Struggle Life

​ប្រធាន​ក្រុមហ៊ុន​វ័យ​ក្មេង​​ពី​ររូប​មាន​អតីតកាល​ជា​អ្នក​លាង​ចាន

មិត្ត​​អ្នក​អាន​ប្រហែល​​​​​ធ្លាប់​បាន​ស្គាល់​​​​​​​សហគ្រិន​វ័យ​ក្មេង​ ២​រូប​នេះ​​​​​ ដែល​ Sabay​ ធ្លាប់​បាន​ចុះ​ផ្សាយ​​នា​ពេល​​កន្លង​មក​​ ប៉ុន្តែ​ដោយសារ​​​តែ​​​សហគ្រិន​ទាំង​ពីរ​​រូប​​មាន​អតីតកាល​ជា​អ្នក​លាង​ចាន​​ដូច​គ្នា ហើយ​​បាន​សម្រេច​ជោគជ័យក្លាយ​ជា​​ម្ចាស់​ក្រុមហ៊ុន​​ទាំង​ពីរ​នាក់​ ថ្ងៃ​នេះ Sabay ​ចង់​​​​បង្ហាញ​​​ស្នៀត​​មួយ​ចំនួន​ដែល​នាំ​យកជោគជ័យ​​​ដល់​​អ្នក​​ទាំង​​ពីរ។

សហគ្រិន​ទាំង​ពី​រ​នោះ​គឺ​ លោក ​ លឹម​ ហុកឆាយ អគ្គនាយក​ក្រុមហ៊ុន​ The Asian Chicken និង​លោក ស៊ិន សូផានណាក់ ជាអគ្គនាយក​ក្លិប​កម្សាន្ត​ Space Club ។ ​តាម​រយៈ​​​​បទ​​សម្ភាសន៍​​​​នឹង​​ Sabay នា​ពេល​កន្លង​មក​ ​​​​​​​Sabay ​បាន​សំយោគ​បាន​គោលការណ៍​ ៥​យ៉ាង ​​​ដែល​សហគ្រិន​​​ទាំង​ពីរ​​​នាក់​បាន​​​​ប្រកាន់​​ខ្ជាប់។

ទី១​ ចាត់​ទុក​ការងារ​លំបាក ​ជា​ការ​លត់ដំ​ខ្លួន
ទី២ ឲ្យ​តម្លៃ​មនុស្ស​​ជុំវិញ​ខ្លួន
ទី៣ ហ៊ាន​ប្រថុយ​ជាមួយ​ហានិភ័យ​
ទី៤ ​មាន​គំនិតវិជ្ជមាន​ចំពោះ​ការ​រកស៊ី​
ទី​៥ មិន​បោះបង់​ក្ដី​ស្រមៃ ធ្វើ​រហូត​​​ទាល់​តែជោគជ័យ ។

12121212122

– ប្រភព(sabay)

ជីវិតដែលឆ្លងកាត់អតីត​កាល​កម្សត់​ហួស​ថ្លែង​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​២​ក្នុង​ដៃ…

ប្រធាន​ក្រុមហ៊ុន​ដែល​មាន​អតីតកាល​ល្វីង​ជូរចត់​ ចាប់​កំណើត​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ស្រុក​ស្រែ​ចុងកាត់មាត់ញក​ ប៉ុន្តែ​ដោយ​ការ​សិក្សា និង​ភាព​តស៊ូ​ក្នុង​ជីវិត បច្ចុប្បន្ន​ក្លាយជា​​ប្រធាន​ក្រុមហ៊ុន​២​ ឈរ​​យ៉ាង​សង្ហា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក សំ ទេត្រា កើត​នៅ​ឆ្នាំ​១៩៧៥ នៅ​ក្នុង​ស្រុក​ឈូក​ ខេត្ត​កំពត ជា​កូន​ច្បង​ស្ថិត​នៅ​ក្នុង​ចំណោម​បងប្អូន​៥​នាក់។ លោក​ជា​កូន​អ្នក​ស្រែ​សុទ្ធសាធ មាន​ឪពុក​ជា​អ្នក​ធ្វើ​ស្រែ និង​ម្ដាយ​រកស៊ី​ភ្ញាស់​ពង​ទា​កូន​ ដ៏​​ក្រីក្រ​ជាង​​គេ​បំផុត​ក្នុង​ភូមិ​របស់​លោក​។

វ័យ​កុមារ​ភាព​

ត្បិត​កើត​ក្នុង​គ្រួសារ​អ្នក​ក្រ ប៉ុន្តែ​ឆន្ទៈ​ចំពោះ​ការ​រៀន​សូត្រ​របស់​លោក​គឺ​មិន​ដែល​រា​ថយ​ ឬ​បាក់​ទឹក​ចិត្ត​ ទោះបី​លោក​ជា​កូន​ច្បង​មាន​កាតព្វកិច្ច​ត្រូវ​ជួយ​ការងារ​ជា​ច្រើន​ក្នុង​គ្រួសារ​របស់​លោក​ក្ដី ។ នៅ​ពេល​ព្រឹក​លោក​ត្រូវ​ទៅ​រៀន​ សល់​ពី​នេះ​លោក​ត្រូវ​ទៅ​ឃ្វាលគោ​ ជួយ​មើល​សំណាប​នៅ​ស្រែ​ ជួយ​រក​ត្រី​សាច់​​សម្រាប់​ម្ហូប​ប្រចាំ​ថ្ងៃ​ជាដើម​។

