Studying

យុវតី​មក​ពី​ជន​បទ​ ជិះ​តែ​កង់​ទៅ​រៀន​ ប្រឡង​បាន​និទ្ទេស​A!

grad a 2013 copy

យុវតី​កូន​អ្នក​ចម្ការ​​​ជន​បទ​ មាន​ជីវភាព​មធ្យម​ មក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​មាន​ត្រឹម​កង់​ដើម្បី​ជិះ​ទៅ​សាលា​សោះ​ រក​បាន​និទ្ទេស​A​ ក្នុង​ការ​ប្រឡង​បាក់ឌុប​ថ្នាក់​ជាតិ​ ឆ្នាំ​នេះ។

ទី​ វួចនី​ អាយុ​១៧​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ចម្ការ​ ប៉ុន្តែ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ភ្នំពេញ​ ដើម្បី​សិក្សា​នៅ​សាលា​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ​ មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ក្រោយ​ឮ​លទ្ធផល​បាក់ឌុប​ប្រកាស​ពី​រសៀល​ម្សិល​មិញ​ ថា​រូប​គេ​បាន​ជាប់​និទ្ទេស​ A​ ជាមួយ​នឹង​មធ្យម​ភាគ​៩៩.៩៥។

យុវតី​ ទី​ វួចនី​

វួចនី​ថ្លែង​ថា៖ “ខ្ញុំ​សប្បាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​ ព្រោះ​នេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំ​ធេង​ក្នុង​ជីវិត​របស់​ខ្ញុំ”។

យុវតី​រូប​នេះ​រៀប​រាប់​ថា​ ការ​ប្ដូរ​មក​រស់​នៅ​ភ្នំពេញ​ ដោយ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ជាមួយ​មិត្ត​ភ័ក្តិ​ស្រី​ៗ​ប៉ុន្មាន​នាក់​ គោល​បំណង​ដើម្បី​បុក​រៀន​ឲ្យ​បាន​និទ្ទេស​ល្អ​ ព្រោះ​ខ្លួន​យល់​ថា​ មាន​តែ​រាជធានី​ទេ​ ដែល​ផ្ដល់​ឱកាស​ឲ្យ​រូប​គេ​អាច​សិក្សា​បាន​ច្រើន​ បើ​ប្រៀប​ធៀប​នឹង​ខេត្ត​របស់​ខ្លួន។

យុវតី​រាង​តូច​ច្រឡឹង​ រួសរាយ​រាក់​ទាក់​ បាន​រៀប​ចំ​កាល​វិភាគ​សិក្សា​របស់​ខ្លួន​យ៉ាង​ហ្មត់ចត់​ នៅ​ពេល​គេ​ចូល​ដល់​ថ្នាក់​ទី​១២។ គេ​បាន​បុក​រៀន​គួរ​លើ​មុខ​វិជ្ជា​សំខាន់​ៗ​ ដែល​មាន​ពិន្ទុ​ច្រើន​ ដូច​ជា​គណិត​, រូប​, គីមី​, និង​ជីវៈ​វិទ្យា​ នៅ​សាលា​បង្រៀន​គួរ​ល្បី​ៗ។

ប៉ុន្តែ​ក្រៅ​ពី​រៀន​បំប៉ន​បន្ថែម​ យុវតី​រូប​នេះ​បាន​កំណត់​ខ្លួន​ឯង​​យ៉ាង​ច្បាស់​លាស់​ត្រូវ​តែ​សិក្សា​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​បន្ថែម​ទៀត។

វួចនី​ថា៖ “ខ្ញុំ​ខំ​រៀន​ដើម្បី​បាន​និទ្ទេស​ល្អ​នេះ​ គោល​បំណង​ចង់​ចូល​សិក្សា​ផ្នែក​ពេទ្យ​ នៅ​សាកល​វិទ្យាល័យ​អន្តរ​ជាតិ”។

