Accident

រថយន្ត​ឡិច​ស៊ីស​ ម្ចាស់​ច្រឡំជាន់​ហ្គែរ​ថា​ហ្រ្វាំង​ ហោះ​បុក​ចូល​បណ្ណាគារ​អន្តរជាតិ ​(IBC) បែក​កញ្ចក់​ខ្ទេច​​

ibc car

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 20-0666 បើកដោយនារីវ័យក្មេងម្នាក់ បានហោះបុកចូលបណ្ណាគារអន្តរជាតិ (IBC) បណ្តាលឱ្យបែកកញ្ចក់បណ្ណាគារខ្ទេច កាលពីវេលាម៉ោង១០ និង២៥នាទីព្រឹកថ្ងៃទី២ កញ្ញា ២០១៣ ចំណុចផ្លូវកម្ពុជាក្រោម កែងវិថីនេហ៍រុ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

អ្នកបើកបររថយន្តមិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយ ហើយបន្ទាប់ពីកើតហេតុ ត្រូវសមត្ថកិច្ចនាំទៅសារសួរ នៅអធិការដ្ឋាន ខណ្ឌទួលគោក ។

សាក្សីឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តឡិចស៊ីស បើកដោយនារីវ័យក្មេងម្នាក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ចូលបណ្ណាគារអន្តរជាតិ តែទំនងជាអ្នកបើកច្រឡំជាន់ហ្គែរ ស្មានថាជាហ្វ្រាំង ក៏ហោះបុកចូលក្នុងបណ្ណាគារ បណ្តាលឱ្យបែកកញ្ចក់បណ្ណាគារខ្ទេច និងរងរបូសមនុស្ស២នាក់ ហើយហេតុការណ៍នេះ អ្នកបើកបរមិនមានរងរបួសនោះទេ ៕

ប្រភព ៖ ចាន់ ធូ(kohsantepheap)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

———————————————————————————————————

អ៊ិត សេដ្ឋា ចាត់​ទុក​ថា គ្រោះថ្នាក់​គេ​បុក​ជា​ការ​ប៉ង​ធ្វើ​ឃាត

130830_22a

ភ្នំពេញៈ ពិធីករ​ចាស់ខ្លឹម​របស់​ស្ថានីយ​ទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​មិន​នឹក​ស្មាន​ដល់​ខណៈ​រថយន្ត​ម៉ាក​ឡង់គ្រីស័រ​បើក​បញ្ច្រាស​ទិសដៅ​បើក​បុក​ចំ​ពី​មុខ​រថយន្ត​លោក​នៅលើ​ស្ពាន​ជ្រោយចង្វារ នៅ​រាត្រី​រំលង​អ្រធាត្រ​ថ្ងៃ​ទី​២៨​ឈាន​ចូល​ទី​២៩​សីហា។​ចំពោះ​ហេតុការណ៍​នេះ​លោក អ៊ិត សេដ្ឋា បាន​ចាត់​ទុក​ថា មិនមែន​ជា​កំហុស​អចេតនា​ទេ។

ផ្តល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​រសៀល​ម្សិលមិញ​នេះ លោក អ៊ិត សេដ្ឋា ក្រៅពី​ប្រាប់​ថា នៅ​មាន​អារម្មណ៍​រន្ធត់​នៅ​ឡើយ​នោះ លោក​ក៏​បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​ដែល​នាំឲ្យ​រូប​លោក​ទៅ​ពើបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​កណ្តាលអ្រធាត្រ​ថា នៅ​មុន​កើតហេតុ​វេលា​ជិត​រំលង​អ្រធាត្រ​យប់​នោះ លោក បាន​បើក​រថយន្ត​របស់​លោក ម៉ាក​កាមេរី​គូទប៉ោង​តែ​ម្នាក់​ឯង​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ជ្រោយចង្វារ​ឆ្ពោះ​ទៅ​ត្រើយ​ម្ខាង​ព្រែកលៀប​ទៅ​ជួបជុំ​មិត្តភក្តិ​២-៣ នាក់​ដែល​គេ​ចាំ​នៅ​ទី​នោះ​ស្រាប់។ ខណៈ​លោក​បើក​រថយន្ត​ជិត​នឹង​ផុត​ស្ពាន​ជ្រោយចង្វារ​ក្នុង​ល្បឿន​យឺត​ៗ​នោះ​ក៏​ស្រាប់​តែ​មាន​រថយន្ត​ម៉ាកឡង់គ្រីស័រ​ពណ៌​ស្លែ​បើក​បញ្ច្រាស​ទិស​មក​យ៉ាង​លឿន​ឡើង​ពី​គល់​ស្ពាន​ជ្រោយចង្វារ​ខាង​កើត មក​បុក​រថយន្ត​របស់​លោក ចំ​ពី​មុខ​ផ្នែក​ខាង​ឆ្វេង​ពេញ​មួយ​ទំហឹង​តែ​ម្តង។ រថយន្ត​ម៉ាក​ឡង់គ្រីស័រ​នោះ​ក្រោយពី​បង្ក​មក​លើ​រថយន្ត​លោក​ទាំង​កំរោល​ហើយ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​បង្កាន់​ដៃ​ស្ពាន​បាក់​ពីរ​បី​កង់​ថែម​ទៀត​ចំណែកឯ​រថយន្ត​របស់​លោក​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច។