សាលា​ចម្ងាយ​៨​គីឡូ​ម៉ែត្រ​​ពី​ផ្ទះ​ ដាច់​បាយ​យក​ស្វាយ​ខ្ចី​ជំនួស

អនុ​វិទ្យាល័យ​ស្រុក​ឈូក​របស់​លោក​នៅ​ចម្ងាយ​​៨​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​ លោក​គ្មាន​កង់​ជិះ​ទេ គឺ​ត្រូវ​ដើរ​ទៅ​មក​រៀងរាល់ថ្ងៃ​។​ បើ​ខែ​ទឹក​លិច​លោក​ត្រូវ​ស្លៀក​ខោ​ខ្លី​ទៅ​រៀន​ ដើម្បី​ងាយស្រួល​ចុះ​ទឹក​ ដល់​សាលា​ទើប​ស្លៀក​ខោ​ជើង​វែង​វិញ ដូច្នេះ​ជា​ដំណោះស្រាយ​​ លោក​វេច​បាយ​កញ្ចប់​ដើម្បី​ញ៉ាំ​ពេល​ថ្ងៃ​ត្រង់​​ ជៀសវាង​ឃ្លាន​ខ្លាំង។ ​បាយ​ដែល​យក​ទៅ​ក៏​លោក​មិន​ហ៊ាន​យក​ចូល​ក្នុង​ថ្នាក់​ទេ គឺ​​យក​ទៅ​សៀត​នៅ​ជញ្ជាំង​ក្បែរ​ដើម​ឈើ ពេល​គេ​ចេញ​ពី​សាលា​អស់​ទើប​ចេញ​មក​ញ៉ាំ​មុន​ទៅ​ផ្ទះ​ ។ មាន​ថ្ងៃ​មួយ​លោក​ដាក់​តាម​ទម្លាប់​ដូច​សព្វ​មួយ​ដង ប៉ុន្តែ​ចៃដន្យ​សំណាង​អាក្រក់​ ឆ្មា​បាន​ឡើង​ទៅ​ហែក​កញ្ចប់​ស៊ី​អស់។ ​ថ្ងៃ​នោះ​ដោយសារ​ទាល់ ​និង​ហេវ​ខ្លាំង​ពេក​ លោក​ក៏​លួច​បេះ​ស្វាយ​ខ្ចី​វត្ត​មក​ហូប ដើម្បី​ទប់ទល់​ការ​ឃ្លាន​អាហារ​ទម្រាំ​ដល់​​ផ្ទះ​ ​។ ​ដើរ​បណ្ដើរ​​ ស្រេក​ទឹក​ពេក ​លោក​ក៏​សម្រេច​ផឹក​ទឹក​ថ្លុក​ជើង​គោ ដែល​សុទ្ធតែ​ស្លែ​ ដើម្បី​បំបាត់​ភាព​ស្រេក​ឃ្លាន​ទៀត​ផង។

ទោះ​ក្រ​ក៏​អាច​ជា​សិស្ស​ពូកែ​

ក្នុង​ស្ថានភាព​ជា​កូន​អ្នក​ស្រែ​សុទ្ធសាធ​ ការ​ងារ​ដូចជា​រក​អាហារ​ពី​ធម្មជាតិ​ដូចជា បបក់ត្រី ស្ទូច​ដាក់​មង បង់​សំណាញ់ ដាំ​បន្លែ លោក​ចេះ​សព្វ​កិច្ច​ការ​ ហើយ​ក៏ជា​​បង្អែក​គ្រួសារ​​​​​បន្ទាប់​​ពី​​ឪពុក​លោក​ ​ក្នុង​រក​អាហារ​ជូន​គ្រួសារ​ផង​ដែរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សិក្សា​របស់​លោក លោក​នៅ​តែ​រក្សា​បាន​តំណែង​ជា​សិស្ស​ពូកែ​ ក្នុង​​ចន្លោះ​ពី​លេខ​​១ ២ ឬ​៣ មិន​ធ្លាក់​ចំណាត់​​ថ្នាក់​​ឡើយ​។

សុំ​ដី​មាត់​បឹង​បាយាប​សង់​ខ្ទម​នៅ

នៅ​ឆ្នាំ​១៩៩៣ ក្រោយ​ពី​លោក​បាន​ប្រឡង​បាក់​ឌុប​ជាប់ ក្នុង​ចំណាត់​ថ្នាក់​ល្អ លោក​ និង​មិត្តភ័ក្ដិ​៣​នាក់​ទៀត​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ពី​ស្រុក​មក​ប្រឡង ​និង​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​។ ដោយ​គ្មាន​បងប្អូន​សូម្បី​ម្នាក់​សោះ​នៅ​ភ្នំពេញ លោក​ និង​មិត្ត​ភ័ក្តិ​ បាន​សម្រេច​ចិត្ត​សុំ​ដី​មាត់​បឹង​បាយាប​សង់​ខ្ទម​ដើម្បី​ស្នាក់​នៅ។ ពេល​ម្ចាស់​ផ្ទះ​បាន​មើល​ឃើញ​ថា​ ​ពួក​លោក​ជា​អ្នក​សិក្សា ក៏​អនុញ្ញាត​ឲ្យ​លោក​រស់នៅ​​លើ​ដី​មាត់​បឹង​នោះ​។​

ដោយ​ពួក​លោក​ជា​កូន​អ្នក​ស្រែ​​ ក៏​ចាប់​ផ្ដើម​សាងសង់​​ខ្ទម​នៅ​ដោយ​យក​ឈើ​ខ្លះ​មក​ពី​ស្រុក និង​រើស​ធាង​ដូង​​ ធាង​ត្នោត​ មក​វាយ​​ធ្វើ​ជា​ជញ្ជាំង ហើយ​នៅ​ខែ​ទឹក​លិច​ ​ខ្ទម​នោះ​ត្រូវ​រំកិល​​​ឡើង​តាម​​ទឹក​បឹង​​បន្តិច​ម្ដង​​រហូត​ដល់​ទឹក​ស្រក។