ប៉ុន្តែ​យុវតី​រូប​នេះ​យល់​ថា​ ការ​សិក្សា​នៅ​សាលា​បង្រៀន​គួរ​ថ្លៃ​ៗ​ ឬ​រៀន​ជាមួយ​គ្រូ​ល្អ​ៗ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ខ្លាំងជាង​នេះ​ គឺ​ខ្លួន​ឯង​ទៅ​វិញ​ទេ​ ដែល​ជា​កត្តា​កំណត់​ភាព​ជោគជ័យ​នេះ។ ទន្ទឹម​នឹង​នោះ​ គ្រួសារ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ជោគជ័យ​នេះ​ ពី​ព្រោះ​បើ​គ្មាន​ការ​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ទេ​ គេ​ក៏​គ្មាន​អារម្មណ៍​ផ្ដោត​លើ​ការ​សិក្សា​ឲ្យ​បាន​ខ្លាំង​ក្លា​ដែរ។

“យ៉ាង​ណា​មិញ​ យើង​មិន​គួរ​ឈ្ងោក​រៀន​តែ​មួយ​មុខ​នោះ​ទេ​ យើង​ត្រូវ​ចេះ​ចែក​ម៉ោង​រៀន​ ម៉ោង​ជួប​ជជែក​លេង​ជាមួយ​មិត្តភ័ក្តិ​ និង​ម៉ោង​លេង​ហ្គេម​ខ្លះ​ដែរ”។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​កញ្ញា។

វួចនី​យល់​ថា​ ប្រសិន​បើ​យុវជន​ណា​ចង់​ទទួល​បាន​និទ្ទេស​A​ដូច​កញ្ញា​ គេ​គួរ​តែ​ខិត​ខំ​រៀន​តាំង​ពី​ថ្នាក់​ក្រោម​ទៅ​ ពោល​គឺ​ពី​ថ្នាក់​ទី​៩​ ឬ​ទី​១០​ឡើង​ទៅ​ ពី​ព្រោះ​មេរៀន​នៅ​ថ្នាក់​ទាំង​នោះ​ជា​មូលដ្ឋាន​សម្រាប់​ថ្នាក់​បាក់ឌុប។ កញ្ញា​បន្ថែម​ថា​ យុវជន​គួរ​បោះ​បង់​គំនិត​ចោល​ថា​ ទាល់​តែ​ដល់​ថ្នាក់​ទី​១២​ ទើប​បុក​រៀន​ នោះ​វា​អាច​នឹង​យឺត​ពេល​ ម្យ៉ាង​អាច​រៀន​មុខ​ភ្លេច​ក្រោយ៕

-ប្រភព៖ យិន សំបូរ(sabay)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

———————————————————————————————————

និស្សិត​ស្រី​វ័យក្មេង​ផ្នែក​ព័ត៌មាន​វិទ្យា​ជាប់​កម្មសិក្សា​ទៅ​អាមេរិក

6_Rachana-Nget

«​បើ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​មួយ​នៅ​មិន​ទាន់​រីកចម្រើន ​ការ​អភិវឌ្ឍ​របស់​ប្រទេស​នោះ​ក៏​មិន​សូវ​រីកចម្រើន​ខ្លាំង​ដែរ​» នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​និស្សិត​ស្រី​ផ្នែក​ព័ត៌មានវិទ្យា​មួយ​រូប​ដែល​បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ ​កាលពី​ខែ​ ឧសភា ​ឆ្នាំ ​២០១៣​ នេះ​ បន្ទាប់ពី​កញ្ញា​បាន​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធ​សិក្សា​ដែល​មាន​ឈ្មោះ​ថា​ UGRAD ផ្នែក​ Software Engineering នៅឯ​សហរដ្ឋអាមេរិក​។

កញ្ញា​យល់​ថា​បច្ចេកវិទ្យា​គឺជា​ធាតុផ្សំ​មួយ​ធាតុផ្សំ​សំខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​។​តើ​និស្សិត​ម្នាក់​នេះ​បាន​ឆ្លងកាត់​អ្វីខ្លះ​ក្នុង​ដំណើរ​ដ៏​វែង​ឆ្ងាយ​ទៅ​ទឹកដី​ស៊ីវិល័យ​ដើម្បី​ស្វែងយល់​ពី​បច្ចេកវិទ្យា​?