លោក​បាន​បញ្ជាក់​ថា​៖​«​ពេល​នេះ​នៅ​មិន​ទាន់​ដឹងថា ខាង​ប៉ូលិស​គេ​មាន​ចំណាត់​ការ​ដោះស្រាយ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថា​រឿង​នេះ​ទើប​នឹង​កើតឡើង​យប់​មិញ។ ប៉ុន្តែ​រថយន្ត​ទាំង​ពីរ​នោះ​ខាង​ប៉ូលិស​គេ​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ប៉ូលិស​តាំងពី​ក្រោយ​គ្រោះថ្នាក់​នោះ​ភ្លាម​ៗ​ម្ល៉េះ​»។ លោក អ៊ិត សេដ្ឋា​បន្ថែម​ថា​៖​«​មក​ដល់​ពេល​នេះ​លោក​ក៏​មិន​ទាន់​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទាមទារ​សំណង​យ៉ាង​ណា​នោះ​ដែរ​រង់ចាំ​ខាង​អ្នក​បង្កគ្រោះ​នោះ​ចូល​ខ្លូន​ដោះស្រាយ​ជាមួយ​ខាង​ប៉ូលិស​សិន ព្រោះ​ថា​ការងារ​នេះ​ខ្ញុំ​ក៏​ប្រគល់​ឲ្យ​ប៉ូលិស​ជា​អ្នក​ដោះស្រាយ​ដែរ​»។

យ៉ាងណា មិន​មាន​មនុស្ស​ម្នាក់​ណា​រងរបួស​នោះ​ឡើយ​ទាំង​អ្នក​បើក​រថយន្ត​បង្ក​និង​លោក​អ៊ិត សេដ្ឋា ប៉ុន្តែ​លោក អ៊ិត សេដ្ឋា ក៏​បាន​លើក​ឡើង​ដែរ​ថា ភ្លាម​ៗ​រូបលោក​ក៏​មិន​ប្រាកដ​ថា​ខ្លួនឯង​ហ្នឹង​មិន​មាន​របួស​នោះ​ដែរ​យ៉ាង​ហោច​ណាស់​ក៏​មាន​ដាច់​រលាត់​ដែរ តែ​ក៏​សំណាង​ដែរ ទាំង​សងខាង​គ្មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ ហើយ​ក៏​មិន​បាន​ឈ្លោះ​ប្រកែក​គ្នា​ដែរ សូម្បី​មួយ​ម៉ាត់​ព្រោះ​ថា ខាង​ក្រុម​រថយន្ត​បង្ក​នោះ​ពួកគេ​បាន​រត់​ចោល​រថយន្ត​ភ្លាម​ៗ។

ចំពោះ​ការ​បង្ក​គ្រោះថ្នាក់​នេះ​លោក អ៊ិត សេដ្ឋា ចាត់​ទុក​ថា​ករណី​នោះ​មិនមែន​ជា​ការ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​នោះ​ឡើយ ខណៈ​លោក​អះអាង​ថា នោះ​អាច​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​រូប​លោក​។ លោក អ៊ិត សេដ្ឋា បាន​ពន្យល់​ថា​៖​«គិត​មើល​ទៅ​ការ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន ចរាចរណ៍​ក៏​មិន​ជា​លឿន​ប៉ុន្មាន​នោះ​ដែរ តែ​ខ្ញុំ​មើល​ទៅ​ឃើញ​រថយន្ត​ឡង់គ្រីស័រ​នោះ​វេរចង្កូត​មក​បុក​រថយន្ត​ខ្ញុំ​តែ​ម្តង​មាន​តែ​អ្នក​មាន​ចេតនា​ទេ បាន​ធ្វើ​ទៅ​កើត ហើយ​បុក​នោះ​គឺ​បុក​នៅ​ចំ​ផ្នែក​ខាង​ឆ្វេង​ខាង​តៃកុង​គឺ​ខ្ញុំ​នេះ​»។ លោក​បញ្ជាក់​ថា​៖​«​វា​ក៏​ជា​សំណាង​ខ្ញុំ​ដែរ នៅ​យប់មិញ​នេះ ខ្ញុំ​មិន​ប្រហែស​បើ​កុំ​តែ​មាន​ពាក់​ខ្សែក្រវាត់​នោះ​កុំ​អី​ខ្ញុំ​ត្រូវ​លោត​ទៅ​បុក​កញ្ចក់​ឡាន ឬ​ធ្លាយ​ចេញ​ទៅ​ក្រៅ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ ស្លាប់​ក៏​ថា​មិន​ត្រូវ​ដែរ»។