អត់​មាន​អី​ញ៉ាំ​រហូត​ដល់​ហើម​សាច់​ស្មាន​​តែ​ធាត់​​

សម្រាប់​ពួក​លោក​មិន​ដែល​ស្គាល់​ឡើយ​រសជាតិ​ទិញ​បាយ​​ស្រូប​​ពេល​ព្រឹក​ញ៉ាំ គឺ​មាន​តែ​ហូប​បាយ​កក​សល់​ពី​យប់​ ​និង​អំបិល​​ ប៉ុន្តែ​អ្នក​ក្រ​ដូច​លោក​មិន​អត់​គំនិត​ឡើយ​ គឺ​​ជញ្ជាត់​​ត្រី​កំភ្លាញ​​ល្អិត​ៗ​​ស្ល​ហូប​ ប៉ុន្តែ​ថ្ងៃ​រក​ត្រី​បាន​​ក៏​បាន​ ថ្ងៃ​ណា​អត់​ក៏​ញ៉ាំ​ជាមួយ​អំបិល​ទៀត​ទៅ​។ យូរ​ទៅ​ពួក​លោក​ស្មាន​តែ​ខ្លួន​ឯង​ធាត់​​ ព្រោះ​សាច់​ឡើង​ស​​ និង​បែក​សាច់​ជាង​មុន ប៉ុន្តែ​ខុស​ត្រង់​សាច់​លោក​ពេល​ទ្រុឌ​ចុះ​ក្រោម​ហើយ​មិន​ឡើង​មក​វិញ​ភ្លាម​​ទេ ហើយ​កម្លាំង​ខ្សោយ​ខ្លាំង​ណាស់។ ពេល​នោះលោក​​​ទៅ​ជួប​ពេទ្យ​ ពេទ្យ​ប្រាប់​ថា​​មិន​មែន​ធាត់​​ទេ​ គឺ​ហើម​សាច់​ព្រោះ​ការ​ហូបចុក​របស់​លោក​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​ឡើយ​។ ដូច្នេះ​លោក​ត្រូវ​លៃ​យ៉ាងណា​ឲ្យ​មាន​ការ​ហូប​សាច់​ ដែល​ពេល​នោះ​ពេទ្យ​ បាន​ឲ្យ​វីតាមីន​លោក​មក​​លេប ​ក៏​ប្រក្រតី​មក​វិញ​។

កណ្ដុរ​ជា​សត្វ​គួរ​ឲ្យ​ខ្លាច​របស់​ទីក្រុង សម្រាប់​លោក​ជា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​

​យប់​មួយ​ទឹក​ឡើង​ខ្លាំង ​ស្រាប់​តែ​មាន​កណ្ដុរ​មួយ​ធំ​ប៉ុន​កំភួន​​ជើង​​​​លូន​ចូល​​ក្នុង​​ខ្ទម​ ​​ពេល​ពួក​លោក​កំពុង​ដេក​ឃ្លាន​ស្រាប់​ផង។​​ ​ចំពោះ​អ្នក​ទីក្រុង​យល់​ថា​ កណ្ដុរ​ជា​សត្វ​កង្វក់​គួរ​ឲ្យ​​ញញើម​​ ព្រោះ​វា​ចេញ​ពី​លូ ប៉ុន្តែ​សម្រាប់​​ពួក​លោក សត្វ​​​​​នេះ​ជា​អាហារ​ដែល​​កម្រ​​រក​បាន ​ដូច្នេះ​ក៏​សម្រេច​​ចាប់​មក​ប្រឡាក់​​ឆ្អែត​បាយ​ពី​រ​ពេល​ទៅ​។

ចាប់​ត្រី​ប្រា​បាន​ បាក់​បង្គន់​ ត្រូវ​គេ​ដេញ​ចេញ​ពី​ផ្ទះ

នៅ​បឹង​បាយាប​នោះ​​ មាន​ត្រី​ប្រា​មួយ​ធំ​ដែល​គេ​ចាប់​មិន្​បាន​ ប៉ុន្តែ​​បើ​ចាប់​បាន​ក៏​គ្មាន​អ្នក​ញ៉ាំ​ដែរ ព្រោះ​ត្រី​នេះ​ស៊ី​លាមក​មនុស្ស ប៉ុន្តែ​សម្រាប់​​ពួក​លោក​បាន​គិត​បែងចែក​សាច់​វា​ហើយ​ ​បើសិនជា​ចាប់​បាន។ ពេល​នោះ​លោក​ក៏​យក​កាំកង់​មក​ច្នៃ​ធ្វើ​ជា​​ទំពក់​សម្រាប់​បង្កៃ​ចាប់​ត្រី​នោះ ដាក់​ជាប់​បង្គន់។ ​ពេល​ណា​​មាន​មនុស្ស​​មក​បត់ជើង​ធំ ត្រី​នោះ​នឹង​ហក់​មក​ត្របាក់​មិន​ខាន​។ ដូច​បាន​គ្រោង​ទុក ត្រី​នោះ​បាន​ហក់​មក​ខាំ​ទំពក់​របស់​លោក​ជាប់​ ប៉ុន្តែ​ត្រី​នោះ​មាន​ទម្ងន់​ជាង​​២០​គីឡូ វា​រើ​ខ្លាំង​រហូត​ដល់​បង្គន់​ ប៉ុន្តែ​សំណាង​ដែល​វា​រើ​មិន​រួច​លោក​ចាប់​បាន ប៉ុន្តែ​ម្ចាស់​ផ្ទះ​ឈប់​ឲ្យ​ពួក​លោក​នៅ​ព្រោះ​បាក់​បង្គន់​គេ​អស់​។ ត្រី​នោះ​លោក​ក៏​ចាប់​បាន​​យក​ទៅ​លក់​នៅ​ផ្សារ​បាន​លុយ​ទុក​សម្រាប់​ចាយ​វាយ​បាន​៦​ខែ​ដែរ​។ សល់​តិច​តួច​អាច​ទិញ​ត្រី​មក​​ឆ្ងាញ់​បាយ​មួយ​ពេល មុន​រើ​ផ្ទះ​ចេញ​ពី​ដី​របស់​គេ​។

