Real Life

please tell what you can’t do and struggle for get successful
in life,if this boy can do all things too, how much more for
you and I!

.facebook_153198133

———————————————————————

ជីវិតអ្នកលក់ម៉ាំល្ហុង

ជីវិតអ្នកលក់ម៉ាំល្ហុងឬហៅថា រដ្ឋមន្រ្តី ម៉ាំល្ហុង

ជីវិតរបស់យុវជនលក់ម៉ាំល្ហុងម្នាក់នេះ ពោរពេញដោយគំនិតឆ្នៃប្រឌិតខ្ពស់ ហើយការតស៌ូរបស់គាត់ និងទទួលបានជោគជ័យ ទៅថ្ងៃអនាគត។បើទោះបីជាមាន គេនិយាយថា គេឆ្កួតអត់បានលុយ តែគាត់ឆ្កួតបានលុយ រីឯអ្នកថាវិញនោះ បានត្រឹមតែថា មិនបានផ្តល់ជាបា្រក់ និងឲ្យបាយទឹក គាត់ហូបម្តងណាឡើយ។

សូមសរសើរប្អូនលក់ម៉ាំល្ហុង ដែលបានបង្ហាញពីសម្មត្តភាព និងការខិតខំតស៌ូដោយមនសិកាខ្ពស់ និងចេះកែច្នៃជីវិតរបស់ខ្លួន ឲ្យប្រសើរថែមទៀត។

សូមបព្ជាក់ថា តួអង្គក្នុងវីដេអូនេះ គាត់គឺជានិស្សិតម្នាក់ ជាកូនកសិករ មានស្រុកកំណើតនៅខេត្តព្រៃវែង។

ប្រសិនបើអស់លោកអ្នកនាង មានចំណាប់អារម្មណ៏ ជុំវិញអ្នកលក់ម៉ាំល្ហុង សូមធ្វើការទំនាក់ទំនងគាត់ផ្វាល់តាមរយះទូរស­័ព្វលេខៈ (+៨៥៥) ៩៣៩ ៧៩៧ ៩៦ ៕

ប្រភព: Saravuth You

——————————————————————————————————–

ក្នុងនាមជាម្តាយ…

Picture 262

សម័យ​កាល​ផ្លាស់​ប្តូរ មេឃ​ដី​ប្រែ​ប្រួល យប់​ថ្ងៃ ថ្ងៃ​យប់ ១០០០​ឆ្នាំ​ក៏​កន្លង​ទៅ មាន​តែ​ការ​ប្រែ ប្រួល​ទេ​ ដែល​មិន​ប្រែ​ប្រួល ហើយ​ការ​ផ្លាស់​ប្តូរ​ ជា​ច្បាប់​ធម្ម​ជាតិ អ្នក​ប្រឆាំង​នឹង​ការ​ផ្លាស់​ប្តូរ គឺ​ប្រឆាំង​នឹង​ធម្ម​ជាតិ អ្នក​ប្រឆាំង​នឹង​ធម្ម​ជាតិ គឺ​ប្រឆាំង​នឹង​ខ្លួន​ឯង អ្នក​ប្រឆាំង​នឹង​ខ្លួនឯង គឺ​បំផ្លាញ​ខ្លួនឯង​។ តើ​ហេតុ​អ្វី នាំ​គ្នា​ខ្លាច​ការ​ផ្លាស់​ប្តូរ​? ឋាន​មនុស្ស មាន​រឿង​ពិបាក​របស់មនុស្ស ឋាន​ទេវតា​មាន​បញ្ហា​របស់​ទេវតា​។ ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​នោះ​។ រឿង​ក្នុងនគរ​ខ្មែរ មាន​តែ​ខ្មែរ​ទេ ដែល​ដឹង​រឿង​ជាង​គេ​។ វាសនា​របស់​នគរ​​ខ្មែរ គឺ​ត្រូវ​តែ​ខ្មែរ​ជា​អ្នក សម្រេច​។

អស់​ពេល​ជិត​ ១៥ ឆ្នាំ​នៃ​ជីវិត​អ្នកស្រែ​ ក្នុង​រាជធានី​ភ្នំពេញ ខ្ញុំ​បាន​ឆ្លង​កាត់និង​ឃើញ​រឿង​អយុត្តិ ធម៌​ជា​ច្រើន ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ខ្លោចផ្សា​ជាង​គេ​ គឺ​កូន​ខ្មែរ​ពូជ​សាង​អង្គរ ​កើត​ក្រោមមេឃ លើ​ដី​តែមួយ​ហេតុ​អ្វី​ក៏មាន​វាសនា​ខុស​គ្នា​? នេះ​ជា​កម្ម ឬ​ជា​កំហុស​របស់​អ្នក​ណា?