កញ្ញា ​ង៉ែត ​រចនា ​នឹង​ក្លាយ​ទៅ​ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ខែ​កញ្ញា ​ខាង​មុខ​នេះ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ក្រៅពី​កម្មសិក្សា​កញ្ញា​ថែម​ទាំង​បាន​ចូលរួម​ការងារ​សហគមន៍ ដែល​រៀបចំ​ដោយ​សមាគម FUS​AAC របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ទៀត​ផង​។ ​កញ្ញា​ជា​មេក្រុម​ផ្នែក​រដ្ឋបាល​ក្នុង​សិក្ខាសាលា​ Major and Career Fair។

ដោយ​មាន​ឆន្ទៈ​ហ៊ាន​ពុះពារ​ឧបសគ្គ​នៅក្នុង​បច្ចេកវិទ្យា​ចាប់​តាំង​ពី​ពេល​រៀន​នៅ​វិទ្យាល័យ​កញ្ញា រចនា ដែល​មាន​ឪពុក​ធ្វើការ​ទាក់ទង​នឹង​ផ្នែក​នេះ​ផង​ដែរ​នោះ​ក៏​បាន​សម្រេច​ចិត្ត​ចាប់​យក​ជំនាញ​ព័ត៌មានវិទ្យា​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​។​បន្ថែម​ពី​នេះ កញ្ញា​មើល​ឃើញ​ថា​ផ្នែក​ព័ត៌មាន​ពុំ​សូវ​មាន​និស្សិត​ស្រី​រៀន​ច្រើន​នោះ​ទេ​ដោយ​កញ្ញា​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ចង់​លេចធ្លោ​!​»។

បើ​ទោះ​ជា​មាន​ការ​អនុញ្ញាត​ពី​ក្រុម​គ្រួសារ​ឲ្យ​កញ្ញា​រៀន​ផ្នែក​នេះ​ក៏​ដោយ ក៏​ការ​យល់​ស្រប​នេះ​មិនមែន​ជា​មូលហេតុ​ដែល​យុវតី​រូប​នេះ សម្រេច​ចិត្ដ​ជ្រើសរើស​ជំនាញ​នេះ​ឡើយ​។​ ប៉ុន្ដែ​វា​កើត​ចេញ​ពី​ការ​ស្រឡាញ់​ផ្នែក​ច្នៃ​បច្ចេកវិទ្យា​និង​ងឿងឆ្ងល់​ពី​វិធី​ដែល​កុំព្យូទ័រ​ជួយ​ការងារ​មនុស្ស​។

ចាប់ផ្ដើម​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​២​ឆ្នាំ​កញ្ញា រចនា​ផ្ដោត​សំខាន់​ទៅ​លើ​តែ​ការ​សិក្សា​ក្នុង​សាលា​មួយ​មុខ​ប៉ុណ្ណោះ​ពីព្រោះ​កញ្ញា​មាន​ផែនការ​ច្បាស់លាស់​ថា​នឹង​ស្វែងរក​បទពិសោធ​នៅ​ឆ្នាំ​ទី​៣​។

អំឡុងពេល​វិស្សមកាល​នេះ កញ្ញា​រចនា​បាន​កំពុង​ធ្វើ​កម្មសិក្សា​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា ​Atech IT Solution Group​ ដែល​នៅ​ទី​នោះ​កញ្ញា​ធ្វើការ​ទាក់ទង​ទៅ​នឹង​ផ្នែក Programming,​ Software Development, System Analysis និង Design។

យុវតី​ស្រឡាញ់​ផ្នែក​ព័ត៌មានវិទ្យា​រូប​នេះ​បាន​និយាយ​ថា​៖​«​ខ្ញុំ​ចាប់ផ្ដើម​ចុះ​ធ្វើ​កម្មសិក្សា​និង​ការងារ​ស្ម័គ្រចិត្ត​ផ្សេង​ៗ​នៅក្នុង​ឆ្នាំ​ទី​៣​ហើយ​ខ្ញុំ​ក៏​មាន​ឱកាស​ធ្វើ​ជា​អ្នក​បង្រៀន​ផ្នែក Java Programming ​ក្នុង​ថ្នាក់​មួយ​»។