មាន់​រលួយ​​​ពោះ​២​ថ្ងៃ​ តែ​ក្រុម​លោក​យក​មក​ឆ្នៃ​ចេញ​ជា​ម្ជូរ​គ្រឿង​ឆ្ងាញ់​ជាប់​មាត់

មាន​ថ្ងៃ​មួយ​កំពុង​ភ្លៀង​ស្រិចៗ​ លោក​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​រទេះ​ភ្លើង​ ទៅ​កាន់​បឹង​បាយាប ស្រាប់​តែ​កណ្ដាល​ផ្លូវ​​ លោក​ជួប​មាន់​ងាប់​មួយ​ក្បាល។ លោក​មិន​ហ៊ាន​យក​ភ្លាម​ទេ ព្រោះ​ខ្លាច​ម្ចាស់​គេ​នៅ​ជិត​ឃើញ​។ ដើរ​ហួស​ប្រហែល​ជា​មួយ​រយ​ម៉ែត្រ លោក​ក៏​ត្រលប់​មក​វិញ​ ដោយ​​ធ្វើ​ជា​ជ្រុះ​ក្រមា​ដើម្បី​ស្រវា​យក​មាន់​​នោះ​មក។ ប៉ុន្តែ​មក​ដល់​ផ្ទះ​ ស្រាប់​តែ​ឃើញ​មាន់​រលួយ​ពោះ​ពណ៌​ឡើង​ខៀវ​បាត់​ទៅ​ហើយ​។ មិត្តភ័ក្ដិ​ម្នាក់​របស់​លោក​បាន​ប្រាប់​ឲ្យ​បោះចោល​វិញ ប៉ុន្តែ​ម្នាក់​ទៀត​ថា​ គេ​មាន​វិធី​ធ្វើ​វា ក៏​ច្នៃ​ចេញ​ជា​សម្ល​ម្ជូរ​គ្រឿង​សាច់​មាន់​ ឆ្ងាញ់​បាន​២​ពេល​ទៀត​។

ក្ដាម​ប្រៃ​សមុទ្រ​គេ​ចោល​ ពួក​លោក​រើស​មក​ហូប​

ពេល​ឃើញ​អ្នក​ជិត​ខាង​មិន​ហ៊ាន​ញ៉ាំ​ក្ដាម​សមុទ្រ​ព្រោះ​ខ្លាច​ពុល ប៉ុន្តែ​អាង​ថា​ក្រ មិន​ខ្លាច​ស្លាប់ ក៏​សម្រេច​ចិត្ត​សុំ​គេ​យក​មក​​ញ៉ាំ ជា​លទ្ធផល​ពេល​ថ្ងៃ​គឺ​ញ៉ាំ​បណ្ដើរ​សើច​បណ្ដើរ ប៉ុន្តែ​ពេល​យប់​គឺ​រាក​​រហូត​ដល់​បាក់​កម្លាំង​ រហូត​ផ្ដែផ្ដាំ​ពី​រឿង​ពេល​ស្លាប់​រស់​ទៀត​ផង។

ក្លាយ​ជា​កម្មករ​លាង​ឡាន​ និង​ជាប់​អាហារូបករណ៍​២ ជា​ជោគជ័យ​ទី​មួយ​ក្នុង​ជីវិត

ដើម្បី​ចិញ្ចឹម​ជីវិត​ លោក​ក្លាយ​កម្មករ​លាង​ឡាន​នៅ​ម្ដុំ​ត្រឡោក​បែក​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​៥​ពាន់​រៀល​។ សល់​ពី​នេះ ​លោក​ក៏​ត្រូវ​ទិញ​សម្ភារៈ​​សិក្សា​ខ្លះ​ផង​ដែរ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត​ លោក​បាន​ប្រឡង​ជាប់​អាហារូបករណ៍​មួយ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​មួយ​ទៀត​នៅ​សាលា​តិកណូ​​ ជា​អាហារូបករណ៍​វិស្វករ​​អគ្គិសនី​ ដែល​ការ​ប្រឡង​​ពេល​នោះ​មាន​បេក្ខជន​៣​ពាន់​នាក់ ជ្រើស​យក​តែ​៧០​នាក់​ប៉ុណ្ណោះ​។

ឆ្នាំ​១៩៩៤ លោក​បាន​សាកល្បង​រៀន​ពីរ​​សាកលវិទ្យាល័យ​ ​ប៉ុន្តែ​ទៅ​មិន​រួច​ព្រោះ​សាលា​តិកណូ​​មាន​វិន័យ​តឹងតែង​ជាង ដូច្នេះ​លោក​ក៏​ឈប់​​​ពី​សាលា​ពេទ្យ​​មក​រៀន​វិស្វករ​អគ្គិសនី​​វិញ ដោយ​មួយ​ខែ​លោក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​៥០​ដុល្លារ​។