កាល​ពី​សម័យ​បុព្វកាល​មនុស្ស​​រស់​នៅ​ជា​កុល​សម្ព័ន្ធ ក្នុង​សភាព​ជា​ឆ្កែ​ចចក ដណ្តើម​គ្នា​រស់ រស់​គ្មាន​ក្តី​សុខ គ្មាន​សុវត្ថិ​ភាព ទើប​មនុស្ស​បាន​នាំ​គ្នា​បង្កើត​រដ្ឋ​ឡើង​ រួច​នាំ​គ្នា​មក​ជ្រក​ក្រោម​ដំបូល​រដ្ឋ ដោយ​សង្ឃឹម​ថា​មាន​ច្បាប់​ការពារ ផ្តល់​ក្តី​សុខរក្សា​សុវត្ថិ​ភាព ការ​ពារ​យុត្តិធម៌ ចុះ​បើរស់​ក្នុង​រដ្ឋ ដូច​គ្មាន​រដ្ឋ តើ​ចាំបាច់​មាន​រដ្ឋ​ធ្វើ​អ្វី​? តើ​សង្គម​ខ្មែរ ដណ្តើម​គ្នា​រស់ ឬ​ចែក​គ្នា​រស់?

នគរ​ខ្មែរ​ពេល​នេះ​ ជា​សម័យ​កាល​មនុស្ស​ស្អប់​អំពើ​ល្អ ​មនុស្ស​ល្អ​ក្លាយ​ជា​ក្រុម​ភាគ​តិច មនុស្ស​អាក្រក់​ក្លាយ​ជា​ក្រុម​ភាគ​ច្រើន អ្នក​រស់​ដោយ​ស្មោះ​ត្រង់សុច​រិត​ទទួល​ការ​ប្រមាថ មនុស្ស​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ីកន្ទុយ មនុស្ស​ឱកាស​និយ​ម ទទួល​​ការ​សរសើរពី​សង្គម​។ អ្នក​និយាយ​អំ​ពីគុណ​ធម៌ និយាយ​ពី​សីល​ធម៌​សង្គម រាប់​ថា​ ជា​មនុស្ស​ហួស​សម័យ រត់​តាម​មិន​ទាន់​សង្គម​​​។​ សីល​ធម៌​មនុស្ស​ជាន់​ទាប មាន​ប្រជា​ប្រិយ​ភាព​ក្នុង​សង្គម ចំណែក​សីល​ធម៌​មនុស្ស​ជាន់​ខ្ពស់ ត្រូវ​គេ​មើល​រំលង​។

ឧ. នៅ​ពេល​ឈប់​ស្តុប​ក្រហម ហើយ​ស្រាប់តែ​អ្នក​ដទៃ​គេ​មិន​ឈប់ ខ្លួន​ក៏​ទៅ​តាម​គេ ដោយ​ខ្លាច​គេ​ថា​អន់។ តើ​នេះ​ មិន​មែន​ជា​ការ​ខ្លាច​ អំពើ​ល្អ​ទេ​ឬ? ដរាប​ណា​ជន​ជាតិ​មួយ​នេះ នៅ​តែ​ខ្លាច​អំពើ​ល្អ គឺ​ជន​ជាតិ​មួយ​នេះ នឹង​មិន​អាច​ស្គាល់​នូវ​អ្វី​ដែល​ហៅ​ថា​ ភាព​ស៊ី​វិល័យ​ជា​ដាច់​ខាត​។