​កញ្ញា​បន្ថែម​ថា​៖​«​ខ្ញុំ​ថែម​ទាំង​បាន​ចុះ​កម្មសិក្សា​ផ្នែក​ស្រាវជ្រាវ​ទៅ​លើ​ Java Security ជាមួយ​គ្រូ​ទៀត​ផង​»។

កញ្ញា​ផ្តាំផ្ញើ​ដល់​និស្សិត​ដែល​ចង់​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ឬ​ចង់​ទៅ​សិក្សា​ផ្នែក​នេះ​នៅ​បរទេស​ពង្រឹង​ចំណេះដឹង​ភាសា​អង់គ្លេស​។​កញ្ញា​បន្ដ​ថា​៖ «​ភាគច្រើន​ឯកសារ​និង​ពាក្យ​បច្ចេកទេស​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​»។

ដោយ​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ជម្នះ​នឹង​ចម្ងល់​ខ្លួនឯង​ថា​តើ​ហេតុអ្វី​សិស្ស​ដទៃ​ទៀត​អាច​ទៅ​រៀន​នៅ​បរទេស​បាន​ហើយ​មាន​អ្វី​ដែល​កញ្ញា​ធ្វើ​មិន​បាន​នោះ​។​នៅក្នុង​ឆ្នាំ​ទី​៣​ដដែល​កញ្ញា​ទទួល​បាន​ឱកាស​ទៅ​បន្ត​ក្ដីស្រមៃ​របស់​ខ្លួន​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធ​សិក្សា​ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ឧបសគ្គ​ពីរ​សំខាន់​ៗ​អំឡុង​ពេល​សិក្សា​នៅ​សហរដ្ឋអាមេរិក​គឺជា​ការ​ខិតខំ​សិក្សា​និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​វប្បធម៌​ខុស​ៗ​គ្នា​នៅ​ទី​នោះ​។

កញ្ញា រចនា​បាន​ឲ្យ​ដឹង​ថា​៖​«​ក្នុង​ពេល​សិក្សា​នៅ​ទី​នោះ ខ្ញុំ​ត្រូវ​ខំប្រឹង​ខ្លាំង​ជាង​មុន​ជាពិសេស​ធ្វើការ​ស្រាវជ្រាវ​ច្រើន​ដោយ​ខ្លួនឯង​។​ការ​រៀបចំ​ឥរិយាបថ​ឲ្យ​ស្រប​ទៅ​តាម​វប្បធម៌​របស់​អាមេរិក​គឺជា​កត្ដា​ចម្បង​ផង​ដែរ​។ ​ខ្ញុំ​ត្រូវតែ​ពូកែ​ផ្នែក​ទំនាក់ទំនង​ដើម្បី​កុំ​ឲ្យ​នឹក​ផ្ទះ​»។

គួរ​ឲ្យ​កត់សម្គាល់​ថា​កញ្ញា រចនា​ជា​និស្សិត​ស្រី​ផ្នែក​ព័ត៌មានវិទ្យា​តែ​មួយ​គត់​ចំណោម​និស្សិត​ដទៃ​រយៈពេល​២​ឆមាស​ដែល​កញ្ញា​បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក​។

និស្សិត​ឯករាជ្យ​រូប​នេះ​មាន​មោទនភាព​ណាស់​ចំពោះ​ភាព​លេចធ្លោ​របស់​ខ្លួន​ដោយ​និយាយ​ថា​៖​«​ចំពោះ​ខ្ញុំ​ឧបសគ្គ​ទាំងនោះ​ហើយ​ទើប​អាច​ធ្វើឲ្យ​ខ្ញុំ​លេចធ្លោ​ពីព្រោះ​ខ្ញុំ​អាច​ស៊ូទ្រាំ​ដែល​អ្នក​ដទៃ​ខ្លះ​ធ្វើ​មិន​បាន​»។

លទ្ធផល​របស់​កញ្ញា រចនា ដែល​បាន​ឈាន​ដល់​ទឹកដី​ស៊ីវិល័យ​នោះ​បាន​មកពី​ការ​លើក​ទឹកចិត្ត​ខ្លួនឯង​និង​ចំណង់ចំណូល​ចិត្ត​ពី​ការ​យល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ហើយ​និស្សិត​ស្រី​កម្ពុជា​មួយ​រូប​នេះ​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​បង្កើត ​Software អាជីព​ (Professional Software Developer) នៅ​ថ្ងៃ​អនាគត​។