ដោយឡែក​ខាង​មន្រ្តី​ប៉ូលិស​កាន់​ផ្នែក​ដោះស្រាយ​ចរាចរណ៍​ជើងគោក លោក គង់ សាវឿន បាន​លើក​ឡើង​ផ្ទុយ​នឹង​លោក អ៊ិត សេដ្ឋា ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​មិនមែន​ជា​ការ​គ្រោង​ទុក​នោះ​ឡើយ ហើយ​ករណី​ដែល​ខាង​អ្នក​បើ​រថយន្ត​ម៉ាក​ឡង់គ្រីស័រ​បង្ក​មក​លើ​រថយន្ត​លោក អ៊ិត សេដ្ឋា កាលពី​ថ្ងៃ​ទី​២៨​ឈាន​ចូល​ថ្ងៃ​ទី​២៩​នោះ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អចេតនា​។ លោក​បញ្ជាក់​ថា​៖​«​ដោយ​ខាង​រថយន្ត​បង្ក​គាត់​បើក​លឿន​និង​ប្រហែល​ជា​មាន​ការ​ជែង​គេ​នៅ​ខាង​មុខ​នោះ​ទើប​បណ្តាល​ជ្រុល​ចូល​ខាង​ស្តាំ​ទៅ​បុក​រថយន្ត​លោក អ៊ិត សេដ្ឋា ចំ​ផ្នែក​ខាង​មុខ​ដូច្នេះ​»។

បើ​ទោះ​យ៉ាង​ណា មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៩​សីហា​នៅ​មិន​ទាន់​ឃើញ​ភាគី​ខាង​រថយន្ត​បង្ក​ណា​ម្នាក់​ចូល​ខ្លួន​មក​ដោះស្រាយ​យ៉ាង​ណា​ទេ ប៉ុន្តែ​លោក​គង់ សាវឿន បញ្ជាក់​ថា ម្ចាស់​រថយន្ត​បង្ក​នោះ​គេ​នឹង​មិន​ទុក​រថយន្ត​គេ​ចោល​ទេ គេ​នឹង​ចូល​មក​ដោះស្រាយ​តែ​ត្រង់​ថា គេ​សង​សំណង​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង៕

ប្រភពះ ស៊ូ វុទ្ធី(PP Post)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

———————————————————————————————————

ពិធីករ​ល្បី​ឈ្មោះ​របស់​ស្ថានីយ​ទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​មិញ​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​កាល​ពី​យប់​មិញ។ នេះ​បើ​តាម​ប៉ូលីស​បាន​រាយ​ការណ៍​មក​ទូរទស្សន៍​ហង្សមាសនៅ​ព្រឹក​នេះ។

setha

ហេតុការណ៍​ដែល​កើត​លើ​ពិធីករ​ល្បី​ឈ្មោះ​លោក អ៊ិត សេដ្ឋា រូប​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ១២ រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ពុធ​ទី​២៨ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​២៩​នេះ។ តាម​សមត្ថកិច្ច​ដែល​បាន​ចុះ​វាស់​វែង​ក្នុង​ហេតុការណ៍​ខាង​លើ បាន​រៀប​រាប់​ថា នៅ​វេលា​ម៉ោង ១២ រំលង​អាធ្រាត្រ​គេ​ឃើញ​លោក អ៊ិត សេដ្ឋា បាន​ជិះ​រថយន្ត​របស់​លោក​ម៉ាក​កាមេរី​គូទ​ប៉ោង​ធ្វើ​ដំណើរ​ឆ្លង​ស្ពាន​ជ្រោយ​ចង្វា ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ស្រប​ពេល​នោះ​មាន​រថយន្ត​ឡង់​គ្រីស័រ​ពណ៌​ខ្មៅ​មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​​ទិស​គ្នា។