អ្នក​ដែល​បំផ្លាញ​សង្គមគឺ​ជា​អ្នក​ដែល​កំពុង​បំផ្លាញ​ខ្លួន​ឯង​។ ដូច​រឿង​ទឹក​ជ្រោះ​ឆ្កួត​៖ តំណាល​ពី មនុស្ស​ម្នាក់​ចង់​ធ្វើ​មេ​ដឹក​នាំ​មនុ​ស្ស​​មួយ​ភូមិ ខ្លួន​ឯង​ល្ងង់ អ្នក​ភូមិ​គឺ​ឆ្លាត ហើយ​​នៅ​ជិត​ភូមិ​មានទឹក​ជ្រោះ​មួយ​កន្លែង ជ្រូក​ផឹក​ក្លាយ​ជា​ជ្រូក​ឆ្កួត គោ​ផឹក​ ក្លាយ​ជា​គោ​ឆ្កួត ស្រាប់​តែ​បុរស​នោះ ទៅ​បោក​អ្នក​ភូមិ​ថា ទឹក​ជ្រោះ​នោះ គឺ​ផឹក​ទៅ​មាន​ជីវិត​អមតៈ ​ស្រាប់​តែ​មនុស្ស​មួយ​ភូមិ​នាំ​គ្នាទៅ​ផឹក ហើយ​ក៏​ឆ្កួត​មួយ​ភូមិ​ទៅ​។ បុរស​នោះ​គិត​ថា ពី​ថ្ងៃ​នេះ​ទៅ គឺ​មាន​តែ​គាត់​ទេ​ដែល​ឆ្លាត ជាង​គេ ក៏​ធ្វើ​ដំណើរ​ចូល​ភូមិ​ដើម្បី​ដឹក​នាំ​គេ ប៉ុន្តែ​គ្រប់​ពាក្យ​ពេចន៍សម្ដី​សំដៅ​របស់​គាត់ ត្រូវ​បានអ្នក​ភូមិ​ឆ្កួត ចាត់​ទុក​ថា​ ឆ្កួត ហើយ​ដេញវាយ​បុរស​ម្នាក់​នោះ រហូត​រត់​ទៅ​ដល់​ផ្លូវ​ទាល់​រក​ច្រក ចេញ​មិន​ឃើញ ក៏​លោត​ចូល​ទឹក​ជ្រោះ​ ហើយ​ក៏ឆ្កួត​ដែរ​ទៅ​។ នេះ​បាន​ចំ​ជា​មនុស្ស​ឆ្កួត​មែន​។