សម្រាប់​កញ្ញា​បច្ចេកវិទ្យា​គឺជា​ផ្នែក​មួយ​ដែល​មនុស្ស​រាល់​គ្នា​អាច​ចូលរួម​បាន​។​យុវតី​រចនា​បាន​ផ្ដោត​សំខាន់​ថា​៖​«​ខ្ញុំ​ចង់​ជំរុញ​ឲ្យ​និស្សិត​ស្រី​ដូច​ខ្ញុំ ឈប់​ភ័យខ្លាច​ពី​ផ្នែក​នេះ​។​យើង​ត្រូវ​ចេះ​លើក​ទឹកចិត្ត​ខ្លួនឯង​ដើម្បី​ដើរ​ទៅ​មុខ​»៕​

ប្រភព:(PP Post)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

———————————————————————————————————

សិស្សគណិតវិទ្យា

students

សិស្ស​​ ដែល​គ្រោង​ប្រឡង​យក​អាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (សាលា​តិកណូ)​ និង​សាកល​វិទ្យាល័យ​ឯកជន​មួយ​ចំនួន​ កំពុង​តែ​រៀន​ត្រៀម​យ៉ាង​ស្វិតស្វាញ​ហើយ​មើល​ទៅ។ ជា​រៀង​រាល់​ឆ្នាំ​ បេក្ខជន​មួយ​ចំនួន​ ដែល​សុទ្ធ​តែ​ជា​សិស្ស​ពូកែ​ប្រចាំ​ខេត្ត​ក្រុង​នានា​ផង​ បែរ​ជា​បរាជ័យ​លើ​វិញ្ញាសា​តក្ក​វិទ្យា។ ប៉ុន្តែ​អ្នក​ដែល​ចង់​បាន​អាហារូបករណ៍​ល្អ​ៗ​មួយ​ចំនួន​មិន​អាច​គេច​ផុត​ពី​វិញ្ញាសា​នេះ​ឡើយ។​

យុវជន​ ម៉ាណ​ ម៉ៅ​​ អាយុ​២៨​​ ដែល​បាន​ប្រឡង​ធ្លាក់​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៦​ ថ្លែង​ថា​ វិញ្ញាសា​តក្ក​វិទ្យា​នេះ​ពិត​ជា​លំបាក​ ហើយ​ខ្លួន​ពុំ​អាច​ធ្វើ​បាន​សូម្បី​​តែ​មួយ​លំហាត់។ ដោយ​ពុំ​ដឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ត្រង់​ណា​ យុវជន​រូប​នេះ​ថ្លែង​ថា​ ខ្លួន​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ទាយ​​ស្ទើរ​គ្រប់​លំហាត់​តែ​ម្ដង​ តែ​លទ្ធផល​ត្រូវ​បរាជ័យ​ក្នុង​ការ​ប្រឡង​នេះ។

ម៉ៅ​ថា​៖ “តាំង​ពី​រៀន​ថ្នាក់​ទី​មួយ​​រហូត​ដល់​ថ្នាក់​ទី​១២​មក​ ដូច​ជា​គ្មាន​មេរៀន​តក្ក​វិទ្យា​នេះ​សោះ។ ដល់​ពេល​ប្រឡង​ចេញ​អីចេះ​មក​ ខ្ញុំ​​មិន​ដឹង​ដែរ​ ចេះ​តែ​បង្ខំ​ចិត្ត​ធ្វើ​ទៅ”។