223004_10200621693723556_1427229900_n

រៀន​សាលា​ សាកល្បង​ធ្វើការ​ជាក់ស្ដែង​យក​កម្រៃ

ដោយ​លោក​ចាប់​ផ្ដើម​រៀន​ពី​អគ្គិសនី ដូច្នេះ​លោក​ក៏​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​លាង​ឡាន មក​ប្រកប​មុខ​របរ​ជា​ជាង​ជួសជុល​អគ្គិសនី​តាម​ផ្ទះ។ ពេល​នោះ​លោក​មាន​កង់​មួយ​​តម្លៃ​៥​ម៉ឺន​រៀល។​ ពេល​ទៅ​ជួស​ជុល​តាម​ផ្ទះ​ម្ដង​ៗ​ លោក​ជិះ​កង់​​ដោយ​ដៃ​ម្ខាង​កាន់​ជណ្ដើរ និង​ដៃ​ម្ខាង​ទៀត​កាច់​ចង្កូត និង​​នៅ​លើ​កង់​គឺ​មាន​គ្រឿង​ជួសជុល​អគ្គិសនី​តាម​ផ្ទះ​មួយ​កំផ្លេ។

ពេល​នោះ​ដោយ​សំណាង​ល្អ​ លោក​ចេះ​តែ​ទទួល​បាន​ការ​ហៅ​ឲ្យ​ជួសជុល​អគ្គិសនី​តាម​ផ្ទះ​ និង​អង្គការ​ជា​ប្រចាំ​។ ដោយសារ​ស្នាដៃ​ត​ភ្លើង​ស្អាត​ និង​មាន​សុវត្ថិភាព​ល្អ កេរ្តិ៍ឈ្មោះ​លោក​គេ​ស្គាល់​ច្រើន​ ពេល​នោះ​លោក​ត្រូវ​បាន​បារាំង​ម្នាក់​នៅ​អង្គការ​​ដើម្បី​ភាព​​​ញញឹម​នៃ​កុមារ ហៅ​ជួសជុល​នៅ​អង្គការ​ជាច្រើន​កន្លែង​​ ដោយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​៨០​ដុល្លារ​ក្នុង​មួយ​ខែ​​ ពេល​នោះ​ជីវិត​របស់​លោក​ហាក់​ប្រសើរ​ជាង​មិត្តភ័ក្ដិ​ឯ​ទៀត​។

ដោយ​ក្ដី​អាណិត​អាសូរ​ពេល​លោក​នាំ​ជនជាតិ​បារាំង​ទៅ​មើល​ផ្ទះ​ដែល​លោក​បាន​ស្នាក់​នៅ​ ព្រោះ​ឃើញ​ខ្ទម​នោះ​អស់​ជញ្ជាំង​ហើយ​ទឹក​បឹង​នៅ​ខាង​ក្រោម​មាន​ក្លិន​មិន​ល្អ​ទៀត​ផង ពេល​នោះ ​លោក​ និង​មិត្តភ័ក្ដិ​ទាំង​អស់​ត្រូវ​បាន​បារាំង​ធានា​ឲ្យ​រស់នៅ​អង្គការ​មួយ​ឈ្មោះ​ថា មេគង្គ​អ៊ិចភួរ​ ឲ្យ​មាន​បន្ទប់​ និង​អគ្គិសនី​ប្រើប្រាស់​ត្រឹមត្រូវ​ ស្គាល់​អ្វី​ដែល​ថា​ជីវិត​អ្នក​ទីក្រុង​ភ្នំពេញ​ពិត​ប្រាកដ​។

ពី​ជាង​ត​ភ្លើង​ទៅ​ក្លាយ​ជា​ជាង​អេឡិចត្រូនិក

នៅ​ឆ្នាំ​សិក្សា​ទី​២ សាកលវិទ្យាល័យ​បាន​បង្រៀន​ពី​ឧបករណ៍​អេឡិចត្រូនិក​វិញ​ម្ដង​ ដូច្នេះ​ដោយ​ការ​ចង់​ចេះ​ចង់​ដឹង​ លោក​ក៏​ចាប់​ផ្ដើម​រៀន​ជួសជុល​ម៉ាញ៉េ ទូរទស្សន៍​ជាមួយ​ជាង​នៅ​តាម​ផ្សារ ហើយ​ពេល​ចេះ​បាន​គ្រាន់​បើ លោក​ក៏​ចាប់ផ្ដើម​បើក​ជួសជុល​នៅ​បន្ទប់​ស្នាក់​នៅ​ និង​ម៉ៅការ​រឿង​ខ្សែ​ភ្លើង​ដោយ​ចែក​ចំណេញ​ជាមួយ​ជាងជា​​មិត្តភ័ក្ដិ​ដែល​រៀន​ជាមួយ​គ្នា។

1176282_10201177210851137_1911811681_n

ឱកាស​ទទួល​បាន​ជំនាញ​ដែល​កម្រ​មាន​អ្នក​​ចេះ

ចាប់​តាំង​ពី​ពេល​នោះ​មក ​លោក​ក៏​ចាប់ផ្ដើម​ចាប់​អារម្មណ៍​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ ដោយ​ជក់​ចិត្ត​ការ​ចង់​ចេះ​ដឹង​កាន់​តែ​ច្រើន​ឡើង​ៗ គាប់​ជួន​ប្រទេស​កម្ពុជា​​ត្រូវ​ប្រទេស​ម្ចាស់​ជំនួយ​ផ្ដល់​មក​នូវ​ឧបករណ៍​ពេទ្យ​ចាស់​​ៗ​ជា​ច្រើន​ដល់​អង្គការ ​និង​មន្ទីរពេទ្យ​ ដូច្នេះ​ក្នុង​នោះ​អង្គការ​របស់​លោក​ក៏​ដូចគ្នា​ ហើយ​លោក​ឃើញ​ជាង​ដែល​ឧស្សាហ៍​មក​ជួសជុល​ក៏​ទៅ​ជួយ​ ដើម្បី​បាន​រៀន​ពី​ពួកគេ ព្រោះ​ជំនាញ​លោក ​និង​ជំនាញ​គេ​ស្រដៀង​គ្នា។