នៅ​ក្នុង​ជួរ​ទ័ព ជួរ​មន្ត្រី​រាជ​ការ​វិញ ភាគ​ច្រើន​គឺ​ស្តាប់​តែ​បង្គាប់​មេ មេ​ថា​ មួយ កូន​ចៅ​មិន​ហ៊ាន​ថា ពីរ​ទេ ទោះ​ជា​រឿង​នោះ​ខុស​ក៏​ដោយ​។ នេះ​ដូច​រឿង​ណា​ប៉ូឡេ​អុង​ត្រួត​ទ័ព​៖ នៅ​ពេល​ដឹង​ថា ណា​ប៉ូឡេ​អុង​ជិត​ចេញ​ត្រួត​ទ័ព មាន​ឧត្តម​សេនីយ៍​ម្នាក់ បាន​បញ្ជា​ទៅ​កូន​ទាហាន​ថា​ ឯង​ចាំ​តែឆ្លើយ​នូវ​សំណួរ​​បី​ទៅ​បាន​ហើយ​។ សំណួរ​ទី​ ១. ឯង​អាយុ​ប៉ុន្មាន​? ឯង​ឆ្លើយ​ប្រាប់​គាត់​ថា​អាយុ​៣០ឆ្នាំ​។សំណួរ​ទី​២. តើ​ចូល​ធ្វើ​ទ័ព​ប៉ុន្មាន​ឆ្នាំ​ហើយ​? ឯង​ត្រូវ​ឆ្លើយ​ថា​ ពីរ​ឆ្នាំ​។ សំណួរ​ទី​៣. ជីវិត ទា​ហាន និង​ស៊ីវិលមួយ​ណា​សប្បាយ​ជាង​? ឯង​ត្រូវ​ឆ្លើយ​ថាទាំង​ពីរ​។ ដល់​ពេល​ណា​ប៉ូឡេ អុង​មក​ដល់ គាត់​ក៏​សួរ​សំណួរ​ទី​២ មុន​។ ឯង​ធ្វើ​ទា​ហាន​ប៉ុន្មាន​ឆ្នាំ​ហើយ​? កូន​ទា​ហាន​ម្នាក់​នោះក៏​ឆ្លើយ​ថា​ ៣០ ​ឆ្នាំ​ហើយ​។ ចុះ​ឯង​អាយុ​ប៉ុន្មាន​ឆ្នាំ​ហើយ​?កូន​ទា​ហាន​នោះ​ឆ្លើយ​ថា​ ពីរ​ឆ្នាំ​។ មេ​ទ័ព​ក៏​សួរ​សំណួរ​ទី​៣​ថា រវាង​ឯង​ហើយ​និង​អញ អា​ណា​ឆ្កួត​?កូន​ទា​ហាន​ឆ្លើយ​ថា​ទាំងពីរ។ ក្នុង​សង្គម​ទូទៅ​វិញ​មនុស្ស​នាំ​គ្នា​ឲ្យ​តម្លៃ​សម្ភារ​ជាង​តម្លៃ​មនុស្ស​។ មនុស្ស​នាំ​គ្នាឈ្លក់​វង្វេងនឹង​សម្ភារ​ ព្រោះ​គេ​យល់​ថា​ នេះ​ជា​សង្គម​ស៊ី​វិល័យ ដូច​នេះ​ គេ​ត្រូវ​តែ​ស៊ីវិល័យ​ តាម​សង្គម​។ តាម​ពិត​ទៅ ដែល​ហៅ​ថា​​សង្គម​ស៊ី​វិល័យ គឺ​មាន​លក្ខណៈ​ពីរ​យ៉ាង ទី​១. គឺ​ការ​រីក​ចម្រើនផ្នែក​សម្ភារ និង​ទី​២. គឺ​ការ​ឲ្យ​តម្លៃ​មនុស្ស​ស្មើៗ​គ្នា​ ក្នុង​ចំណោម​មនុស្ស សម្លឹង​មើល​គ្នា​ក្នុងក្រសែ​ភ្នែក ស្មើ​គ្នា ស្រឡាញ់​គ្នា គោ​រព​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ក្រសែ​ភ្នែក​សម្លឹង​មើល​អ្នក ក្រ ដូច​ជា​សត្វ​ព្រៃ​ចូល​ស្រុក​នោះ​ទេ​។ អ្នក​មាន រក្សា​ក្សត់ ដូច​សំពត់​ព័ទ្ធពី​ក្រៅ អ្នក​ប្រាជ្ញ រក្សា​ខ្លៅ ដូច​សំពៅ​​ពឹង​សំប៉ាន​។ នេះ​ទើប​ជា​ហេតុ​ផល ដែល​សង្គម​ខ្មែរ​អាច​រស់​សុខ​ដុមនឹង​គ្នា​។

ពី​មុន សម្លមួយ​ចានចែក​គ្នា​ពី​ចុង​ភូមិ ដល់​ដើម​ភូមិ ផ្ទះ​មាន​របង​ឈើ​តូចៗជាប់ៗ​គ្នា ព្រឹក​ហៅ ល្ងាច​​រក តែ​ពេល​នេះ​ ជា​ពិសេស​នៅ​ទី​ក្រុង​ផ្ទះ​ធំៗរបង​ខ្ពស់ៗបិទ​ជិត​ឈឹង ម្នាក់ៗ​មិន​ខ្វល់​ពី​មនុស្ស​ដទៃ​ឡើយ ផ្ទះ​ទល់​មុន​គ្នា សឹង​តែ​មួយ​ជីវិតហើយ​មិន​ស្គាល់​ញាតិ​ជិត​ខាង​ផង ចង់​ធ្វើ​អំពើ​ល្អ បែរ​ជា​ខ្មាស​ខ្លួន​ឯង ខ្លាច​អ្នក​ដទៃ​ថា​ឲ្យ​ឆ្កួត​។ និយាយ​ដល់​រឿង​នេះ កុំ​ថា⁣ ឡើយ​ទី​ក្រុង សូម្បី​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​នៅ​តាម​ដង​ភ្នំ ក៏​ត្រូវ​រង​ឥទ្ធិពល​ដុល្លារ​ដែរ​។