ប៉ុន្តែ​​និស្សិត​ឆ្នាំ​ទី​បី​នៃ​សាលា​តិកណូ​ កញ្ញា​ អ៊ឹង​ លីសង់​ អាយុ​២៣​ឆ្នាំ​ ដែល​បាន​ប្រឡង​ជាប់​អាហារូបករណ៍​នេះ​កាល​ពី​ឆ្នាំ​២០១០​ ក៏​យល់​ស្រប​ថា​ វិញ្ញាសា​តក្ក​វិទ្យា​នេះ​គឺ​លំបាក​ដែរ​ ប៉ុន្តែ​កញ្ញា​ថា​ ខ្លួន​បាន​យក​ឯកសារ​វិញ្ញាសា​តក្ក​វិទ្យា​ចាស់​ៗ​របស់​មិត្តភ័ក្ដិ​មក​មើល​ ដូច្នេះ​អាច​ធ្វើ​បាន​ខ្លះ។

កញ្ញា​ឲ្យ​យោបល់​ថា៖​ “បេក្ខជន​ដែល​ត្រៀម​ប្រឡង​ចូល​តិកណូ​ គួរ​តែ​ស្វែង​រក​វិញ្ញាសា​ចាស់​ៗ​អំពី​តក្ក​វិទ្យា​នេះ​​មក​មើល​ឲ្យ​ច្រើន​ ដូច្នេះ​ខ្ញុំ​គិត​ថា​ គេ​នឹង​អាច​ធ្វើ​លំហាត់​ទាំង​នោះ​បាន​ខ្លះ​មិន​ខាន”។

លោក​ ជ័យ​ ថាវី​ ម្ចាស់​សាលា​បង្រៀន​គួរ​​ត្រៀម​ ជ័យ​ ថាវី​ ដ៏​ល្បី​ប្រចាំ​ស្រុក​ខ្មែរ​ ថ្លែង​ថា​​ តក្ក​វិទ្យា​​​នេះ​មាន​បង្រៀន​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា​នៅ​ថ្នាក់​ទី​១០​ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា​ មេរៀន​តក្ក​នោះ​នៅ​មាន​កម្រិត​ស្រាល​ៗ​នៅ​ឡើយ​​ ខណៈ​តក្ក​វិទ្យា​​ចេញ​ពេល​ប្រឡង​យក​អាហារូបករណ៍​នានា​មាន​ភាព​លំបាក​គ្រាន់​បើ។

លោក​ថា៖ “តក្ក​វិទ្យា​នេះ​គឺ​សំខាន់​ណាស់។ គេ​ប្រើ​ប្រាស់​សម្រាប់​វិភាគ​ ថ្លឹង​ថ្លែង​រក​ភាព​ពិត​ និង​មិន​ពិត​ ដែល​ភាសា​បារាំង​ហៅ​ថា​ ឡូសិក​នោះ។ នៅ​ក្នុង​ផ្នែក​ទស្សន​វិទ្យា​ គឺ​មាន​រៀន​តក្ក​វិទ្យា​នេះ​នៅ​ក្នុង​ជំនាញ​នោះ​ ហើយ​អ្នក​ដឹក​នាំ​ខ្លះ​ គឺ​ត្រូវ​មាន​ឡូសិក​​នេះ​ក្នុង​ខ្លួន​តែ​ម្ដង”។

លោក​​បន្ថែម​ថា​ សម្រាប់​វិញ្ញាសា​តក្ក​វិទ្យា​នេះ​អាច​ចេញ​ជា​អក្សរ​ ជា​លេខ​ ជា​រូប​ ឬ​ជា​ការ​គណនា​ ក្នុង​ទម្រង់​ជា​ Q.C.M។ បេក្ខជន​ដែល​ត្រូវ​ប្រឡង​​​យក​អាហារូបករណ៍​សាលា​ណា​ គួរ​ទៅ​សាលា​​នោះ​ផ្ទាល់​ ដើម្បី​សួរ​នាំ​ឲ្យ​បាន​ច្បាស់​អំពី​របៀប​នៃ​ការ​ចេញ​វិញ្ញាសា​តក្ក​វិទ្យា​របស់​គេ។

លោក​ថា​ ឥឡូវ​នេះ ​សិស្ស​​ចំនួន​​៥០០០​នាក់​ ដែល​កំពុង​សិក្សា​ត្រៀម​ប្រឡង​យក​អាហារូបករណ៍​នានា​ នៅ​សាលា​របស់​លោក​ក្នុង​​មួយ​ថ្ងៃ​ៗ​ ក៏​មាន​រៀន​មុខ​វិជ្ជា​តក្ក​នេះ​ដែរ​នៅ​ក្នុង​ថ្នាក់​ខ្លះ។

