Movie Stars

SSK ប្រកាស​រក​តួ​សម្ដែង​ភាពយន្ត​ខ្នាត​ធំ

164641_2717777001532_1166726507_n

លោក ស៊ីវ សុខឿន និង​សិល្បករ​ខ្មែរ

សិល្បករ​ថ្មី​ចាស់ជា​ច្រើន​នាក់ អាច​មាន​ឱកាស​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយរឿង​ ដែល​ត្រូវ​ចាប់​ផ្តើម​ថតចុង​សប្តាហ៍​នេះ ក្រោយផលិតកម្ម SSK Promotion កំពុង​ប្រកាស​ជ្រើសរើស​តួ​សម្ដែង​ជា​បណ្តើរ​ៗ។

ភាពយន្ត​ខ្នាត​ធំ​នោះ​មាន​ចំណង​ជើង​ថា”ឆ្លើយ​ទេ​ចំពោះ​គ្រឿង​ញៀន” ដែល​នឹង​ត្រូវ​ផលិត​ឡើង​ក្នុង​គោល​បំណង​អប់រំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​មក​លើ​សង្គម និង​ប្រជាពលរដ្ឋ​ខ្មែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ស៊ីវ សុខឿន ជា​អ្នក​គ្រប់​គ្រង​ក្នុង​ផលិតកម្ម​ខាង​លើ​នេះ។

អ្នក​គ្រប់គ្រង​រូប​នេះ បាន​បន្ត​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​តួសម្ដែង​ប្រមាណ​៣០​នាក់​ដែរ ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​ចូល​រួម​សម្ដែង​ក្នុង​រឿង​ភាពយន្ត​អប់រំ​មួយ​នេះ។ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​រួម​បញ្ចូល​ទាំង​សិល្បករ​ដែល​មាន​បទ​ពិសោធន៍ និង​អ្នក​ត្រូវ​ជ្រើសរើស​ថ្មី​បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ទី​នេះ​រួច​មក។

543050_2706106269771_2044906229_n

លោក ស៊ីវ សុខឿន អ្នក​គ្រប់​គ្រង SSK កំពុង​បង្រៀន​សិស្ស

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ លោក​កំពុង​តែ​ប្រកាស​ស្វែង​រក​អ្នក​មាន​ទេពកោសល្យ និង​ចំណង់​ចំណូល​ចិត្ត​នៅ​ឡើយ ខណៈ​ដែល​តួ​សម្ដែង​ធ្លាប់​មាន​បទ​ពិសោធន៍​មួយ​ចំនួន​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​សម្ដែង​រួច​ទៅ​ហើយ​នោះ។ ទោះ​យ៉ាង​ណា លោក​បាន​បង្ហាញ​ជំនឿ​ជឿ​ជាក់​ថា ភាពយន្ត​អប់រំ​មាន​រយៈ​ពេល​៩០ នាទី​នេះ ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ ព្រោះ​ក៏​មាន​ការ​ចូលរួម​ដឹក​នាំ​ពី​ក្រុម​អ្នក​ជំនាញ​បរទេស​ផង​ដែរ។

នៅ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​កាល​ពី​ថ្មី​ៗ​នេះ លោក ស៊ីវ សុខឿន បាន​បញ្ជាក់​ថា ការ​សម្ដែង​ភាពយន្ត​នេះ គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ផលិតកម្ម​របស់​លោក​ប៉ុណ្ណោះ ព្រោះ​អ្វី​ជា​គោលដៅ​ដែល​លោក​បាន និង​កំពុង​ធ្វើ​នា​ពេល​កន្លង​មក គឺ​បណ្ដុះបណ្ដាល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​មាន​ជំនាញ​ពិត​ប្រាកដ​ក្នុង​វិស័យ​សិល្បៈ រួម​មាន ការ​សម្ដែង តន្ត្រី និង​ជំនាញ​ពិធី​ករ​ជា​ដើម។ ជា​ពិសេស​គឺ​សកម្មភាព​នៃ​ការ​ចូលរួម​ជួយ​សង្គម។

ជាក់​ស្ដែង មាន​សិល្បករ​ជា​ច្រើន​នាក់​រួច​មក​ហើយ ដែល​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​ផលិតកម្ម​របស់​លោក ហើយ​បច្ចុប្បន្ន មួយ​ចំនួន​ធំ សុទ្ធ​តែ​មាន​ទីផ្សារ​ក្នុង​វិស័យ​សិល្បៈ ស្រប​ពេល​អ្នក​ខ្លះ​កំពុង​ត្រៀម​ចេញ​បទ​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ល្បី​ទៀត​ផង។

407847_2706302914687_1568884894_n

ទាំង​នេះ​ជា​ដើម​ចម នាំ​ឲ្យ​លោក​នៅ​តែ​បន្ត​សកម្មភាព​នៃ​ការ​បណ្ដុះបណ្ដាល និង​ធ្វើ​សកម្មភាព​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដដែល។

ដោយ​មាន​ការ​សហការ​ពី​អ្នក​ជំនាញ​ផ្នែក​ភាពយន្ត ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហុង​កុង និង​ប្រទេស​ម៉ាឡេស៊ី​នោះ ក្នុង​នាម​ជា​ស្ថាបនិកSSK Promotion លោក​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​ច្រើន​ពី​យុវជន យុវនារី ខ្មែរ​ដែល​មាន​ទេពកោសល្យ និង​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​អាជីព​នោះ។

SSK ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០០៨ និង​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​គឺ SSK Training ជា​អ្នក​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ និង​តន្ត្រី។ ចំណែក SSK Promotion ជា​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​តន្ត្រី​នានា និង​បង្កើត​ការងារ​សម្រាប់​សិក្ខាកាម​ដែល​បាន​សិក្សា​នៅ​ទី​នោះ។ ដោយ​ឡែក​សម្រាប់​ភាពយន្ត​ខ្នាត​ធំ​នោះ នឹង​ត្រូវ​ចាប់ផ្ដើម​ថត​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ហើយ។

ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនងតាម​លេខ​ទូរស័ព្ទ ០៦៩​ ៣០ ៩៩៩៩៕

ប្រភព៖ សំ ជំនាញ(sabay)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply