Strugle life 2

ពី​ជីវិតផ្ញើ​​លើ​គំនរ​សំរាម​ ឥឡូវ​យុវតី​ខ្មែរ លេច​មុខ​ក្នុង​ភាពយន្ត​ហូលីវូដ

នៅ​ព្រឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម Facebook ប្រិយមិត្ត​បាន​ភ្ញាក់ផ្អើល និង​មោទនភាព​ជួស​សាមី​ខ្លួន ពេល​ឃើញ​វីដេអូ​ឃ្លិប​មួយ ដែល​រៀប​រាប់​ពី​ជីវិត​តស៊ូ​លំបាក​លំបិន​លើ​គំនរ​សំរាម របស់​យុវតី ជិន សុខា ហើយ​ឥឡូវ​ជីវិត​ដូច​ផ្កា​រីក បាន​ចូល​រៀន​សាលា​ល្អ​ៗ និង​បាន​សម្ដែង​ក្នុង​ភាពយន្ត​បរទេស និយាយ​ពី​ជីវិត​កុមារី​លើ​គំនរ​សំរាមទៀត។

featured-113

វីដេអូ​រៀបរៀង​ដោយ​​វិទ្យុ​អាស៊ីសេរី មាន​រយៈ​ពេល ៦ នាទី​ស្តី​ពី​ជីវិត យុវតី ជិន សុខា នេះ បាន​​ពិពណ៌នា​ថា សុខា ដែល​បច្ចុប្បន្ន​មាន​វ័យ ១៧ ឆ្នាំ គឺ​ជា​អតីត​កុមារី​ស្ថិត​ក្នុង​គ្រួសារ​កសិករ​​ក្រី​ក្រ​មួយ​ដែល​មាន​បង​ប្អូន​ដល់​ទៅ ៩នាក់ ហើយ​នាង​គឺ​ជា​កូន​ទី៨ រស់​នៅ​ខេត្ត​ស្វាយ​រៀង។ បើ​ទោះ​ជា​ជីវភាព​ក្រីក្រ ចាត់​ថា​ជា​ទណ្ឌកម្ម​មួយ​សម្រាប់​គ្រួសារ​យុវតី​វ័យ ១៧ ឆ្នាំ​នេះ ប៉ុន្តែ​ការ​ផ្តាច់​ផ្តិល​អាយុ​ជីវិត​សមាជិក​ក្រុម​គ្រួសារ​មួយ​ចំនួន​បន្ថែម​ទៀត គឺ​ជា​ការ​ឆក់​យក​អស់​នូវ​ភាព​កក់ក្តៅ​ដែល​មាន​តិច​តួច​ក្នុង​គ្រួសារ​អត្តខាត់​មួយ​នេះ។

ជា​ដំបូង ម្តាយ​របស់​នាង បាន​បាត់​បង់​ជីវិត​ក្នុង​គ្រា​ផ្តល់​កំណើត​កូន​ភ្លោះ​ទី​១០ និង​១១។ ហើយ​បង​ប្អូន ៤នាក់​បាន​ស្លាប់​បន្ត​បន្ទាប់​ទៀត ដោយ​សារ​ជំងឺ​ហើយ​គ្មាន​ប្រាក់​សម្រាប់​ព្យាបាល។ បន្ទាប់​ពី​បាត់​បង់​បង​ប្អូន ពិសេស​ម្តាយ ជិន សុខា ត្រូវ​ឪពុក​នាំ​មក​រស់​នៅ​ផ្សង​ព្រេង​នៅ​ទីក្រុង​ភ្នំពេញ ខណៈ​នាង ទើប​មាន​អាយុ ៤-៥​ឆ្នាំ។ ជីវិត​នៅ​លើ​ដី​ក្រុង សុខា ត្រូវ​រស់​នៅ និង​សម្រាក​តាម​ចិញ្ចើម​ផ្លូវ​អស់​រយៈ​ពេល ៦ខែ យ៉ាង​កណ្ដោចកណ្ដែង។