ហើយ​ខណៈ​មក​ចំណុច​កើត​ហេតុ រថយន្ត​ឡង់គ្រីស័រ​បាន​រេ​ចង្កូត​មក​បុក​រថយន្ត​របស់​លោក អ៊ិត សេដ្ឋា ផ្នែក​ខាង​ក្រោយ បណ្តាល​បាក់​កាឡេ​ទៅ​មុខ​លែង​រួច​តែ​ម្តង ដោយ​ឡែក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​បណ្តាល​ឲ្យ​ខូច​ខាត​បី​បួន​កាំ​ថែម​ទៀត។

ក្រោយ​ហេតុ​ការណ៍ លោក អ៊ិត សេដ្ឋា មិន​បាន​រង​របួស​នោះ​ទេ គឺ​ខូច​ខាត​តែ​រថយន្ត​ប៉ុណ្ណោះ។ ដោយ​ឡែក​អ្នក​បើក​បរ​រថយន្ត​បង្ក​ហេតុ បាន​រត់​គេច​ខ្លួន​បាត់​ក្រោយ​កើត​ហេតុ​បន្សល់​តែ​រថយន្ត​កន្លែង​កើត​ហេតុ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ឬស្សី​កែវ​អូស​យក​ទៅ​ទុក​រង​ចាំ​ភាគី​ទាំង​សង្ខាង​ចូល​ខ្លួន​មក​ដោះ​ស្រាយ។

ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​នេះ លោក អ៊ិត សេដ្ឋា មិន​ទាន់​អាច​ទំនាក់​ទំនង​សុំ​ព័ត៌មាន​បន្ថែម​បាន​ទេ​នៅ​ព្រឹក​នេះ ដោយ​ទូរស័ព្ទ​របស់​លោក អត់​មាន​អ្នក​ទទួល។

គិត​ត្រឹម​ថ្ងៃ​ទី ២៩ សីហា​នេះ ពិធីករ​ទូរទស្សន៍​ពីរ​រូប​ហើយ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​មុន​នេះ​បន្តិច​ លោក ញ៉ែម សុគន្ធ ក៏​បាន​ជួប​គ្រោះ​ថ្នាក់​បើក​រថយន្ត​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ប៉ូលីស​ចរាចរណ៍​ដែរ។ ប៉ុន្តែ​ដូច​នឹង​លោក អ៊ិត សេដ្ឋា ដែរ តារា​សម្តែង និង​ពិធីករ​ទូរទស្សន៍​រូប​នេះ​មិន​មាន​រង​របួស​ឡើយ៕

– ប្រភព:ទារិកា(sabay)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

———————————————————————————————————-

ស្ត្រី​ម្នាក់​ភ័យ​ស្លន់ស្លោរ​សន្លប់​បាត់ស្មារតី ពេល​អគារ​កាណាឌីយ៉ា​ដាច់​ភ្លើង គាំង​ជណ្តើរយន្ត​

Wat-292h-397x300

រាជធានី​ភ្នំពេញ ៖ សារព័ត៌មាន​ជាច្រើន បាន​រាយការណ៍​ពី​ករណី ស្ត្រី​ម្នាក់​ដែល​គេ​មិន ស្គាល់​អត្តសញ្ញាណ បាន​សន្លប់​បាត់ស្មារតី កាលពី​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣ ខណៈដែល​ស្ត្រី​រងគ្រោះ កំពុង​ជិះ​ជណ្តើរយន្ត គាប់​ជួន​ក៏​ដាច់​ភ្លើង​គាំង នៅក្នុង​អាគារ កាណាឌីយ៉ា ស្ថិតនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ខណៈដែល​ជនរងគ្រោះ កំពុង​ជិះ​នៅក្នុង​ជណ្តើរយន្ត នៃ​អគារ កាណាឌីយ៉ា ស្រាប់តែ​ដាច់​ចរន្តអគ្គិសនី នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣ នាំ​ឲ្យ​ជណ្តើរយន្ត​គាំង ហើយ​នៅពេលនោះ​ស្ត្រី​រងគ្រោះ ដែល​ស្ថិតនៅក្នុង​បន្ទប់ នៃ​ជណ្តើរយន្ត ភ័យ​ស្លន់ស្លោរ រហូត​សន្លប់​ស្តូកស្តឹង​។ ​

ស្ត្រី​រងគ្រោះ​ត្រូវបាន​ដឹកបញ្ជូន ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ កាល់ម៉ែត​ភ្លាមៗ នាំ​ឲ្យ​មានការ ផ្អើលឆោឡោ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា អគារ​ពាណិជ្ជកម្ម កាណាឌីយ៉ា ធំ​ប៉ុន​មេឃ មិនគួរ​មានការ​ធ្វេសប្រហែស ដាច់​ភ្លើង​រហូត​គាំង​ជណ្តើរយន្ត បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​ទេ​៕ ​

– ប្រភព(វត្តភ្នំ)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply

Your email address will not be published.