ជា​ឧបនិស្ស័យ​លោក​ក៏​បាន​ជួប​លោក​គ្រូ​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ ជា​ជាង​ជើង​ចាស់​សល់​ពី​សង្គម​ ដែល​ចេះ​ជួសជុល​ឧបករណ៍​ទាំងនេះ​ លោក​ក៏​សុំគាត់​ធ្វើ​គ្រូ​ ដោយ​​ដើរ​តាម​​​គាត់​។ ពេល​នោះ​លោក​មិន​សូវ​បាន​គិត​ពី​កម្រៃ​ប៉ុន្មាន​ទេ​ ​សំខាន់​គឺ​រៀន​យក​ជំនាញ​ឲ្យ​បាន​ច្បាស់​លាស់​ពាក់ព័ន្ធ​នឹង​ឧបករណ៍​ទាំង​នោះ​។

២​ឆ្នាំ​ក្រេប​យក​ចំណេះ​ដឹង​រហូត​បាន​ក្លាយ​ជា​អ្នក​ជំនាញ

រយៈ​ពេល​២​ឆ្នាំ​ គឺ​លោក​បាន​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ទៅ​តាម​លោកគ្រូ​របស់​លោក ព្រោះ​គាត់​មាន​វ័យ​ចំណាស់​ចាស់​ណាស់​ទៅ​ហើយ។ នៅ​ឆ្នាំ​២០០៤ លោក​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​លក់​ឧបករណ៍​ពេទ្យ​មួយ​ឈ្មោះ​ថា រ៉ុក កុងទីនុង ដោយ​ទទួល​ប្រាក់​បៀវត្សរ៍​១៧០​ដុល្លារ​ក្នុង​មួយ​ខែ​ និង​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់​៣០០​ដុល្លារ​។ ឆ្លៀត​ពេល​ទំនេរ​ចាប់​ពី​ម៉ោង​៥​ល្ងាច​លោក​ដើរ​ជួសជុល​ខ្លួន​ឯង​​ ជា​អាជីវកម្ម​ក្រៅ​ពី​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន​។

កាល​នោះ​​ម៉ាស៊ីន​ខូច​ភាគ​ច្រើន ​គឺ​ហៅ​អ្នក​ជំនាញ​ម៉ាស៊ីន​ពី​បរទេស​មក​ជួសជុល ដោយ​ចំណាយ​សោហ៊ុយ​ និង​ឧបករណ៍​​តម្លៃ​ខ្ពស់​។ ដោយ​មាន​ចំណាប់​អារម្មណ៍​លើ​គ្រឿង​ម៉ាស៊ីនជា​​ខ្លាំង​ ហើយ​មាន​ជាង​ជួសជុល​បរទេស​នោះ​ក៏​ចាប់​អារម្មណ៍​ គេ​បាន​ប្រាប់​ទៅ​ខាង​អង្គការ​ថា លោក​អាច​សមត្ថភាព​ធ្វើ​បាន​ បើ​មាន​ការ​បណ្ដុះបណ្ដាល ដូច្នេះ​គួរ​បញ្ជូន​លោក​ទៅ​បណ្ដុះបណ្ដាល​ ឲ្យ​ក្លាយ​ជា​អ្នក​ជំនាញ​ងាយស្រួល​មិន​ចាំបាច់​ហៅ​អ្នក​នៅ​ក្រៅ​ប្រទេស​មក​ជួសជុល​ ដែល​នាំ​ឲ្យ​ចំណាយ​អស់​ច្រើន​។

អង្គការ​មួយ​ឈ្មោះ​សេពពឺស្ព័រ ដែល​លោក​បាន​ចូល​ធ្វើការ​ជួសជុល​គ្រឿង​ម៉ាស៊ីន​ឲ្យ​ បាន​​បញ្ជូន​លោក​ឲ្យ​ទៅ​រៀន​នៅ​ស្រុក​បារាំង​រយៈ​​ពេល​៤​ខែ ជាមួយ​នឹង​ជំនាញ និង​ស្គាល់​កន្លែង​បញ្ជាទិញ​គ្រឿង​បន្លាស់​។ ចាប់​ពី​ពេល​នោះ​មក​ លោក​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ខ្មែរ​តែ​ម្នាក់​គត់​ដែល​ចេះ​ជួសជុល​គ្រឿង​បន្លាស់​ពេទ្យ​​នៅ​កម្ពុជា។