ម្ចាស់​ប្លុក​ប្រមូល​ផ្ដុំ​វិញ្ញាសា​ប្រឡង​បាក់ឌុប, ​អាហារូបករណ៍​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ​​Cambomath​ លោក​ គឹម ចាន់​ បាន​ឲ្យ​ដឹង​ថា​ តក្ក​វិទ្យា​នេះ​គឺ​ជា​វិញ្ញាសា​សម្រាប់​ធ្វើ​តេស្ត​ភាព​វ័យ​ឆ្លាត​របស់​មនុស្ស​ មិន​ខុស​អ្វី​ពី​តេស្ត​ភាព​វ័យ​ឆ្លាត​ខ្នាត​អន្តរជាតិ​IQ​នោះ​ទេ។

លោក​ថា៖ “តក្ក​វិទ្យា​នេះ​សំខាន់​ណាស់។ ក្រុម​ហ៊ុន​មួយ​ចំនួន​តែង​ធ្វើ​តេស្ត​IQ​នេះ​ នៅ​ពេល​ជ្រើស​រើស​បុគ្គលិក​ ពី​ព្រោះ​គេ​ចង់​បាន​មនុស្ស​ដែល​មាន​ភាព​វ័យ​ឆ្លាត។ ចំណែក​អាហារូបករណ៍​ខ្លះ​​ក៏​មាន​ធ្វើ​តេស្ត​តក្ក​វិទ្យា​នេះ​ដែរ”។

អ្នក​ឯកទេស​សិក្សា​លើ​​វិញ្ញាសា​ស្ទើរ​គ្រប់​ប្រភេទ​រូប​នេះ​ពន្យល់​អំពី​វិញ្ញាសា​តក្ក​វិទ្យា​ពីរ​ប្រភេទ​ខាង​ក្រោម៖

តក្ក​ជា​លេខ​​
-ឧទាហរណ៍​ 9 = 4, 21 = 9, 22 = 9, 24 = 10, 8 = 5, 7 = 5, 99 = 10, 100 = 7, 16 = ?, 17 = ? ​

លោក​ថា​ បើ​សិន​គេ​ឆ្លាត​ គេ​អាច​គិត​ទៅ​ដល់​៩​ជា​ភាសា​អង់គ្លេស​ NINE ​មាន​៤​អក្សរ​, ហើយ​ ២១​ជា​ភាសា​អង់គ្លេស ​TWENTY-ONE​ មាន​៩​អក្សរ។ វា​មាន​លក្ខណៈ​ឡូសិក​បន្តិច​ហើយ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ច្បាស់​ជាង​នេះ​ទៀត​ គេ​ត្រូវ​មើល​សម្មតិកម្ម​បន្ទាប់​ទៀត ​២៤​ជា​ភាសា​អង់គ្លេស​ TWENTY-FOUR​ មាន​១០​អក្សរ ​​ដូច្នេះ​គឺ​វា​ត្រឹម​ត្រូវ​ណាស់​ថា​ គេ​យក​លេខ​តំណាង​​ចំនួន​អក្សរ​ជា​ភាសា​អង់គ្លេស​មក​ធ្វើ​ការ​តេស្ត​ភាព​វ័យ​ឆ្លាត។

លោក​ថា​ ពេល​នេះ​គេ​អាច​រក​ចម្លើយ​ឃើញ​ថា​ ១៧​ស្នើ​នឹង​អ្វី​បាន​ហើយ​ ដោយ​គ្រាន់​តែ​សរសេរ​១៧​ ​ជា​ភាសា​អង់គ្លេស​ SEVENTEEN ​ហើយ​រាប់​វា​ នោះ​គេ​នឹង​រក​ឃើញ​ថា​ មាន​៩​មិន​ខាន។

ប្រភព:(សប្បាយ)

(SSK Promotion: ចំណូលចិត្តចូលរួមចែករំលែក សំរាប់រីកចំរើនទាំងអស់គ្នា)

Facebookgoogle_pluslinkedinmailby feather

Leave a Reply