កាល​ពីឆ្នាំ​២០០៨ នៅ​ពេល​ខ្ញុំ​ទៅ​ស៊ើប​អង្កេត​រឿង​លោក​ជំទាវ​ម្នាក់​ជា​ប្អូន​ស្រី​របស់​មេ​ធំ​នៃ​ក្រសួងលុយ បាន​ទៅ​បោក​អ្នក​ភូមិ​គង​យុ គង​ធំ​ថា សុំដី​៥០​ហិក​តា ដាក់​ទា​ហាន​ជន​ពិការ​របស់សម្តេច តាម​ពិត​កុហក​យក​ទៅ​ដាំ​កៅ​ស៊ូ ហើយ​មិន​មែន​ ៥០ ​ហិកតា​ទេ តែ​គឺ​៥០០ ​ហិកតា​ឈូស​ទាំង​ដូន​តា​ជន​ជាតិ​ដើម ដែល​កប់​ក្នុង​ព្រៃ​ទៀត​។ ដោយ​សារ​លុយ មេ​ភូមិ​គង​យុ បាន​ក្បត់​នឹង​អ្នក​ភូមិ​ ពេល​នោះ​មាន​មីង​ម្នាក់​ និយាយ​ថា​«យើង​បែក​បាក់​សាមគ្គី​ក្នុង​ភូមិ​ដោយ​សារ​តែ​ដុល្លារ​»។

ខ្ញុំ​មិន​ប្រាថ្នា​ឲ្យ​នគរ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​ចង់​ឲ្យ​នគរ​ ប្រសើរ​ជាង​នេះ​។ គ្មាន​ទេ​ ស្ថាប័ន​ដែល​ពុក​រលួយ មាន​តែ​មនុស្ស​ពុក​រលួយ​ក្នុង​ស្ថា​ប័ន បើ​អ៊ីចឹង​ហេតុ​អី​ មិន​អាច​ដក​មនុស្ស​ពុក​រលួយ​ចេញ​ពី ស្ថា​ប័ន​ទៅ​? ឬ​មួយ​អស់​លោក​មេៗ​ស្ថា​ប័ន បាន​ចំណេញ​ដែរ​។ រាជ​​ការជា​កន្លែង​បម្រើរា​ស្ត្រ មិន​មែន​​ជា​កន្លែង​កើប​ទ្រព្យ​​សម្បត្តិ​ទេ​។​ បើ​អ៊ីចឹង​មែន គឺ​ដូច​សំដី ខុង​ មិញ​ ជេរ​​មន្ត្រី​នគរ​ហាន​ថា «មន្ត្រី​ល្ងង់​មន្ត្រី​ល្ងង់​ខ្លៅ​ស៊ី​ប្រាក់​បៀវត្សរ៍​រាស្ត្រ​គឺ​ទទួល​គុណ​ពី​រាស្ត្រ​ តែ​បែរ​ជា​ធ្វើ​ឲ្យ​រាស្ត្រ​យំ​ទឹក​ភ្នែក​ទាស់​ចិត្ត​ក្តៅ​ក្រហាយ​រស់​រង​ទុក្ខ​វេទនា​ទៅ​វិញ​។ តើ​មន្ត្រី​អស់​ទាំង​នោះ​ រស់​នៅ​ដើម្បី​អ្វី​? ពិត​ជា​សុទ្ធ​តែ​ជា​ពួក​ឈើ​ពុក​គ្មាន​រឹង​មួយ​កង់​សោះ​អត់​មាន​ខ្លាំង​រឹង​មួយ​កង់​ណា​សោះ​»។​ តើ​នគរ​ខ្មែរ សង្ឃឹម​អ្វី​ទៀត​? ​មន្ត្រី​ស្អាតស្អំ គ្រាន់​តែ​ជា​ផ្កា​លម្អ​សួន​ក្នុង​ទីក្រុង​តែ​ប៉ុណ្ណោះ​។