ជួសជុល​ម៉ាស៊ីន​តម្លៃ​១​លាន​ដុល្លារ ទទួល​បាន​៣​ពាន់​ដុល្លារ

មាន​ម៉ាស៊ីន​ជា​ច្រើន​បាន​ខូច​ ហើយ​ជាង​គឺ​លោក​​​តែ​ម្ដង ដែល​លោក​អាច​យក​ថ្លៃ​ឈ្នួល​បាន​ក្នុង​មួយ​គ្រឿង​តម្លៃ​ពី​១៥០​ដុល្លារ​ទៅ​៣០០​ដុល្លារ។ បើ​គិត​ថា​ថ្លៃ​ តម្លៃ​ពិត​ជា​ថ្លៃ​ណាស់ ប៉ុន្តែ​បើសិនជា​គ្មាន​ជាង​ក្នុង​ស្រុក​ជួសជុល​ទេ ម៉ាស៊ីន​តម្លៃ​រាប់​ម៉ឺន​ទាំង​នោះ ​នឹង​ត្រូវ​ដឹក​ទៅ​បរទេស​វិញ​​ ចំណាយ​មិន​ក្រោម​ខ្ទង់​ពាន់​ដុល្លារ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ម្ចាស់​ម៉ាស៊ីន​មួយ​​​តែងតែ​អរគុណ និង​លើកសរសើរ​លោក​ជាប់​​ជា​និច្ច​។ ក្នុង​អំឡុង​ពេល​នោះ​ ក្នុង​​ចំណោម​ម៉ាស៊ីន​ដែល​លោក​ជួសជុល​ទាំងអស់​ មាន​ម៉ាស៊ីន​វាស​បេះដូង​មួយ​តម្លៃ​១លាន​ដុល្លារ ទទួល​បាន​ឈ្នួល​៣​ពាន់​ដុល្លារ ដែល​ជា​រឿង​ជោគជ័យ​បំផុត​ ព្រោះ​ម៉ាស៊ីន​នេះ​បារាំង​មក​៣​ដង​ហើយ​ តែ​​ធ្វើ​មិន​កើត​ទៀត​ ដូច្នេះ​លោក​ធ្វើ​កើត​គឺ​ពិត​ជា​រឿង​មាន​មោទកភាពបំផុត​។

​​ភាព​ជា​សហគ្រិន​លេច​ជា​រូបរាង​ឡើង​

ឆ្នាំ​២០០០ ដើម្បី​បង្កើន​ជា​ទំនុក​ចិត្ត​ដល់​អ្នក​រក​សេវា​ជួសជុល​ពី​លោក ក៏​សម្រេច​ចិត្ត​ជួល​ផ្ទះ​មួយ​តម្លៃ​​១៧០​ដុល្លារ​ នៅ​ម្ដុំ​សន្ធរម៉ុក​ដើម្បី​ជួសជុល​ម៉ាស៊ីន​ទាំង​នោះ​ផ្លូវ​ការ​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ដោយ​មើល​ឃើញ​ជីវភាព​ប្រជាជន​ ពិសេស​ពេទ្យ​ឯកជន​ជា​ច្រើន​ហាក់​មាន​ការ​កើន​ឡើង និង​ចង់​ដឹង​ពី​ម៉ាស៊ីន​ប្រភេទ​ថ្មីៗ​ លោក​ក៏​ចាប់​ផ្ដើម​សន្សំ​លុយ​សម្រាប់​បង្វិល​បង្គ្រប់​ក្នុង​ការ​នាំ​ចូល​ម៉ាស៊ីន​ថ្មី​មក​លក់​ជូន​ដល់​អតិថិជន​។

នៅ​​​ក្មេង​​ខ្ចី​ផង​នោះ​ ​​អំឡុង​ឆ្នាំ​២០០៤​ លោក​ក៏​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា Medical Equipments Electronic Service ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា MEES ជា​ផ្លូវ​ការ​ដើម្បី​បំពេញ​តាម​តម្រូវការ​​ ប៉ុន្តែ​អ្វី​ដែល​គេ​ជឿជាក់​ គឺ​លើ​រូប​លោក​ដែល​ធានា​លើ​សេវា​ជួសជុល​ដល់​អតិថិជន​។ នៅ​ឆ្នាំ​២០០៦​ឈាន​ដល់​ដំណាក់​កាល​ប្រកួត​ប្រជែង​ លោក​បាន​រក​ដៃគូ​ចូលរួម​ទុន​ពី​ហុងកុង​មក​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើការ​កុងត្រា​នាំ​ផលិតផល​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ។ ​នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន​របស់​លោក​បាន​ដំណើរ​ការ​ល្អ​ ឃើញ​ថា​គ្មាន​អ្វី​ជា​ក្ដី​បារម្ភ​ទៀត​ឡើយ​ លោក​ក៏​បន្ត​បើក​ក្រុមហ៊ុន​សូឡាហូម (Sola Home) ​មួយ​ទៀត ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ និង​រៀបចំ​អគ្គិសនី​ប្រើប្រាស់​ពន្លឺ​ព្រះអាទិត្យ​។

បច្ចុប្បន្ន​ភាព

លោក សំ ទេត្រា មាន​អាយុ​៣៨​ឆ្នាំ​ នៅ​លីវ មាន​ក្រុមហ៊ុន​២ គឺ​មួយ​ឈ្មោះ​ថា ក្រុមហ៊ុន​នាំ​ចូល​បរិក្ខារ​អេឡិចត្រូនិក​ពេទ្យ MEES និង​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ​ថា Sola Home ជា​ក្រុមហ៊ុន​រៀបចំ​ផ្គត់ផ្គង់​សូឡា​ប្រើ​ពន្លឺ​ព្រះអាទិត្យ​ ជា​អគ្គិសនី​តាម​ផ្ទះ។ ​គិត​មក​ទល់​ពេល​នេះ​ ​គ្រាន់​តែ​អគារ​របស់​ក្រុមហ៊ុន​ MEES​ មួយ​​មាន​តម្លៃ​ប្រមាណ​៤០​ម៉ឺន​ដុល្លារ​​ទៅ​ហើយ។