ស្ថានភាព​បាន​ប្រែ​ប្រួល​កាន់​តែ​ធ្ងន់ធ្ងរ បន្ទាប់​ពី​លោក ឪពុក ជា​អ្នក​មាន​គុណ​តែ​ម្នាក់​គត់​ដែល​នៅ​សេសសល់​ប្រឹង​ប្រែង​ធ្វើ​ជា​ម្លប់​របស់​កូន​ៗ​លើ​ដី​ក្រុង​នោះ បាន​បាត់​បង់​ជា​ជីវិត​បន្ថែម​ទៀត។ សុខា និយាយ​ថា “គាត់​លេប​ថ្នាំ ឪពុក​ខ្ញុំ​គាត់​ខក​ចិត្ត គាត់​បាត់​បង់​ម្តាយ​ខ្ញុំ​អីចឹង ធ្វើ​ឲ្យគាត់​បាត់​បង់​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង និង​អស់​សង្ឃឹម​ជាមួយ​​ឆាក​ជីវិត​ខ្លួន​ឯង”។ កាន់​តែ​កណ្ដោចកណ្ដែង សុខា បាន​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​រស់​នៅ​ជា​មួយ​អ៊ុំ​ស្រី។

នៅ​ទី​នោះ ដោយ​សារ​មាន​ការ​ងារ​ធ្វើ​ច្រើន​ពេក​ធ្វើ​ឲ្យ សុខា ខក​ខាន​មិន​បាន​ចូល​រៀន​ពេញ​លេញ​រយៈ​ពេល ៣​ឆ្នាំ។ ដោយ​មើល​ឃើញ​ថា ជីវភាព​នៅ​ស្រុក​មិន​អាច​ឲ្យ​ជីវិត​ឃើញ​ពន្លឺ​បាន យុវតី ជិន សុខា បាន​ផ្សង​ព្រេង​មក​កាន់​ទី​ក្រុង​ម្តង​ទៀត។ ជីវិត​បក​ក្រោយ​នេះ កាន់​តែ​ធ្វើ​ឲ្យ សុខា ហេងហាង ព្រោះ​មក​លើក​ទី​១ បើ​ទោះ​ស៊ី​អត់​ស៊ី​ឃ្លាន ប៉ុន្តែ​ហោច​ណាស់ ក៏មាន​លោក​ឪពុក​ម្នាក់ នៅ​ក្បែរ​គ្រាន់​បាន​កម្តៅ​បេះដូង​ដែរ ប៉ុន្តែ​លើក​នេះ គឺ​កំព្រា​អត់​មាន​មេបា​មើល​ថែ​ឡើយ។

ដើម្បី​សល់​ជីវិត​ទប់​ទល់​នឹង​ទណ្ឌកម្ម​ព្រហ្មលិខិត សុខា បាន​ប្រឹង​ប្រែង​ជាមួយ​ការ​ដើរ​រើស​កាក​សំណល់​សំរាម​ផ្សេង​លក់​យក​លុយ​ទិញ​បាយ​ហូប ទ្រាប់​ក្រពះ។ ក្រោយ​ពី​ពពក​ខ្មៅ​រសាត់​បាត់​ទៅ ពន្លឺ​ថ្ងៃ​ដ៏​ភ្លឺ​ចែង​ចាំង​បាន​ចូល​មក​ជំនួស ដែន​ដី​គំនរ​សំរាម​មាន​ក្លិន​ដ៏​អសោច ដែល​សូម្បី​តែ​សាមី​ខ្លួន​គិត​ថា ជា​កន្លែង​កប់​ចោល​ជីវិត​​ស្រស់​បំព្រង​នោះ បាន​ក្លាយ​ជា​ទី​ដែល​នាំ​ឲ្យ​នាង បាន​ជួប​ពន្លឺ​ទៅ​វិញ។

