Love Story

សំដី​ក្មេង​កំហូច​មួយ​ម៉ាត់​ ​ធ្វើ​ឲ្យ​យុវតី​ខ្មែរ​មួយ​រូប​​ខូច​ចិត្ត​១៥​ឆ្នាំ​!

engagement-ring

រឿង​កម្រ​មួយ​បាន​កើត​ឡើង​ចំពោះ​យុវតី​មួយ​រួប​ឈ្មោះ​ យ៉ា។ យុវតី​រូប​នេះ​បាន​ពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​អស់​រយៈពេល​ជិត​១៥​ឆ្នាំ​ហើយ​ បើ​ទោះ​បី​នាង​មិន​ទាន់​បាន​ភ្ជាប់​ពាក្យ​ពិត​ប្រាកដ​​ក្ដី។ តែ​អាថ៌កំបាំង​ត្រូវ​បាន​ទម្លាយ​ចេញ​​តាម​រយៈ​លិខិត​របស់​កញ្ញា​ផ្ទាល់​​ដែលមានអត្ថន័យដួចខាង​ក្រោម​នេះ៖

១៥​ឆ្នាំ​​មុន
ខ្ញុំ​នៅ​ជា​សិស្ស​​សាលា​បឋម​សិក្សា​មួយ​នៅ​ឡើយ​នា​ពេល​នោះ។ សិស្ស​ត្រូវ​បាន​បែង​ចែក​វេន​ជា​ក្រុម​ៗ​ ដើម្បី​ធ្វើ​ការ​បោស​សម្អាត​ថ្នាក់​រៀន​ ជា​រៀង​រាល់​ថ្ងៃ។ ថ្ងៃ​មួយ​ វេន​បោស​សម្អាត​ថ្នាក់​បាន​វិល​​មក​ដល់។ ខ្ញុំ​ និង​មិត្តភ័ក្ដិ​មាន​ភារកិច្ច​ត្រូវ​សម្អាត​ថ្នាក់​ឲ្យ​បាន​ស្អាត​ មុន​នឹង​គ្រូ​មក​ដល់។

មិន​គួរ​ឲ្យ​ជឿ​សោះ​ ក្មេង​ប្រុស​ម្នាក់​ ដែល​សិស្ស​ និង​គ្រូ​ស្ទើរ​គ្រប់​ថ្នាក់​ស្គាល់​យ៉ាង​ច្បាស់​ថា​ ជា​សិស្ស​កំពូល​ច្រឡឺម​​ ប្រែ​ជា​សុភាព​ជាមួយ​នឹង​កាយវិការ​ដើរ​យឺត​ៗ​​សំដៅ​មក​រក​ខ្ញុំ​ ដែល​កំពុង​បោស​សំរាម​នៅ​មុខ​ថ្នាក់​ ហើយ​ក៏​បាន​និយាយ​យ៉ាង​លឿន​ថា៖ “ខ្ញុំ​ស្រលាញ់​​យ៉ា” រួច​ហើយ​ក៏​រត់​យ៉ាង​លឿន​ត្រលប់​ទៅ​វិញ​ ព្រោះ​ខ្លាច​ខ្ញុំ​យក​អំបោស​វ៉ៃ​ក៏​មិន​ដឹង​ ទើប​បាន​ជា​រត់​លឿន​យ៉ាង​ហ្នឹង។ សំដី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​មិត្តភ័ក្ដិ​ស្រីៗ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង ​តែ​​សំដី​នេះ​ក៏​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ខ្ញុំ​រហូត​មក​ដែរ។

ក្មេង​ប្រុស​នោះ​ឈ្មោះ​ ជាតិ។ គាត់​ និង​ខ្ញុំ​មិន​មែន​រៀន​ថ្នាក់​ជាមួយ​គ្នា​ទេ ​គឺ​រៀន​ថ្នាក់​ជាប់​គ្នា។

