៈជាង១០ឆ្នាំ លោក ភោ សុផានិត បានប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលនេះ លោកហាក់ដូចជាឃ្លាតឆ្ងាយពីសិល្បៈច្រើន ដោយសារតែលោកមានការមមាញឹក ជាមួយការងារ ក្នុងក្រុមហ៊ុនរបស់លោកច្រើន ។ ថ្មីៗនេះលោកបានបង្កើតវគ្គខ្លី បង្ហាត់បង្រៀនផ្នែកជំនាញ ពិធីករ-ពិធីការិនី ដល់យុវវ័យជំនាន់ក្រោយ ដែលមានបំណងប្រាថ្នា ចង់ក្លាយខ្លួនជា ពិធីករ-ពិធីការិនី។ ដោយសារតែនៅក្នុងស្រុកយើង មិនទាន់មានសាលា ឬក៏ក្រុមហ៊ុនណា បើកបង្រៀនផ្នែកនេះ នៅឡើយទេ។ ម្យ៉ាងមានការជម្រុញ និងសំណូមពរ មកលោកឲ្យបើកបង្រៀន ទើបលោកសម្រេចចិត្ត បើកបង្រៀន វគ្គខ្លីនេះតែម្តង ។

ពិធីករចាស់វស្សា ពោរពេញដោយបទពិសោធន៍រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “នៅក្នុងវគ្គសិក្សានេះ គឺចែកចេញជា៣ផ្នែកធំៗ ទី១ គឺផ្នែកពិធីករ-ពិធីការិនីវិទ្យុ តម្លៃ ៥៥០ដុល្លារ។ ផ្នែកពិធីករ-ពិធីការិនីទូរទស្សន៍ តម្លៃ៦៥០ដុល្លារ និងមួយទៀត គឺសិក្សាទាំងវិទ្យុ និងទូរទស្សន៍ តម្លៃ ១៥០០ ដុល្លារ។ ការសិក្សាវគ្គនីមួយៗទាំងអស់នេះ មានរយៈពេលពី៣-៦ខែ ហើយបន្ទាប់ពីចប់វគ្គសិក្សា ខាងខ្ញុំធានារកការងារឲ្យពួកគាត់ ទៅតាមមុខជំនាញ និងទទួលបានប្រាក់ខែ ត្រឡប់មកវិញភ្លាមៗ ផងដែរ “។

លោក ភោ សុផានិត បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងការបង្រៀនអាជីពជាពិធីករនេះ គឺរូបលោកផ្ទាល់ ជាអ្នកបង្រៀន ដោយមានបញ្ចូលកម្មវិធីសិក្សា ដូចជាការនិយាយ គន្លឹះធ្វើជាពិធីករឆ្នើម ការផលិតកម្មវិធីទូរទស្សន៍ ប្រមូលព័ត៌មាន ក្តាប់យកព័ត៌មាន ក្នុងការប្រើពាក្យសម្តី ធ្វើឲ្យទាក់ទាញជាដើម។

មិនតែប៉ុណ្ណោះក្នុងរយៈពេលដែល លោកប្រឡូក ក្នុងការងារនេះ គឺលោកមានបទពិសោធន៍ និងបានស្រាវជ្រាវ ឯកសារជាច្រើន ទុកជាមូលដ្ឋានគ្រឹះ ក្នុងការនិយាយ ទើបលោកអាចឈរជើង ដល់សព្វថ្ងៃនេះ។ ដូច្នេះនៅក្នុងការបង្រៀននេះ លោកនឹងបង្រៀនទាំងអស់ ទៅដល់សិស្ស ព្រោះលោកចង់ឲ្យយុវវ័យជំនាន់ក្រោយ ក្លាយជាទំពាំង ស្នងឫស្សីមួយ ដែលពោរពេញដោយចំណេះដឹងច្បាស់លាស់ និងអាចក្លាយខ្លួន ជាពិធីករ- ពិធីការិនីមួយរូបដ៏ល្អ។

លោក ភោ សុផានិត ដែលជាប្រធានគ្រប់គ្រងផ្ទាល់ បានប្រាប់ឲ្យដឹងទៀតថា នេះជាលើកដំបូងហើយដែលលោកបើកវគ្គខ្លីបង្រៀនបែបនេះ ។ បើគិតចាប់ពីថ្ងៃដំបូង រហូតដល់ពេលនេះ មានសិស្សមករៀន ប្រហែលជា៦-៧នាក់ហើយ ដែលមកចុះឈ្មោះរៀន ។ សម្រាប់មូលហេតុដែលលោក សម្រេចចិត្តដកឃ្លា ពីសិល្បៈទៅបើកវគ្គបង្រៀន ដោយសារតែមើលឃើញ ប្អូនៗ ជំនាន់ក្រោយ ស្រឡាញ់ផ្នែកនេះ ។ ម្យ៉ាងវិញទៀត នៅលើទីផ្សារសិល្បៈ ក៏កំពុងតែមានតម្រូវការច្រើន ទើបលោកសម្រេចចិត្ត បើកការបង្រៀន ក្នុងគោលបំណងចង់បណ្តុះប្អូនៗ ជំនាន់ក្រោយ ក្លាយជាពិធីករ មានជំនាញច្បាស់លាស់ និងស្វែងយល់ពីគន្លឹះក្នុងការអភិវឌ្ឍន៍ខ្លួន ក្លាយទៅជាពិធីករ-ពិធីការិនី ឆ្នើម នាថ្ងៃអនាគតដ៏ខ្លី៕

-ប្រភព: (lookingtoday)

PISETH-0378

Facebookgoogle_pluslinkedinmailby feather

Comments are closed.