ជាង​ ១០​ ឆ្នាំ​នៅ​ក្នុង​ទី​ក្រុង​នេះ​ ខ្ញុំ​ស្ទើរ​​តែ​ភ្លេចថា ខ្ញុំ​នៅ​ក្នុង​ទីក្រុង​ផងព្រោះវា​ជា​ឋាន​សួគ៌​សម្រាប់​​អ្នក​​មាន តែ​ជា​ឋាន​រក​សម្រាប់​អ្នក​ក្រ​។ ពេល​អ្នក​ក្រត្អូញ​ពីការ​ក្រ អ្នក​មាន​គេ​ថា អា​ល្ងង់ ប្រឹង​រក​ស៊ី​ដូច​អញ​ទៅ ដល់​ពេល​ទៅ​ឃើញ រប​រគាត់​រក គឺ​តាំង​ពី​ព្រឹក​ដល់​យប់ ដូច​អារក ​គេ​យក​លុយ​អ៊ីចឹង ក្រោម​ស្លាក​អាជីវ​កម្ម ត្រូវ​តែ​ចំណេ​ញ បើ​​រក​ស៊ី​ខាត រក​ធ្វើ​អ្វី​ តែ​បើ​បំបាត់​អ្នក​មាន​ពី​សង្គម តើ​បាន​អ្នក​ណា​​បង្កើត​ទ្រព្យ​នគរ​? ដោយ​សារ​តែ​ចិត្ត​លោភ​លន់​របស់​គេ ជា​លទ្ធ​ផល​ គឺ​មាន​​អគារ​​ផ្ទះ​ សំណង់​ខ្ពស់ៗ​អស្ចារ្យ​រីក​​ព្រោង​ព្រាត​។ បើ​ស្អប់​អ្នក​​មាន បំបាត់​​អ្នក​ក្រ គឺ​សុទ្ធ​តែ​មិន​មែន​ជា​​រឿង​ល្អ​សម្រាប់​​សង្គម​​ទេ គឺ​ត្រូវទុក​ទាំង​ពីរ យក​មាន ជួយ​​ក្រ យក​ក្រ​បំពេញ​មាន ទើប​ជា​រឿង​ត្រឹម​ត្រូវ​គួរ​ធ្វើ​។

ឡាវ​ សឺ ថា​ដើម្បី​គ្រប់​គ្រង​នគរ គឺ​ប្រើ​តែ​គុណ​ធម៌​ទៅ ព្រោះ​នៅ​ពេល​មនុស្ស​មាន​គុណ​ធម៌ នគរ​ក៏​មាន​ក្តី​សុខ គ្មាន​ការ​និន្ទា​ឈ្នា​នីស​គ្នា គ្មាន​​ការ​កេញ​ប្រវ័ញ្ច​គ្នា​ទេ​។ ទ្រឹស្តី​លោក​ខាង​លិចថា​ ដើម្បី​​ដឹក​នាំបុរី​ឲ្យ​ល្អ​ គឺ​ត្រូវ​យក​ច្បាប់​ជា​ធំ អា​ក្រក់ ល្អ មាន​ក្រ សរ​ខ្មៅ ធំ​តូច ខ្ពស់​ទាប សុទ្ធ​តែ​ត្រូវឲ្យ​ច្បាប់​កំណត់ នឹង​នៅ​ក្រោម​ច្បាប់​ទាំង​អស់​។ ក៏​ប៉ុ​ន្តែ បើ​មើល​តាម​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ​កន្លង​ទៅ បើ​ប្រើ​តែ​គុណ​ធម៌​គ្រប់​គ្រង​នគរ គឺ​មិន​គ្រប់​គ្រាន់​ទេ ហើយ​បើ​ប្រើ​តែ​ច្បាប់​ដឹក​នាំន​គរ ក៏​មិន​​គ្រប់​គ្រាន់ ​គ្រាន់​ដែរ គឺ​គុណ​ធម៌ និង​​ច្បាប់​ត្រូវ​ដើរ​ជា​មួយ​គ្នា​
គុណ​ធម៌​ដឹក​នាំ​ចិត្ត ច្បាប់​គ្រប់​គ្រង​ខ្លួន​។ ភាគ​ច្រើន​អា​ស៊ី​យក​គុណធម៌ តែ​អឺរ៉ុប​និង​លោក​ខាង​លិច យក​ច្បាប់​ជា​គោល យក​ច្បាប់​ជា​ធំ ហើយ​វា​ក៏​ជា​មូល​ហេតុ​ដែល​លោក​ខាង​លិច​រីក​ចម្រើន​ជាង ហើយ​លោក​ខាង​កើត​អន់​ថយ ក៏​ព្រោះ​មួយ​ចំនែក​មក​ពី​ការ​ជឿ និង​ប្រើ​ប្រាស់​នូវ​ទ្រឹស្តី​គ្រប់​គ្រង​ដឹក​នាំន​គរ​ ឬ​បុរី​ខុស​គ្នា​៕