“ជាតិ​ស្រលាញ់​យ៉ា! ជាតិ​ស្រលាញ់​យ៉ា!” សំដី​ចំអន់​នេះ​ ខ្ញុំ​បាន​ឮ​​ពេញ​មួយ​ថ្ងៃ​នោះ។ ក្រោយ​ពី​និយាយ​ពាក្យ​នេះ​ហើយ ខ្ញុំ​លែង​ឃើញ​​ស្រមោល​​​ជាតិ​ ក្មេង​កំហូច​នោះ​ទៀត​។ ឆ្ងល់​ដែរ​ ក៏​ដាច់​ចិត្ត​សួរ​មិត្តភ័ក្ដិ​គេ​ថា​ គេ​ទៅ​ណា​អត់​ឃើញ​មក​រៀន​ហ្នឹង​ តែ​មិត្តភ័ក្ដិ​គេ​ក៏​មិន​ដឹង​ថា​គេ​ទៅ​ណា​ដែរ។ ខ្ញុំ​ក៏​មិន​បាន​ខ្វល់​ច្រើន​ដែរ​ ព្រោះ​នឹក​គិត​ថា​ប្រហែល​ជា​គេ​ខ្មាស​ខ្ញុំ​ហើយ​មើល​ទៅ​ បាន​ជា​មិន​ហ៊ាន​មក​រៀន​ខ្លាច​ជួប​មុខ​​ខ្ញុំ។

ស្អែក​ឡើង​ខ្ញុំ​មក​រៀន​ដូច​​សព្វ​មួយ​​ដង​ តែ​មក​យឺត​បន្តិច​ថ្ងៃ​នោះ​ ដោយ​ដើរ​កាត់​ថ្នាក់​គេ​ ក៏​គ្រលៀស​ភ្នែក​លួច​រក​មើល​គេ​បន្តិច​ដែរ​ តែ​មិន​ឃើញ​គេ​នៅ​ក្នុង​ថ្នាក់​សោះ​ ឃើញ​តែ​សិស្ស​ស្រីៗ​ពីរ​បី​នាក់​កំពុង​យំ​ទៅ​វិញ។ ខ្ញុំ​ក៏​ដើរ​ហួស​មក​ថ្នាក់​របស់​ខ្ញុំ​ដូច​ធម្មតា។

មិត្តភ័ក្ដិ​ខ្ញុំ​ពីរ​បី​នាក់​ដើរ​មក​រក​ខ្ញុំ​ទាំង​មុខ​ក្រៀម​ក្រំ​ផង​ ទាំង​ទឹក​ភ្នែក​ផង ហើយ​ប្រាប់​ខ្ញុំ​ទាំង​សំដី​អួល​ដើម​​ក​ថា៖ “យ៉ា! ជាតិ​​​លង់​ទឹក​ស្លាប់​ហើយ​តាំង​ពី​ល្ងាច​មិញ!”។

ខ្ញុំ​សួរ​ពួកគេ​ទាំង​សំដី​ធ្ងន់​ៗ​ថា៖ ” ពួក​ឯង​និយាយ​ពី​អី? កុំ​លេង​សើច​បាន​អត់!”។ ពួក​គេ​យំ​ខ្លាំង​ឡើង​ៗ ​ធ្វើ​ឲ្យ​ចិត្ត​ និង​បេះដូង​ខ្ញុំ​កាន់​តែ​ពុះ​កញ្ជ្រោល​ចង់​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង។ ពួក​គេ​​ឱប​​ខ្ញុំ​ ហើយ​និយាយ​ថា៖ “ខ្ញុំ​និយាយ​មែន​ណា៎! ជាតិ​​លង់​ទឹក​ស្លាប់​ហើយ”។

មិន​អស់​ចិត្ត​នឹង​សំដី​នេះ​ ខ្ញុំ​ក៏​រត់​ទៅ​ថ្នាក់​របស់​គេ​ ហើយ​សួរ​ស្រីៗ​ដែល​កំពុង​អង្គុយ​យំ​​ក្នុង​ថ្នាក់​នោះ​ថា ​មាន​រឿង​អី​កើត​ឡើយ។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ឮ​សំដី​មួយ​ឃ្លា​នោះ​ជា​លើក​ទី​បី។

