Sin Sisamuth

ជីវប្រវត្តិ ស៊ីន ស៊ីសាមុត

background small

លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុង របបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។

ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។
ជីវប្រវត្តិ
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ
ប្រជាប្រិយភាពរបស់លោកស៊ីនស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀង​ដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យ​នោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈ​ភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារ​ទឹកដៃ​និពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗ​ដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវ​និពន្ឋ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការ​បាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅ​ទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចំរៀងប្រជាប្រិយ មានរាំវង់ជាដើម ដើម្បីកំដរបងប្អូនប្រជាពលរដ្ឋ​ដែលមកទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បី​នាសម័យនោះដែរ តាមរយៈបទ អាកាសយាន្ត។ អ្នកគាំទ្រលោក សុះ ម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗរបស់​លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។
កុមារភាព
លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅក្នុងចំណោម បងប្អូន៤នាក់​ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លៀង និងអ្នកស្រី ស៊ីប ប៊ុនឡី ដែលជាកូនកាត់ ​ឡាវ-ចិន។ លោកឪពុក របស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងសម័យអាណានិគម។ លោកឪពុករបស់ លោកបាន លាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏​រៀបការ​ម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុក នូវកូន២នាក់​ទៀត។

លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងនៅអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំ ដែលជាញឹក ញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នា​ដោយសំដីទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់​និងបាននិយាយលេងជាមួយព្រះសង្ឃ​នាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។

លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រ​នៅភ្នំពេញដោយស្នាក់ នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការ​រៀនសូត្រនៅ​សាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាច ឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេង​ដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក​គ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែង ចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សា ឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់​លោកថាជាអ្នកមាន​ទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវ បានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់​សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញ​អោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បី​ពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀង​ពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែង​ចេញច្រៀងតាមវិទ្យុ​និងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀង​តាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោក​ក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ​ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។
អាជីពជាសិល្បករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជា​សិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សា​វេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត​និពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យ​មួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។

ចម្រៀងភាគច្រើនរបស់លោក ​ ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មាន​ទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើ រឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែល លោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់​គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវ​តាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។

នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាត​អោយលោកចូលក្នុងវង់ភ្លេង ព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុង​ពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណី ដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។

នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់ សាឡន បានជំរុញកិត្តិស័ព្ទ លោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូង អ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។ កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាល ទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា​(សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។ នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមាន ឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសម ឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។
ទសវត្សរ៍៧០
ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់​តំរូវការអ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក ម៉ែ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់​ច្រៀង​បទនិពន្ឋដោយលោក វ៉ោយ ហូ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយ​អ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមក ច្រៀង​ជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរ ចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទ​អោយ ផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុត​បានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥ នៃក្រសួងអគ្គមេបញ្ជាការនៃសាធាណរដ្ឋខ្មែរ។ គាត់បាន់ធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រី ក្រសួង​ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
ជីវិតផ្ទាល់ខ្លួន
ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ
លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោក មានមហិច្ចតាខ្ពស់​និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់ លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។

លោកស៊ីន ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ជីវិតគ្រួសាររបស់លោក ចាប់មានភាពរកាំរកូតដោយសារ​ សំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។

ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។ ទោះបីជាលោកស៊ីន ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នក ល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នក មានមហាសាលម្នាក់ដែរ។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវ ផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) បាន។ ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគ ច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោក​មានកំរិតមធ្យម លោកបានហាមប្រាមកូនៗ របស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិន ដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ ពីសិល្បៈតន្ត្រីនិងចំរៀងដែរ។
មិត្តភក្តិនិងចំណង់ចំណូលចិត្ត
លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សគោរពពាក្យសំដី និងតែងផ្តល់នូវអ្វីដែល គាត់បាន​សន្យា។ គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់ គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែង ចាក់សោរខ្លួនឯងក្នុងបន្ទប់ដើម្បី សសេរបទភ្លេង។

មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក ម៉ែ ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថា​លោកស៊ីវ ស៊ុន ជាស្រមោលរបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការ ចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។
លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់ មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅ​រោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមាន​តំលៃតែ ៥រៀលប៉ុណ្ណោះ ក្នុង​១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។

គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំលេងគាត់។ នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែ មេសា ១៩៧៥ លោកត្រូវ​បានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួក​ខ្មែរក្រហមសំលាប់ បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។
កេរ្តិ៍ដំណែល
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំលេង របស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់ សំលេង មាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការ ផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។

Facebookgoogle_pluslinkedinmailby feather

Comments are closed.