នៅ​ថ្ងៃ​ដ៏​មាន​ភ័ព្វ​មួយ សុខា បាន​ជួប​នឹង​អ្នក​ថត​រូប​ជនជាតិ​អាមេរិកាំង​ម្នាក់ ឈ្មោះ Bill Smith ហើយ​បុរស​លោក​ខាង​លិច​ម្នាក់​នេះ​ហើយ ដែល​បាន​ស្រង់​យក​យុវតី សុខា ចេញ​ពី​ភព​ដ៏​ខ្មៅ​អួ​អ័ព្ទ​នេះ។

សុខា ត្រូវ​បាន​អ្នក​ថត​រូប​ជន​ជាតិ​អាមេរិកាំង ជួយ​យក​ទៅ​ដាក់​ឲ្យ​រស់​នៅ​ក្នុង​អង្គការ “​ថ្ងៃ​ថ្មី” ហើយ​ត្រូវ​អង្គការ​ទំនុក​បម្រុង​ឲ្យ​នាង​បាន​ចូល​រៀន​នៅ​សាលា Zaman ខណៈ​មុន​ហ្នឹង​ក៏​អង្គការ​បាន​ជួយ​នាង​ឲ្យ​រៀន​នៅ​សាលា​ប៊ែល​ធី ផង​ដែរ។ ដោយ​សារ​នាង ជា​ក្មេង​ឆ្លាត នាង​ត្រូវ​បាន​គាំទ្រ​ឲ្យ​រៀន​ដល់​ចប់​សាកលវិទ្យាល័យ ដោយ​មូលនិធិ Bill Smith សហរដ្ឋអាមេរិក។

ស្ថានភាព​កាន់​តែ​ប្រសើរ សុខា ត្រូវ​ក្រុម​ហ៊ុន​ឯកសារ 10×10 ជ្រើស​រើស​ឲ្យ​សម្ដែង​ក្នុង​រឿង​និយាយ​ពី​ជីវិត​តស៊ូ​របស់​កុមារី​លើ​គំនរ​សំរាម​ដើម្បី​បាន​ចូល​រៀន ជាមួយ​នឹង​កុមារី​មក​ពី​ប្រទេស​ក្រីក្រ​៨នាក់​ផ្សេង​ទៀត ដែល​មាន​ដំណើរ​ជីវិត​ល្វីង​ជូរ​ចត់ លំបាក​លំបិន​ដូច​ៗ​គ្នា។

ខ្សែភាពយន្ត​ឯកសារ​នោះ​មាន​ចំណង​ជើង​ថា “Girl Rising” ឬ “ការ​លើក​កម្ពស់​កុមារី” ​ដឹក​នាំ ដោយ​លោក Richard Robin និយាយ​ពី​តស៊ូ​ពុះពារ​របស់​កុមារី​ដើម្បី​បាន​ការ​អប់រំ និង​ការ​ប្រឈម​ផ្សេង​ៗ​របស់​កុមារី​នៅ​ប្រទេស​ដូច​ជា ហៃទី អេត្យូពី និង​ប៉េរូ ជា​ដើម ។ រឿង​នេះ បាន​ដាក់​បញ្ចាំង​លើក​ដំបូង​នៅ​កម្ពុជា ដើម្បី​អបអរ “ទិវា​កុមារី​អន្តរជាតិ១១ តុលា ២០១៣”។

ដោយសារ​ថា មាន​អតីត​កាល​ជា​ក្មេង​ក្រី​ក្រ​តស៊ូ​លំបាក ជិន សុខា បាន​ប្រាប់​ថា នាង មាន​ក្តី​ស្រមៃ​ចង់​បើក​អង្គការ​មួយ ដែល​មាន​បេសកកម្ម​ជួយ​សង្គ្រោះ​កុមារ​ក្រី​ក្រ​ដទៃ​ទៀត ដែល​ជីវិត​ជួប​ការ​លំបាក​ដូច​ជា​រូប​នាង​ដែរ៕

-អត្ថបទ៖ ទារិកា(sabay)

ជីវិតដែលឆ្លងកាត់អតីត​កាល​កម្សត់​ហួស​ថ្លែង​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​២​ក្នុង​ដៃ…

Facebookgoogle_pluslinkedinmailby feather

Comments are closed.