ម្ដង​នេះ ​ខ្ញុំ​មិន​សួរ​បញ្ជាក់​ពី​ពួក​គេ​ម្ដង​ទៀត​ទេ​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ហើយ​ថា​ ខ្ញុំ​ស្ដាប់​មិន​ច្រឡំ​នោះ​ទេ។ ខ្ញុំ​ត្រលប់​មក​ថ្នាក់​ខ្ញុំ​វិញ​ដោយ​ស្ងៀមស្ងាត់​ ហើយ​អង្គុយ​ស្ងៀម​មិន​និយាយ​ស្ដី​អ្វី​​ទាំងអស់។ តាម​ពិត​ខ្ញុំ​កំពុង​គិត​ពី​សំដី​ និង​រាល់​សកម្មភាព​ដែល​គេ​បាន​ធ្វើ​កន្លង​មក​ដាក់​ខ្ញុំ​ ជា​ពិសេស​គឺ​សំដី​កាល​ពី​ម្សិលមិញ​ ដែល​នៅ​ក្ដៅ​ៗ​នឹង​ត្រចៀក​ទាំង​ពីរ​របស់​ខ្ញុំ​នៅ​ឡើយ។

ពី​ដំបូង​ ខ្ញុំ​យំ​មិន​ចេញ​សោះ​ តែ​បន្តិច​ក្រោយ​មក​ទើប​ទឹក​ភ្នែក​របស់​ខ្ញុំ​ព្រម​ហូរ​ចុះ​មក​ជាមួយ​នឹង​អារម្មណ៍​ហួស​ចិត្ត​រក​និយាយ​មិន​ត្រូវ។ តាម​ពិត​ទៅ​ ពួក​យើង​ក៏​មិន​ទាន់​ជា​សង្សារ​នឹង​គ្នា​ដែរ​ ដូចនេះ​ខ្ញុំ​ក៏​មិន​បាន​ឈឺ​ចាប់​អី​យូរ​ណាស់​ដែរ​ទេ។ ប៉ុន្តែ​អនុស្សាវរីយ៍​ទាំង​ឡាយ​ក៏​ដក់​ជាប់​នឹង​កែវភ្នែក​ទាំង​គូរ​របស់​ខ្ញុំ។ សំដី​មួយ​ឃ្លា​ដែល​ប្រាប់​ថា៖ “​ស្រលាញ់​យ៉ា” ក៏​ដក់​ជាប់​ក្នុង​បេះដូង​ខ្ញុំ​រហូត​មក​ដែរ។

មិន​យូរ​​ប៉ុន្មាន​​ ខ្ញុំ​​ក៏​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​បឋម​សិក្សា​ ហើយ​ក៏​ត្រូវ​បន្ត​ការ​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​​បន្ត​ទៀត។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា​ ខ្លួន​ខ្ញុំ​មិន​អាច​បោះ​ចោល​ការ​ស្រលាញ់​មួយ​​នេះ​បាន​ទេ​ ហើយ​ក៏​មិន​ដាច់​ចិត្ត​បំភ្លេច​ការ​ស្រលាញ់​មួយ​នេះ​បាន​ដែរ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​រឿង​មួយ​ដើម្បី​តប​ស្នង​ការ​ស្រលាញ់​មួយ​នេះ​ គឺ​ខ្ញុំ​បាន​សុំ​ម៉ាក់​របស់​ខ្ញុំ​នូវ​ចិញ្ចៀន​មួយ​វង់​ដើម្បី​ពាក់​នៅ​ ម្រាមដៃ​នាង​ ដែល​តំណាង​ឲ្យ​ការ​បញ្ចាំ​ចិត្ត​ និង​ស្ពាយ​រាល់​អនុស្សាវរីយ៍​ទាំង​អស់​តាម​ខ្លួន​ជានិច្ច​ តាំង​ពី​ពេលនោះ​មក។ ដល់​បច្ចុប្បន្ន​នេះ​ បើ​ទោះបី​ជា​ចិញ្ចៀន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ពីរ​បី​ដង​ក៏​ដោយ​ ក៏​ទី​តាំង​​នៃ​ចិញ្ចៀន​នេះ​មិន​បាន​ផ្លាស់​ប្តូ​ទេ​ បើ​ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​ពី​សំណាក់​ម្ដាយ​ឪពុក​ និង​សង្សារ​ក្រោយៗ​របស់​ខ្ញុំ​ក៏ដោយ។