ប្រភព: (និស្សិត​ក្មេង​វត្ត កូន​អ្នក​ស្រែ សូរ សម​យុទ្ធ Sosamyuth@gmail.com កំពង់​ឆ្នាំង)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

———————————————————————————————————

ពលករ​ខ្មែរ​​​​​ម្នាក់​ឡើង​​ប្រឡង​ចម្រៀង​​​​ដើម្បី​​​​​សង​បំណុល​​​ម្ដាយ​នៅ​​ទូរទស្សន៍​​​បុស្តិ៍​​លេខ​៧​ថៃ​

Khmer-Worker-in-Song-Contest-in-Thai-TV

​យុវជន​ខ្មែរ​​ម្នាក់​ឈ្មោះ​ ​ភ័ក្ត្រា​​ ​ដែល​បាន​ទៅ​​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​រយៈ​ពេល​ ៧​ឆ្នាំ​​​ បាន​ចូល​រួម​ប្រឡង​ចម្រៀង​​​ជា​ភាសា​ថៃ​​នៅ​​ក្នុង​កម្មវិធី​​ល្បី​​បំផុត​មួយ គឺ​ “​​ព្រះ​ចន្ទ​មួយ​តារា​រយ​ពាន់” ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៧។

​​​​ឆ្លង​កាត់​តាម​បទ​​សម្ភាសន៍​​ជា​មួយ​​​ពិធី​ករ​ស្ថានីយ​ទូរទស្សន៍​នេះ​ ​ភ័ក្ត្រា​ ​បាន​រៀប​រាប់​ថា​ រូប​​គេ​​បាន​ទៅ​​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​ ដែល​កាល​ពី​ដំបូង​ឡើយ​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​​ ហើយ​ក្រោយ​​​មក​ ក៏​​បាន​ប្ដូរ​អាជីព​ទៅ​បម្រើ​ការងារ​នៅ​​​​​អាហារដ្ឋាន​​​​មួយកន្លែង។

គោលបំណង​​​សំខាន់​ដែល​យុវជន​ម្នាក់​នេះ​​​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​ជា​ពលករ​នៅ​ក្នុង​ប្រទេស​នេះ​ គឺ​ដោយ​សារ​ចង់​ជួយ​ដោះ​បំណុល​​ម្ដាយ។​ ​​នៅ​ពេល​ដែល​ធ្វើ​​ជា​កម្មករ​សំណង់​​ យុវជន​ម្នាក់​នេះ​ ទទួល​បាន​ប្រាក់​​បៀវត្ស​​ចំនួន​ ៣​ពាន់​បាត​​ក្នុង​មួយ​ខែ​ ហើយ​បាន​ផ្ញើ​ឱ្យ​ម្ដាយ​ប្រមាណ​ ​២​ពាន់​បាត​ ​ដោយ​ទុក​តែ​ ១​ពាន់​បាត​សម្រាប់​ដោះ​ស្រាយ​ជីវភាព​នៅ​ទី​នោះ។

​ភ័ក្ត្រា​ ដែល​​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ ជែមស៍​ បាន​រៀប​រាប់​ថា​​ នៅ​ពេល​ដែល​រូប​គេ​ទៅ​ដល់​ប្រទេស​ថៃ​ដំបូង​ ​​​​គេ​នឹក​ម្ដាយ​យ៉ាង​ខ្លាំង​ ព្រោះ​ថា​​កាល​ពី​នៅ​ស្រុក​ខ្មែរ​​គេ​ដេក​ឱប​ម្ដាយ​​រៀង​រាល់​​​យប់។