ការ​ចែក​រំលែក​បទពិសោធន៍​ និង​ផ្ដាំផ្ញើ “ចេះ​ឲ្យ​​ប្រាកដ​ ប្រាក់​រត់​តាម​ហៅ”

“ធ្វើ​ការ​ឲ្យ​ផ្ដោត​អារម្មណ៍​ ចេះ​តិចតួច​មិន​ខ្វះ​អី​ស៊ី ចេះ​ខ្ទេចខ្ទី​រក​អី​ស៊ី​គ្មាន មិន​មែន​ពាក្យ​កំប្លែង​ទេ សុខ​ចិត្ត​ចេះ​តិច​មែន ​តែ​​ឲ្យ​ផ្ដោត​ឲ្យ​ច្បាស់លាស់​ និង​ប្រាកដ ជៀសវាង​ចេះ​ច្រើន IT ក៏​ចេះ ស្អី​ក៏​ចេះ ចេះ​គ្រប់​សព្វ​ពេក អត់​ច្បាស់​មួយ​ណា​សោះ អី​ក៏​ធ្វើ​អត់​កើត រក​ស៊ី​អី​ក៏​មិន​កើត​ ដូច្នេះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ មុន​រក​ស៊ី​អី​ត្រូវ​ចេះ​ជំនាញ​នោះ​ឲ្យ​ច្បាស់​ ដូចជា​មុន​បើក​ហាង ត្រូវ​ចូល​ធ្វើការ​នៅ​តាម​ភោជនីយដ្ឋាន​សិន​ជា​ការ​ល្អ​”។

កុំ​ឃើញ​ដំរី​ជុះ​ ជុះ​តាម​ដំរី

ខ្ញុំ​ឃើញ​បុគ្គលិក​ខ្ញុំ​៥ ទៅ៦​នាក់​ហើយ​ដែល​គាត់​មក​ធ្វើការ​ជាមួយ​ខ្ញុំ រយៈ​​ពេល​ច្រើន​ឆ្នាំ​ គាត់​មើល​ឃើញ​ស្ថាន​ខ្ញុំ​ចាប់​ផ្ដើម​មាន​ទុន​មក​ពី​ណា​នោះ​ ដូច្នេះ​គាត់​ស្រាប់​តែ​មក​ធ្វើ​ដូច​ខ្ញុំ​កាល​ពី​១០​ឆ្នាំ​មុន​ ដែល​ខុស​ពី​ស្ថានភាព​បច្ចុប្បន្ន​នេះ​។ ដូច្នេះ​កុំ​ឃើញ​គេ​ធ្វើ​អី​បាន​ទទួល​ជោគជ័យ ចេះ​ Copy ហើយ​ Paste Copy ហើយ​ Paste វា​មិន​ជោគជ័យ​នោះ​ទេ គួរ​យក​គំរូ​របស់​គេ​ទៅ​បំបែក​ទៅ​តាម​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​ទើប​ជា​ការ​ប្រសើ។​

ធ្វើការ​ឲ្យ​អស់​ពី​លទ្ធភាព​

ខ្ញុំ​មើល​ឃើញ​យុវជន​ជា​ច្រើន​ដែល​មក​ធ្វើការ​ងារ​ហាក់​មិន​សូវ​ប្រឹង​អស់​ពី​សមត្ថភាព​នោះ​ទេ មាន​ខ្លះ​ធ្វើ​ការ​ខ្លាច​ថៅកែ​ចំណេញ ពេល​ញ៉ាំ​ខ្លាច​ថៅកែ​ខាត ផ្ទុយ​ពី​ខ្ញុំ​ពេល​ធ្វើការ​ឲ្យ​គេ​ដំបូង​​ មាន​ថ្ងៃ​ខ្លះ​ធ្វើ​លង់​រហូត​ដល់​ម៉ោង​១​យប់​ក៏​មាន​ ហើយ​ធ្វើការ​ គឺ​ខ្ញុំ​ធ្វើ​ឲ្យ​បាន​ស្អាត​បំផុត ​គុណភាព​ល្អ​បំផុត​ ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​​ពេល​នោះ​ ដែល​ធ្វើ​យ៉ាង​នេះ​យូរ​ទៅ​គឺ​មិន​ខ្វះ​ឱកាស​ក្នុង​ការ​រក​ចំណូល​នោះ​ទេ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ប្អូនៗ​​ ពេល​ធ្វើការ​គួរ​តែ​តាំង​ចិត្ត​​​ឲ្យ​បាន​មុតមាំ​ធ្វើ​ឲ្យ​អស់​សមត្ថភាព​ ធ្វើ​ឲ្យ​ដូច​របស់​ខ្លួន​ឯង​ និយាយ​ជា​រួម គឺ​ធ្វើ​ដោយ​ទទួល​ខុសត្រូវ ដោយ​មាន​៤ គុណភាព សន្សំសំចៃ សុវត្ថិភាព និង​សោភ័ណភាព​ ពេល​នោះ ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​មិន​ខាន៕

-អត្ថបទ៖ កង ចាន់​បញ្ញា(sabay)

ពី​ជីវិតផ្ញើ​​លើ​គំនរ​សំរាម​ ឥឡូវ​យុវតី​ខ្មែរ លេច​មុខ​ក្នុង​ភាពយន្ត​ហូលីវូដ…

អាកាសចរណ៍ស៊ីវិល កំពុងរៀបចំ បញ្ជូនមន្ត្រីខ្លួន ទៅប្រទេសឡាវ…

Facebookgoogle_pluslinkedinmailby feather

Comments are closed.