ខ្ញុំ​ដឹង​ថា​ធ្វើ​បែប​នេះ​វា​មិន​អស្ចារ្យ​អី​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​គិត​ថា ​ធ្វើ​រឿង​នេះ​ដើម្បី​ភាព​អស្ចារ្យ​ដែរ​ ​គឺ​ខ្ញុំ​ធ្វើ​ឡើង​ដោយ​ភាព​ស្ម័គ្រ​ចិត្ត​ និង​គ្រាន់​​តែ​​ចង់​តប​ស្នង​នូវ​ក្ដី​ស្រលាញ់​របស់​មនុស្ស​ម្នាក់​ដែល​តែង​តែ​ ផ្ដល់​​មក​​ឲ្យ​​ខ្ញុំ​​នូវ​​ភាព​រីក​រាយ​ និង​ស្នាម​ញញឹម​រហូត​មក។

ជាតិ! កុំ​បារម្ភ។ ខ្ញុំ​ យ៉ា​ មិន​បំភ្លេច​មនុស្ស​ដែល​បាន​និយាយ​ថា​ ស្រលាញ់​យ៉ា​ មុន​គេ​បង្អស់​​ក្នុង​​ជីវិត​យ៉ា​ម្នាក់​នេះ។ ការ​ស្រលាញ់​របស់​ជាតិ​​គឺ​នៅ​ជាមួយ​យ៉ា​១៥​ឆ្នាំ​ហើយ​ ហើយ​ក៏​នឹង​នៅ​ជាមួយ​​យ៉ា​ជា​រៀង​រហូត។ សង្ឃឹម​ថា ​ពេល​នេះ​អ្នក​កំពុង​ស្ថិត​ក្នុង​ទី​ស្ងប់​សុខ​មួយ​ទៅ​ចុះ។

អរគុណ​ដែល​បាន​ស្រលាញ់​​យ៉ា​​ម្នាក់​នេះ​ណា! ជាតិ! យ៉ា​អរគុណ​ណា៎!

មិត្ត​អ្នក​អាន​​អាច​​គិត​ថា​ ខ្ញុំ​ឆ្កួត​ហើយ​ដែល​ធ្វើ​បែប​នេះ! អ្នក​ប្រាកដ​ជា​ឆ្ងល់​ថា​ តើ​ធ្វើ​អី​ចឹង​បាន​ប្រយោជន៍​អី​ដែរ? តែ​ចង់​ប្រាប់​ថា​ ការ​ធ្វើ​បែប​នេះ​ គឺ​ដោយ​សារ​ភាព​មិន​អស់​ចិត្ត​របស់​ខ្ញុំ​ ដែល​មិន​បាន​ធ្វើ​អី​ទាល់​តែ​សោះ​ចំពោះ​មនុស្ស​ម្នាក់​ ដែល​ស្រលាញ់​ ​និង​ធ្វើ​រឿង​ជា​ច្រើន​សម្រាប់​ខ្ញុំ ​រហូត​ដល់​ថ្ងៃ​ដែល​គេ​បាន​ចាក​ចេញ​ពី​រូប​ខ្ញុំ​ទៅ​ និង​គ្មាន​ថ្ងៃ​ណា​បាន​ជួប​គ្នា​វិញ​ជា​រៀង​រហូត។

From Sabay

if you have more story, please send to info.sskpromotion@gmail.com,
or call: 069 30 9999, Office: 023 63 1 63 94

Facebookgoogle_pluslinkedinmailby feather

Leave a Reply