​បន្ទាប់​​ពី​ធ្វើ​ការ​​​ជា​កម្មករ​សំណង់​​ ​ភ័ក្ត្រា​ បាន​ប្ដូរ​អាជីព​​មក​ធ្វើ​​ការ​នៅ​​អាហារដ្ឋាន​មួយឈ្មោះ ​គុយទាវ​ទូក ​ដែល​ទទួល​បាន​ប្រាក់​ខែ​ ​៨​ ពាន់​​បាត​​ ដោយ​ស្នាក់​នៅ​ជា​មួយ​​​​មិត្តភ័ក្ដិ​​ជនជាតិ​ខ្មែរ​ដូច​គ្នា​​​​​នៅ​ផ្ទះ​ជួល​​ដែល​មាន​តម្លៃ​ ៧០០​បាត​​ក្នុង​មួយ​ខែ។ នៅ​ពេល​​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​មុន​បែប​នេះ​ ​​រូប​គេ​អាច​ផ្ញើ​ឱ្យ​ម្ដាយ​បាន​​​ ៣៥០០​បាត​ក្នុង​មួយ​ខែ។ ​​

​​​​​​​​​​​​​​​យុវជន​ម្នាក់​នេះ​បាន​បន្ត​ទៀត​ថា​ ​​រហូត​មក​ដល់​ពេល​​នេះ​រូប​គេ​បាន​ជួយ​សង​បំណុល​ម្ដាយ​បាន​ ៤​ម៉ឺន​បាត​​ហើយ​ ហើយ​​រំពឹង​ថា​​​ ​បើ​សិន​ជា​គេ​​បាន​ក្លាយ​ជា​ជយលាភី​ក្នុង​​កម្មវិធី​ប្រឡង​ចម្រៀង​នេះ​នឹង​ទទួលបាន​​​រង្វាន់​ ១​លាន​បាត​ នឹង​​យក​ទៅ​សង​បំណុល​ម្ដាយ​ដែល​នៅ​សល់​ប្រមាណ​ ៣​ម៉ឺន​បាត​ទៀត។ ​

​​ក្រោយ​ពី​ច្រៀង​ចប់​​ ​​​គណៈកម្មការ​ស្រី​​​​ម្នាក់​នៃ​កម្មវិធី​របស់​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​​លេខ​ ៧​ ​នេះ​ ​បាន​ពោល​សរសើរ​​ពី​ទឹក​ដម​សំនៀង​​របស់​យុវជន​​​ម្នាក់​នេះ​​ថា​ ​​សំឡេង​របស់​ភ័ក្ត្រា​ស្រទន់​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​​​ជា​​ពិសេស​​នារី​​ៗ​នៅ​ទីនោះ​មាន​អារម្មណ៍​លន្លង់លន្លោច​ទៅ​តាម​អត្ថន័យ​បទ​ចម្រៀង​។ គណៈកម្មការ​ដដែល​នេះ​​ ក៏​​បាន​ពោល​សរសើរ​​ពី​ទឹក​ចិត្ត​កតញ្ញូ​​របស់​យុវជន​ម្នាក់​នេះ​ចំពោះ​​ម្ដាយ​នៅ​ឯ​ប្រទេស​កម្ពុជា។

​​​ជា​មួយ​គ្នា​នេះ​ដែរ​ ​​​គណៈកម្មការ​ប្រុស​ម្នាក់​ទៀត​​​ដែល​ជា​ខ្មែរ​សូរិន​ឈ្មោះ​ថា​ យីង​យុធ​​ ​​​បាន​ពោល​សរសើរ​ដល់​ភ័ក្ត្រា​ដោយ​និយាយ​​ជា​ខ្មែរ​ថា​ សំឡេង​​​ពីរោះ​ និង​ចូល​ចិត្ត៕ ​​​​​​​​​​​​​

អត្ថបទ៖ នីកា​​​​​(sabay)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply